អន្តរជាតិ

មេដឹកនាំផ្តាច់ការកូរ៉េខាងជើង Kim Jong Un ថាការបាញ់បង្ហោះផ្កាយរណប គឺជាការអនុវត្តសិទ្ធិការពារខ្លួន

ប្រែសម្រួល៖សហការី

លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើងបាននិយាយថា ការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាក្នុងពេលថ្មីៗនេះគឺជាការប្រើសិទ្ធិផ្ទាល់ខ្លួនរបស់ប្រទេសក្នុងគោលដៅការពារខ្លួន។ តែកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងព្រឹត្តិការណ៍ប្រារព្ធពិធីអបអរសាទរការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធារបស់ខ្លួនក្រុងព្យុងយ៉ាងបានអួតអាងពីសមត្ថភាពមីស៊ិលផ្លោងរបស់ខ្លួនថាកូរ៉េខាងជើងអាចវាយប្រហារនៅគ្រប់ទីកន្លែងក្នុងពិភពលោក។

កាលពីថ្ងៃអង្គារទី ២១ ខែវិច្ឆិកាកូរ៉េខាងជើងបាននិយាយថាខ្លួនបានបង្ហោះផ្កាយរណបចារកម្មយោធាដំបូងបង្អស់របស់ខ្លួននៅក្នុងគន្លងតារាវិថីបានដោយជោគជ័យហើយបានធ្វើការថ្កោលទោសសហគមន៏អន្តរជាតិដែលបានចោទប្រកាន់មកលើកូរ៉េខាងជើងថាបានរំលោភលើសចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលរារាំងមិនឲ្យកូរ៉េខាងជើងប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនដើម្បីបង្កើតកម្មវិធីផលិតមីស៊ីលផ្លោងទាំងនេះ។

សារព័ត៌មាន KCNA បានរាយការណ៍ថា លោក Kim បានទៅពិនិត្យមជ្ឈមណ្ឌលបច្ចេកវិទ្យាអវកាសរបស់ខ្លួនដើម្បីអបអរសាទរដល់អ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកទេសអវកាសរបស់ខ្លួន ហើយបាននិយាយថា ការបាញ់បង្ហោះកាលពីថ្ងៃអង្គារនេះគឺជា “ព្រឹត្តិការណ៍មួយធ្វើឲ្យពិភពលោកបើកភ្នែកមើលចលនាប្រឆាំងរបស់កូរ៉េខាងជើង” ដែលក្លាហានក្នុងការប្រឈមមុខនឹងកងកម្លាំងអរិភាពដែលតែងតែប៉ុនប៉ងឈ្លានពានកូរ៉េខាងជើង។

សារព័ត៌មាន KCNA បានបន្តថា “លោក គិម បានសង្កត់ធ្ងន់ថា ការបង្កើតផ្កាយរណបឈ្លបយកការណ៍យោធារបស់កូរ៉េខាងជើង គឺជាការអនុវត្តសិទ្ធិការពារខ្លួនយ៉ាងពេញលេញដែលកងកម្លាំងកូរ៉េខាងជើងមិនអាចទទួលយកនូវការរារាំងណាមួយឬសម្ពាធណាមួយដែលធ្វើឲ្យកូរ៉េខាងជើងបញ្ឈប់កម្មវិធីនេះសូម្បីតែបន្តិច” ។

កាលពីថ្ងៃព្រហស្បតិ៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានរៀបចំពិធីអបអរសាទរការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាដែលក្នុងខណ:ពេលនោះ លោក នាយករដ្ឋមន្ត្រី Kim Tok Hun បានថ្លែងថាផ្កាយរណបឈ្លបយកការណ៍យោធានឹងជួយអភិវឌ្ឍសមត្ថភាពកងយោធាកូរ៉េខាងជើងឲ្យក្លាយទៅជា “កងទ័ពដ៏ល្អបំផុតក្នុងពិភពលោកដែលមានសមត្ថភាពអាចវាយប្រហារពិភពលោកទាំងមូលបាន” ។

ការបាញ់បង្ហោះផ្កាយរណបយោធានៅក្នុងសប្តាហ៍នេះ គឺជាការប្រឹងប្រែងជាលើកទីបីរបស់កូរ៉េខាងជើងនៅក្នុងឆ្នាំនេះ បន្ទាប់ពីរងការបរាជ័យចំនួនពីរលើករួចមកនៅក្រោយដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់ប្រទេសរុស្ស៊ីកាលពីខែកញ្ញាដែលក្នុងអំឡុងពេលនោះលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញាថានឹងជួយក្រុងព្យុងយ៉ាងក្នុងការបង្កើតផ្កាយរណបចារកម្មយោធាឲ្យបានសម្រេចដូចបំណង។

មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ការបាញ់បង្ហោះជាលើកចុងក្រោយនេះទំនងជាមានការពាក់ព័ន្ធនឹងជំនួយបច្ចេកទេសរបស់រុស្ស៊ី ក្រោមភាពជាដៃគូដែលកំពុងរីកចម្រើនកាន់តែខ្លាំងឡើងដែលគេបានដាក់ការសង្ស័យថាក្រុងព្យុងយ៉ាងកំពុងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំរាប់លានគ្រាប់គ្រាប់ដល់ប្រទេសរុស្ស៊ី។

រុស្ស៊ី និងកូរ៉េខាងជើងបានបដិសេធកិច្ចព្រមព្រៀងសព្វាវុធ ប៉ុន្តែបានសន្យាធ្វើកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។

កូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ផ្កាយរណបចារកម្មយោធារបស់កូរ៉េខាងជើង ត្រូវបានគេជឿថា បានហោះចូលគន្លងតារាវិថីបានដោយជោគជ័យក៏ប៉ុន្តែវានៅត្រូវការពេលវេលាដើម្បីធ្វើវាយតម្លៃថាតើវាមានដំណើរការជាធម្មតាឬមួយយ៉ាងណា៕

ប្រភព៖ Reuters