ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ដឹកនាំប្រតិភូទៅទស្សនកិច្ចឈ្វេងយល់ពីសហគមន៍តំបន់ការពារព្រៃកោងកាងខេត្តកោះកុង

ដោយ៖សុខុម

កោះកុង៖ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៣បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ទៅ ធ្វើទស្សនកិច្ចនៅសហគមន៍តំបន់ការពារពាមក្រសោប ដែលជាតំបន់ព្រៃកោងកាងដ៏ធំរបស់ប្រទេសកម្ពុជា ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្នុងដំណើរទស្សនកិច្ចនេះផ្ដោតជាសំខាន់ដើម្បីឈ្វេងយល់ពីសក្តានុពល និងបញ្ហាប្រឈមនានាក្នុងសហគមន៍ ។ម្យ៉ាងវិញទៀតក៏ដើម្បីជំរុញដំណើរអភិវឌ្ឍសហគមន៍ឲ្យកាន់តែមានភាពទាក់ទាញ សុវត្ថិភាព និងបៃតង។នៅពេលសហគមន៍រៀបចំកាន់តែទាក់ទាញចំណាប់អារម្មណ៍ខ្លាំងនោះភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងទស្សនាកាន់តែច្រើន ។

ក្នុងពេលដំណើរទស្សនកិច្ច ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញទស្សនាព្រៃកោងកាង ឆ្នេរខ្សាច់ និងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសហគមន៍ ដូចជាមណ្ឌលព័ត៌មាន កន្លែងកែច្នៃផលិតផលសហគមន៍ ចំណតឡាន និងបន្ទប់ទឹកសាធារណជាដើម៕