អន្តរជាតិ

ភ្លើងឆេះព្រៃភ្លើងបានបំផ្លាញផ្ទះពលរដ្ឋចំនួន១០ខ្នងនៅភាគខាងលិចប្រទេសអូស្ត្រាលី

ប្រែសម្រួល៖សហការី

នៅថ្ងៃព្រហស្បតិ៍ទី ២៣ វិច្ឆិកក្រុមពន្លត់អគ្គិភ័យប្រទេសអូស្ត្រាលីបានខិតខំទប់ទល់នឹងភ្លើងឆេះព្រៃដែលបានបង្កឲ្យឆេះផ្ទះអ្នកស្រុកអស់ចំនួន ១០ខ្នង នៅក្នុងពេលដែលមានរលកកម្តៅខ្លាំងមនុស្សជាច្រើនគ្រួសារត្រូវបានជម្លៀសចេញទៅស្នាក់នៅឯជាយក្រុងភាគខាងជើងនៃទីក្រុង Perth ។

ក្រុមសេវាកម្មពន្លត់អគ្គិភ័យបានធ្វើការព្រមានជាបន្ទាន់ដល់ពលរដ្ឋដែលរស់នៅក្នុងតំបន់រងគ្រោះដោយភ្លើងឆេះព្រៃនៅភាគខាងជើងនៃរដ្ឋធានីភាគខាងលិចនៃប្រទេសអូស្ត្រាលីថាប្រសិនបើពួកគេអាចធ្វើទៅបានគឺត្រូវជម្លៀសក្រុមគ្រួសារចេញពីផ្ទះឬក៏រកកន្លែងសុវត្តិភាពដើម្បីជ្រកកោនជាបណ្តោះអាសន្នប្រសិនបើមានការយឺតយ៉ាវក្នុងការរើចេញពីតំបន់ដែលរងគ្រោះដោយសារភ្លើងឆេះព្រៃ។

ក្រុមមន្ត្រីបាននិយាយថា ភ្នាក់ងាសង្គ្រោះបន្ទាន់ជាង ៥០០ នាក់ដោយមានការគាំទ្រពីយន្តហោះកំពុងខិតខំព្យាយាមទប់ទល់នឹងអណ្តាតភ្លើងឆាបឆេះដ៏សន្ធោសន្ធៅខណ:ដែលមានខ្យល់កំពុងបក់បោករុញច្រានអណ្តាតភ្លើងឲ្យវាយលុកក្នុងល្បឿនមួយយ៉ាងលឿនបំផុតជាមួយនឹងរលកកម្តៅដ៏ខ្លាំងក្លាហួសពីការស្មាន។

ឧបនាយករដ្ឋមន្ត្រី​អូស្ត្រាលី​ប្រចាំ​តំបន់ Western លោក Rita Saffioti បាន​និយាយ​ថា អគ្គិភ័យ​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋអស់ចំនួន ១០ ខ្នងនិង​រថយន្ត​មួយ​ចំនួន រួម​ទាំង​រថយន្ត​ដឹក​ទំនិញផងដែ។

គាត់បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “ការព្យាករថ្ងៃនេះគឺហួសពីការស្មានរបស់យើងទៅទៀតគឺយើងមិនអាចគ្រប់គ្រងស្ថានការឲ្យបានគ្រប់ជ្រុងជ្រោយភ្លាមៗនោះទេ” យើងបានព្យាករថារលកកំដៅនឹងហក់ឡើងលើសពី ៤០ អង្សានៅពេលថ្ងៃ។ វាមានសារសំខាន់ខ្លាំងណាស់សម្រាប់ពលរដ្ឋគ្រប់គ្នាតារយ:បន្តការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅក្នុងខណៈពេលដែលមានកិច្ចប្រតិបត្តិការសង្គ្រោះបន្ទាន់ក្នុងឧប្បត្តិហេតុភ្លើងឆេះព្រៃដែលកំពុងនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡើង។ ថ្ងៃនេះជាថ្ងៃ ដែល​អ្នក​រាល់​គ្នា​ត្រូវរៀន​រស់នៅ​ជាមួយ​គ្នា” ។

រូបភាពដែលបានចាក់ផ្សាយលើទូរទស្សន៍រដ្ឋបានបង្ហាញថា ក្រុមពន្លត់អគ្គិភ័យបានប្រើឡានដឹកទំនិញកំពុងខិតខំព្យាយាមរុករកជនរងគ្រោះនៅតាមដងផ្លូវដែលគ្របតណ្តប់ដោយផ្សែងខ្មួលខ្មាញ់កំពុងបក់បោកពាសពេញអាកាស។

ក្រុមអ្នុកសង្គ្រោះ​កំពុង​ប្រឈម​មុខ​នឹងការគម្រាមកំហែងដោយអណ្តាតភ្លើង​ដែលកំពុងឆេះនៅលើដើម​ឈើដែលអាចជះអណ្តាត​​ភ្លើងដ៏​ក្រហមច្អិនច្អៅ​ក្នុងចម្ងាយប្រមាណតែពីរឬបី​​ជំហាន​ពី​ចិញ្ចើម​ផ្លូវតែប៉ុណ្ណោះ។

ក្រុមមន្ត្រីបាននិយាយថា មនុស្សប្រហែល ១៣០ នាក់រួមទាំងកុមារត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេហើយបានមកស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នអស់ពេលមួយយប់ហើយ។

ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ និងសេវាសង្គ្រោះបន្ទាន់របស់រដ្ឋលោក Darren Klemm បានឲ្យដឹងថា ខ្យល់និងនាំមករលកកំដៅដែលបង្កឲ្យមាន “អាកាសធាតុក្តៅខ្លាំង” នៅក្នុងពេលថ្ងៃហើវានិងថយចុះវិញនៅក្រោយរយ:ពេលចាប់ពី២៤ ទៅ ៤៨ ម៉ោងបន្ទាប់មក។

លោក Klemm បាននិយាយថា “គេត្រូវចំណាយពេលជាច្រើនថ្ងៃទៀតដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃនេះ” ។ ក្រុមពន្លត់អគ្គិភ័យចំនួន ៦៥ នាក់ផ្សេងទៀតបាននិងកំពុងប្រយុទ្ធនិងភ្លើងឆេះព្រៃនៅពាសពេញតំបន់ខាងលិចប្រទេសអូស្ត្រាលី។

ភ្លើង​បាន​នឹង​កំពុងតែ​ឆាបឆេះដ៏សន្ធោសន្ធៅ​នៅ​ជុំវិញ​ទីក្រុង Perthធ្វើឲ្យ​ទីក្រុង​នេះ​ឡើងកំដៅ​ក្តៅកាន់តែខ្លាំងលើសពីរនិទាឃរដូវ​ក្នុងប្រទេស​អូស្ត្រាលី។

រូបភាពរបស់ទូរទស្សន៍រដ្ឋបានបង្ហាញថា ឧទ្ធម្ភាគចក្រកំពុងបាញ់ទឹកស្រោចលើភ្លើងដែលកំពុងឆេះនៅជិតផ្ទះអ្នកស្រុកក្នុងភាគខាងត្បូងនៃទីក្រុង Perth ។

មនុស្សមួយចំនួនពាក់អាវយឺតនិងខោខ្លីជាមួយនឹងស្បែកជើងប៉ាតាកំពុងខិតខំពន្លត់ភ្លើងដែលកំពុងឆេះដ៏សន្ធោសន្ធៅដោយប្រើទុយោបាញ់ទឹកសម្រាប់សួនច្បារស្រោចលើភ្លើងដែលកំពុងឆេះ៕

ប្រភព៖ AFP