សន្ដិសុខសង្គម

ចាប់ខ្លួនក្រុមជើងខ្លាំង៥នាក់ដែលខឹងកាប់ម្ចាស់មិនបានកាប់មូតូនិងឡានតែច្រឡំរបស់គេ

ដោយ៖ សហការី

បាត់ដំបង៖ ក្រុមក្មេងទំនើងមួយក្រុមនាំគ្នាជំរះគំនុំចាស់បានកាប់ម៉ូតូ និងរថយន្តគេខូចខាត៣គ្រឿងច្រឡំម្ចាស់ នៅចុងក្រោយសមត្ថកិច្ចចាប់ខ្លួនអនុវត្តច្បាប់។

សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើង៥នាក់ក្រោយពីជះកំហឹងប្រើប្រាស់កាំបិតជំរះបញ្ជីចាស់កាប់បំផ្លាញម៉ូតូ និងរថយន្តលើក្រុមក្មេងមួយក្រុមទៀតតែច្រឡំមនុស្ស។

សមត្ថកិច្ចជំនាញបានប្រាប់ឲ្យដឹងថា កម្លាំងនគរបាលក្រុងបាត់ដំបងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះបានបញ្ចប់ការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទាំង៥នាក់ទៅកាន់សាលាដំបូងខេត្ត ក្រោយក្រុមយុវជនខាងលើបានប្រើកាំបិត កាប់បំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃដែលប្រព្រឹត្តឡើងនៅរសៀលទី២០ ខែវិច្ឆិកា ថ្មីៗកន្លងមកនេះត្រង់ចំណុចភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឲ្យខូចខាតម៉ូតូចំនួន ០២គ្រឿង និងរថយន្តមួយគ្រឿង។

ក្រុមក្មេងទាំងនោះមានឈ្មោះឆៃ គឹមហួ ភេទប្រុស, ឈ្មោះជា ចំណាន ភេទប្រុស, ឈ្មោះឡុង សុផូ ភេទប្រុស, ឈ្មោះអន វិឆៃ ភេទប្រុសនិងឈ្មោះហុន ចាន់យ៉ា ភេទប្រុស។ទាំងអស់គ្នារស់នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំណែកឯជនរងគ្រោះមានឈ្មោះបឹង សូបិន ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ជាដើម បណ្ដឹង។

សមត្ថកិច្ចបន្ថែមថា មូលហេតុដែលនាំឲ្យមានករណីកាប់បំផ្លាញទ្រព្យសម្បត្តិនេះដោយសារក្រុមជនសង័្សយមានគ្នាច្រើន បានលើកគ្នាទៅតាមរក ក្រុមក្មេងម្ខាងទៀតដែលមានរហស័នាមក្រុមGS ដើម្បីជំរះបញ្ជីចាស់ដែលបានចតទុកម៉ូតូ និងរថយន្តនៅកន្លែងកើតហេតុដែរ ចុងក្រោយទើបដឹងថាកាប់ម៉ូតូ រថយន្តច្រឡំម្ចាស់បណ្តាលឱ្យខូចខាត។

វត្ថុតាងដែលកម្លាំងបង្ក្រាបរឹបអូសបានរួមមាន ម៉ូតូមួយគ្រឿងម៉ាកហុងដាម៉ាក Scoopy ពណ៌ឈាមជ្រូក សេរីឆ្នាំ២០២១ គ្មានស្លាក, កាំបិតខ្វែវដងឈើមួយ និងកាំបិតប៉័ងតោ កាំបិតច្នៃសរុបចំនួន៣ ៕