អន្តរជាតិ

វៀតណាមជំរុញការប្រឆាំងអំពើពុករលួយក្នុងរយៈពេលវែងបន្ទាប់ពីផ្ទុះរឿងអាស្រូវក្នុងវិស័យអចលនទ្រព្យ

ប្រែសម្រួល៖សហការី

មេដឹកនាំកំពូលរបស់វៀតណាមបានប្តេជ្ញាបន្តយុទ្ធនាការបំបាត់អំពើពុករលួយ “រយៈពេលវែង” ដែលកន្លងមកអំពើពុករលួយបានជះឥទ្ធិពលដ៏អវិជ្ជមានដល់សេដ្ឋកិច្ចវៀតណាមនៅក្រោយពេលដែលមន្ត្រីប៉ូលិសបានបង្ហាញនូវរបាយការណ៏ដ៏អាក្រក់ក្នុងវិស័យហិរញ្ញវត្ថុដែលជាប់ពាក់ព័ន្ធនឹងអាជីវកម្មអចលនទ្រព្យមានតម្លៃលើសពី ៣ ភាគរយនៃប្រាក់ចំណូលសរុបរបស់ផលិតផលក្នុងស្រុក។

យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ ២០១៦ ដែលទើបនឹងមានសន្ទុះខ្លាំងកាលពីឆ្នាំមុនក្រោយពេលដែលអាជ្ញាធរវៀតណាមគ្រប់គ្រងដោយបក្សកុម្មុយនិស្តបានបង្រ្កាបករណីក្លែងបន្លំកេងប្រវ័ញ្ញថវិការរដ្ឋដែលជាអំពើពុករលួយដ៏ល្បីល្បាញខ្លាំងជាងគេពាក់ព័ន្ធនឹងនាយកប្រតិបត្តិសាជីវកម្មកំពូលៗជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋ។

កាលពីថ្ងៃពុធទី២២ វិច្ឆិកា លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមបាននិយាយលើបណ្តាញផ្សព្វផ្សាយរដ្ឋថា “ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយត្រូវបេ្តជ្ញាធ្វើឲ្យបានលឿនហើយឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត”។

លោក​បាន​បន្ត​ថា​៖ “ យើង​នឹង​មិន​ឈប់​នៅ​ត្រឹមនេះ​ទេគឺត្រូវ​បន្ត​សម្រាប់រយៈពេល​វែងទៅមុខទៀត​” ។

លោក Trong បានធ្វើការកត់សម្គាល់លើការប្រកាសលទ្ធផលស៊ើបអង្កេតរយៈពេលជាច្រើនខែលើរឿងអាស្រូវហិរញ្ញវត្ថុចំនួនពីររបស់ប៉ូលិសដែលបានបង្ហាញជាលើកដំបូងអំពីទំហំទឹកប្រាក់ដែលបានកេងប្រវញ្ញក្លែងបន្លំមានតម្លៃសរុបចំនួន ១២.៨ ពាន់លានដុល្លារអាមេរិក ឬ ស្មើនឹង ៣.២ ភាគរយនៃផលិតផលសរុបក្នុងស្រុក។

បើយោងតាមលទ្ធផលនៃការស៊ើបអង្កេតលើសំណុំរឿងដែលពាក់ព័ន្ធនឹង លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហៅថា Van Thinh Phat Holdings Group និងបក្ខពួករបស់នាងបានបង្ហាញថាមានការកិបកេងប្រាក់ចំនួន ៣០៤ ពាន់ពាន់លានដុង ស្មើរនឹង ១២.៥៤ ពាន់លានដុល្លារអាមេរិក ពីធនាគារ Saigon Joint Stock Commercial Bank នេះ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យសំណុំរឿងនេះគឺជារឿងអាស្រូវដ៏ធំបំផុតមួយ។

ករណីនេះត្រូវបានចេញផ្សាយជាសាធារណៈនៅពេលដែលលោកស្រី Lan ត្រូវបានចាប់ខ្លួនកាលពីខែតុលាឆ្នាំមុន ដែលបង្កឲ្យមានវិបត្តិអចលនទ្រព្យនៅលើទីផ្សារមូលបត្របំណុលសាជីវកម្ម ដែលនាងត្រូវបានគេចោទប្រកាន់ថាបានធ្វើផ្ទុយនឹងច្បាប់ហិរញ្ញវត្ថុ។

ការបង្កើនយុទ្ធនាការប្រឆាំងអំពើពុករលួយដែលគេទទួលស្គាល់ថាជា “ដុំភ្លើងកំពុងឆាបឆេះ” ក៏ដូចគ្នានិងយុទ្ធនាការដ៏ក្តៅគគុកនៅក្នុងប្រទេសចិនដែលជាប្រទេសជិតខាងរបស់វៀតណាមដែលគេមើលឃើញថាបានធ្វើឲ្យមានផលប៉ះពាល់ជាអវិជ្ជមានផ្នែកសេដ្ឋកិច្ចដោយសារឿងអាស្រូវទាំងនេះហើយក៏អោយប៉ះពាល់ដល់កិច្ចប្រតិបត្តិការប្រចាំថ្ងៃក្នុងលក្ខណ្ឌជាច្រើនខណៈដែលពួកមន្ត្រីៗមួយចំនួនមានការភ័យខ្លាចថាមានជាប់ពាក់ព័ន្ធនៅក្រោយពេលដែកមានការស៊ើបអង្កេត។

ទឹកប្រាក់ក្នុងហំដ៏ធំដែលបានមកពីការក្លែងបន្លំដែលមិនត្រូវបានគេដឹងរហូតមកទល់នឹងពេលនេះដែលបានបង្កឲ្យមានការព្រួយបារម្ភនៅក្នុងចំណោមអ្នកជំនាញលើវិស័យហិរញ្ញវត្ថុដែលអាចមានការប៉ះពាល់ដល់កិច្ចប្រតិបត្តការរបស់ធនាគារវៀតណាម។

ក្រុមហ៊ុន JP Morgan Research បាននិយាយថាទំហំនៃរឿងអាស្រូវនេះអាចនាំឲ្យមានការអនុវត្តយ៉ាងតឹងរ៉ឹងនៃច្បាប់ហិរញ្ញវត្ថុ ដែលនាំឲ្យមានការចំណាយខ្ពស់សម្រាប់អ្នកផ្តល់ប្រាក់កម្ចី ខណៈពេលដែលសក្តានុពលនៃកំណើនមានសភាពយឺត។

ធនាគារអភិវឌ្ឍន៍អាស៊ីបានព្រមានកាលពីខែកញ្ញាអំពីការរីករាលដាលនៃវិបត្តិអចលនទ្រព្យដែលជាសក្តានុពលអវិជ្ជមានលើវិស័យធនាគារខណៈដែលសមាមាត្រនៃប្រាក់កម្ចីមិនដំណើរការមានការកើនឡើងកាន់តែខ្លាំងថែមទៀតហួសពីការរំពឹងទុក។

ទីភ្នាក់ងារវាយតម្លៃសហកម្មសិទ្ធិរបស់ក្រុមហ៊ុន Moody’s បាននិយាយកាលពីថ្ងៃពុធថា អ្នកអភិវឌ្ឍអចលនទ្រព្យដែលបានចុះបញ្ជីនៅវៀតណាមកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងក្នុងការសងបំណុលដ៏ធំរបស់ពួកគេ ខណៈដែលប្រាក់ចំណេញត្រូវបានធ្លាក់ចុះ ហើយទុនបម្រុងសាច់ប្រាក់របស់ពួកគេក៏បានធ្លាក់ចុះក្នុងកម្រិតទាបបំផុតនៅក្នុងរយៈពេលជាង ៥ ឆ្នាំកន្លងមក។

កាលពីល្ងាចថ្ងៃពុធនៅក្នុងសំណុំរឿងដ៏អាស្រូវដែលមិនមានជាប់ពាក់ព័ន្ធ ត្រូវបានប៉ូលិសធ្វើការចោទប្រកាន់ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Tan Hoang Minh Group ថាបានរៃអង្គាសប្រាក់ដោយខុសច្បាប់ចំនួន ៨.៦ ពាន់ពាន់លានដុងពីការចេញមូលបត្របំណុលដល់វិនិយោគិនចំនួន ៦,៦០០ ហើយក៏មានក្នុងរបាយការណ៏ដែលបានបង្ហាញជាមួយគ្នានឹងរឿងអាស្រូវដែលមាននៅក្នុងរបាយរាយការណ៍ពីមុនមកផងដែរ៕

ប្រភព៖ Reuters