សន្ដិសុខសង្គម

អភិបាលខេត្តព្រះសីហនុចុះពិនិត្យសារធាតុញៀនដែលបង្ក្រាបបានជាង៥គីឡូក្រាម

ដោយ៖សហការី

ព្រះសីហនុ៖ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ វិច្ឆិកា បានចុះពិនិត្យម្ស៉ៅក្រាមពណ៌សរាប់រយកញ្ចប់សង្ស័យថាជាសារធាតុញៀនមានទម្ងន់ប្រហាក់ប្រហែលជាង៥គីឡូក្រាមដែលសមត្ថកិច្ចឆែកឆេរនិងរកឃើញ នៅក្នុងបន្ទប់នៃសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ។

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាថ្មីៗកន្លងមកនេះកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ដឹកនាំដោយលោក សោម សេន អភិបាលរងក្រុងបានឃាតខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់នៅក្រុងព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលកំពុងឃាត់ខ្លួននោះក៏មានជនជាតិចិនម្នាក់ទៀតមកសួរនាំដោយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់នោះបន្ថែមទៀតហើយបានត្រួតពិនិត្យតាមរយៈទូរសព្ទដៃក៏បានដឹងថាជនជាតិចិនទាំង២នាក់នោះជាមិត្តភក្តិនឹងគ្នាហើយស្នាក់នៅសណ្ឋាគារ Brown Hotelក្នុងក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុចុះពិនិត្យសារធាតុញៀ់នដែលសមត្ថកិច្ចបង្ក្រាបបាន

សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់មកសមត្ថកិច្ចក៏បានទៅឆែកឆេរបន្ទប់ជនសង្ស័យទាំង២នាក់ដែលស្នាក់នៅសណ្ឋាគារក៏បានរកឃើញសារធាតុញៀននិងវត្ថុតាងជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនមួយចំនួនទៀត។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានលើកទឹកចិត្តចំពោះកម្លាំងសមត្ថកិច្ចដែលខិតខំបង្ក្រាបបាននូវសាធាតុញៀនខុសច្បាប់និងឃាត់ខ្លួនជនសង្ស័យ។ ទន្ទឹមនឹងនោះឯកឧត្តមគួច ចំរើន ក៏បានជំរុញឲ្យសមត្ថកិច្ចទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងការងាររបស់ខ្លួនក្នុ្ងការស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀននេះឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

អភិបាលខេត្តព្រះសីហនុផ្តល់ការលើកទឹកចិត្តដល់សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ