សន្ដិសុខសង្គម

រថយន្តដឹកកម្មករបុកជាមួយ រថយន្តទំនើបបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់

ដោយ៖វិចិត្រ
ស្វាយរៀង៖រថយន្តទំនើប បានបុកជាមួយរថយន្តដឹកកម្មករបណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា។

មន្ត្រីនគរបាលបានឱ្យដឹងថា ភាគីខាងរថយន្តទំនើបម៉ាកតូយូតា អាល់ហ្វាតផ្លាកលេខ ភ្នំពេញ2BX-8121 បានស្លាប់ឈ្មោះ តូច សំណាង អាយុ៤០ឆ្នាំនៅឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ស្នាក់នៅបណ្តោះអាសន្នភូមិទំពាំងសំព័រ សង្កាត់គោករកា ខណ្ឌព្រែកព្នៅភ្នំពេញ។ចំណែកអ្នកបើករថយន្តដឹកកម្មករកម្ម មិនទាន់ស្គាល់អត្តសញ្ញាណ ដោយភ្លាមៗបានគេចខ្លួនបាត់។

រីឯអ្នករងរបួសឈ្មោះ ប្រាក់ស្រីណេត អាយុ២៥ឆ្នាំ ជាកម្មការិនីរោងចក្រ នៅភូមិអង្គាដី ឃុំតាសួស ស្រុកស្វាយជ្រំ។បុរសឈ្មោះម៉ៅ វិរៈ អាយុ២៨ឆ្នាំជាកម្មកររោងចក្រ នៅភូមិថ្មស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យ និងវាស់វែងហើយយករថយន្តទាំង២គ្រឿងទៅទុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីបន្តនីតិវិធី។ចំណែកសពផ្នែកជំនាញស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕