សន្ដិសុខសង្គម

បញ្ឈរជើងមេប៉ុស្តិ៍ដែលបានអុកឡុកក្រុមល្ខោនបាសាក់បង្កឲ្យផ្ទុះការរិះគន់ពេញបណ្តាញសង្គម

ដោយ៖សុខុម

ក្រចេះ៖នៅទីបំផុត ស្នងការរដ្ឋាននគរបាលខេត្តក្រចេះបានសម្រេចព្យួរតួនាទីភារកិច្ចលោកមេប៉ុស្តិ៍ឃុំស្រែចា ស្រុកស្នួលខេត្តក្រចេះ​ បន្ទាប់ពីគាត់បានប្រើតួនាទីរបស់ខ្លួនទៅអុកឡុករំខានដល់ការសម្តែងរបស់ក្រុមល្ខោនបាសាក់បណ្តាលឲ្យផ្ទុះការរិះគន់ពីមួយទៅមួយពេញបណ្តាញសង្គមនោះរួចមក។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានក្រុមល្ខោនបាសាក់មួយត្រូវបានគេជួលឲ្យទៅសម្តែងនៅក្នុងកម្មវិធីបុណ្យកឋិនទាននៅក្នុងបរិវេណវត្តក្នុងភូមិអូរលុង ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះចំនួន៣យប់។

នៅយប់ថ្ងៃទី៣ពេលដែលមានប្រជាពលរដ្ឋកំពុងតែចូលរួមទស្សនាកម្សាន្តសប្បាយរីករាយច្រើនកុះករមើលការសម្ដែងរបស់ល្ខោនបាសាក់ក៏ស្រាប់តែលេចមុខលោកមេប៉ុស្តិ៍នគរបាលឃុំស្រែចាឡើងលើឆាកកាន់ក្បាលមេក្រូពាក់ឯកសណ្ឋាននគរបាលទំនងដូចជាស្រវឹងផងបាននិយាយសុំពិនិត្យរកលិខិតអនុញ្ញាតសម្តែងល្ខោនពីក្រុមល្ខោនបាសាក់នោះ។

ខណៈពេលនោះអ្នកដឹកនាំវង់ល្ខោនបាសាក់ បានប្រតិកម្មតបទៅលោកមេប៉ុស្តិ៍ហើយមហាជនបានរិះគន់យ៉ាងខ្លាំងតបទៅនឹងមេឃប៉ុស្តិ៍រូបនោះដែលបានទៅរំខានពួកគេ។មានអ្នកខ្លះទៀតដែលបានឃើញពីព្រឹត្តិការណ៍នេះក៏បាននាំគ្នាទាញទូសព្ទដៃផ្តិតយករូបភានេះបង្ហោះចែករំលែកនៅតាមបណ្តាញសង្គមពីមួយទៅមួយល្បីពេញប្រទេសរហូតទៅដល់ខ្មែរនៅក្រៅប្រទេសក៏បានដឹងពីរឿងនេះដែរ។

ដោយទំនងជាអត់ទ្រាំនឹងការរិះគន់ពីមហាជនមិនបាន ក្រោយមកស្នងការដ្ឋាននគរបាលខេត្តក្រចេះក៏បានបំភ្លឺទាក់ទងនឹងលោកមេប៉ុស្តិ៍ខាងលើនេះ ហើយបញ្ជាក់ថា បានចាត់ក្រុមប្រឹក្សាវិន័យឲ្យព្យួរតួនាទីលោកមេប៉ុស្តិ៍ស្រែចានោះជាបណ្ដោះអាសន្នហើយដើម្បីចាត់ការទៅតាមនីតិវិធីបន្ត៕