សន្ដិសុខសង្គម

មានអ្នកកំពុងរត់ការដោះលែងជនសង្ស័យលួចឆក់ត្រី២នាក់នៅក្បែរតំបន់អន្លង់ផ្សោតកាំពី

ដោយ៖រតនា

ភ្នំពេញ៖ មានព័ត៌មានមកថា មានមនុស្សមួយចំនួនកំពុងតែរត់ការខ្វែងដៃខ្វែងជើង ដើម្បីដោះលែងជនសង្ស័យពីរនាក់ដែលសមត្ថកិច្ចចាប់ខ្លួនពីបទល្មើសលួចឆក់ត្រីនៅក្បែរអន្លង់ផ្សោតកាំពី ក្នុងភូមិសាស្រ្តឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះចេញពីពន្ធនាគារ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី ១៩ ខែវិច្ឆិកា កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាមួយខណ្ឌរដ្ឋបាលជលផលក្រចេះ បានចុះល្បាត និងត្រួតពិនិត្យបទល្មើសជលផល នៅតំបន់ថ្មគ្រែ ខាងក្រោមអន្លង់ផ្សោតកាំពី រហូតដល់ឃុំកោះទ្រង់ បានឃើញជនល្មើសលួច ឆក់ត្រី ហើយកម្លាំងសមត្ថកិច្ចបានដេញចាប់បានជនសង្ស័យពីរនាក់ និងវត្ថុងតាង នៅចំណុចក្បាលកោះច្រែង ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ ម៉ែន អាយុ ៤៥ ឆ្នាំនៅភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសម្បូរ ខេត្តក្រចេះ និងឈ្មោះ ធុ លី អាយុ ៤៨ ឆ្នាំ នៅភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ រួមជាមួយវត្ថុតាង រួចមកត្រូវបានជំនាញកសាងសំណុំរឿងបញ្ជួនទៅតុលាការខេត្តក្រចេះនៅរសៀលថ្ងៃទី ២០ វិច្ឆិកា។

នៅចន្លោះពេល នៃការឃុំខ្លួនបណ្តោះអាសន្នរបស់តុលាការខេត្តក្រចេះ គេបានលួចបង្ហើបឲ្យដឹងថា មាន ភាគីជនសង្ស័យទាំងពីរនាក់បានត្រៀមលុយជាច្រើនពាន់ដុល្លារសម្រាប់ រត់ការខ្វែងដៃខ្វែងជើង ដើម្បីឱ្យតុលាការដោះលែងជនសង្ស័យទាំងពីរនាក់នោះបានចេញពីពន្ធនាគារ។

ប្រជាពលរដ្ឋជាពិសេសប្រជានេសាទភាគច្រើនបាននិយាយថា តុលាការមិនត្រូវដោះលែងជនទាំងនោះឲ្យរួចខ្លួនទេប្រសិនបើរកឃើញថាជនសង្ស័យទាំង២នាក់ពិតជាបានប្រព្រឹត្តបទល្មើសនេសាទដូចការចោទប្រកាន់មែននោះ។ជនល្មើសដែលលួចឆក់ត្រីនៅតាមតំបន់ហាមឃាត់កន្លងមកមិនងាយនឹងបង្រ្កាបបានទេ ព្រោះគេមានឧបករណ៍កាណូតមានល្បឿ់នលឿនសម្រាប់ធ្វើសកម្មភាព។

បើយោងតាមច្បាប់ស្តីពីជលផលមាត្រា ៩៨ ចំណុច ៤ បានចែងថា ជនណាដែលនេសាទដោយប្រើឧបករណ៍ឆក់ គ្រឿងផ្ទុះ និងសារធាតុពុលគ្រប់ប្រភេទនៅក្នុងដែននេសាទ ត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវដាក់ពន្ធនាគារពី បី ឆ្នាំ ទៅ ប្រាំ ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល និងដកហូតកិច្ចព្រមព្រៀង ឬលិខិតអនុញ្ញាត៕