ព័ត៌មានជាតិ

រាជរដ្ឋាភិបាលជ្រើសរើសយុវជនគ្រួសារក្រីក្រមួយលានប្រាំសែននាក់ដើម្បីបណ្តុះបណ្តាលជំនាញជិត៤០មុខ

ដោយ៖ គង់ហេង

កំពង់ចាម៖ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដោយបានសម្រេចជ្រើសរើសយុវជនប្រមាណ មួយលានប្រាំសែន នាក់ទូទាំងប្រទេស បណ្តុះបណ្តាលជំនាញចំនួន ៣៨ មុខ លើវិស័យធំៗ ចំនួន ១០។ នេះបើតាមការថ្លែងឱ្យដឹងពីលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមនៅថ្ងៃទី ២៤ វិច្ឆិកានេះ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានរៀបចំឡើងនៅក្នុងសាលាខេត្តកំពង់ចាម របស់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តនេះ លោកអភិបាលខេត្តកំពង់ចាមបានគូសបញ្ជាក់ថា ដោយឡែក នៅវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាមនឹងត្រៀមរៀបចំបណ្តុះបណ្តាលយុវជនយើងនៅលើជំនាញចំនួន ៧ និងផ្តល់ការសិក្សាដល់ យុវជនចំនួន ៤២០នាក់។

លោកបានបន្ថែមថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាល  វិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន សូមដាក់ចេញនូវការណែនាំដល់លោកអភិបាល ក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងអ្នកពាក់ព័ន្ធ៖ ១.ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ ផ្សព្វផ្សាយឱ្យបានទូលំ ទូលាយ ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ អំពីឱកាសបណ្តុះបណ្តាល និងចុះឈ្មោះរៀនកម្មវិធីនេះ។ ២- ត្រូវធ្វើការផ្សព្វផ្សាយមាតាបិតាអាណាព្យាបាល យុវជននៃគ្រួសារក្រីក្រ គ្រួសារងាយ រងហានិភ័យជួយជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សមាជិក គ្រួសាររបស់ខ្លួន ឱ្យមកចុះឈ្មោះចូលរៀន មករៀនឱ្យបានទៀតទាត់ និងឱ្យចប់វគ្គ បណ្តុះបណ្តាល ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចទទួលបាន ការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូល។ ៣- ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឲ្យគ្រប់ទម្រង់ និងរូបភាពឲ្យកាន់តែទូលំទូលាយ ដល់ ក្រុមគោលដៅ ដើម្បីឲ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមានការយល់ដឹង និងចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ។ ៤- វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ត្រូវបង្កើតមានយន្តការតាមដានត្រួតពិនិត្យ និងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការងារផ្សាព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព។ ៥- វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ត្រូវសហការជាមួយវិស័យឯកជន ដើម្បីផ្ដល់ឱកាសដល់រោងចក្រសហគ្រាស ឬក្រុមហ៊ុនដែលមានតម្រូវការចាំបាច់ក្នុងការបណ្តុះ បណ្តាលកម្មករនិយោជិតរបស់ខ្លួនក្នុងចំនួនច្រើន។ ៦- វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក៏ត្រូវតែគ្រប់គ្រងវត្តមានរបស់សិស្សឱ្យបានល្អ និងធានាបាននូវការប្រឡងប្រជែងបញ្ចប់វគ្គនីមួយៗ ប្រកបដោយតម្លាភាព គុណភាព និងប្រសិទ្ធភាព។

លោកបានបន្តថា ក្នុងនោះយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលទទួលបានការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានា នឹងទទួលបានអត្ថប្រយោជន៍ ចំនួនប្រាំពីរ យ៉ាងពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះ៖ ១-សិក្សាដោយមិនបង់ថ្លៃឯកជន,២-ទទួលបានប្រាក់ឧបត្ថមប្រចាំខែចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ ដោយសិក្សាពេញម៉ោង ,៣-ផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ៤-ទទួលបានការចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុន,៥-ទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈមួយ និងឱកាសបន្តការសិក្សា,៦-ទទួលបានជំនាញមួយពិតប្រាកដ ដែលទីផ្សារការងារកំពុងត្រូវការ, ៧-មានឱកាសទទួលបានការងារសមរម្យ និងចំណូលទៀងទាត់៕