សន្ដិសុខសង្គម

សង្ស័យមានអ្នកទទួលសំណូកពីបទល្មើសនេសាទជិត២០លានរៀលនៅព្រែកជីកដូនម៉ៅក្នុងឃុំទន្លេបិទ

ដោយ៖គង់ហេង

ត្បូងឃ្មុំ៖ គេបានឱ្យដឹងថា មានមន្រ្តីពាក់ព័ន្ធមួយចំនួនសង្ស័យថាបានទទួលសំណូកប្រមាណជិត២០លានរៀលជាថ្នូរនឹងការអនុញ្ញាតឲ្យគេប្រើឧបករណ៍ល្មើសច្បាប់ដើម្បីចាប់យកត្រីគ្រប់ប្រភេទនៅក្នុងភូមិសាស្រ្តព្រែកជីកដូនម៉ៅក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ប៉ុន្តែមន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំបានបដិសេធការលើកឡើងទាំងនោះហើយបានសួររកមុខអ្នកដែលបានបញ្ចេញនូវព័ត៌មាននេះ។

ប្រភពព័ត៌មានបានឱ្យដឹងថា ឥឡូវនេះគេបានសង្កេតឃើញបង្គោលជាច្រើនត្រូវបានបោះជាជួរ និងមានចងបន្តោងបាវខ្សាច់ ឬពិដុងច្រកទឹកទប់លំនឹង កាត់ព្រែក ឃ្លាតគ្នាចម្ងាយពីជាង១០ ទៅ ២០ម៉ែត្រនោះ គឺជាឧបករណ៍ដាយ ដែលអ្នកចាប់ត្រីខុសច្បាប់ ដាក់បង្ឃាំងដើម្បីចាប់យកត្រីគ្រប់ប្រភេទ និងទាំងតូច ទាំងធំ រយៈពេលជាច្រើនថ្ងៃមកហើយ។ ក្នុងនោះម្ចាស់ដាយនីមួយៗ លើក ឬចាប់យកត្រីម្តងៗរាប់សឹបគីឡូក្រាម ដល់រាប់រយគីឡូក្រាម សម្រា​ប់លក់ឱ្យឈ្មួញចំពោះត្រីធំៗ ហើយត្រីតូចៗ លក់ឱ្យអ្នកចិញ្ចឹមត្រីធ្វើជានុយ។

សកម្មភាពល្មើសខាងលើនោះ ក្រុមអ្នកប្រព្រឹត្តបទល្មើសនេសាទ បានធ្វើសកម្មភាពចាប់យកត្រីច្រើនថ្ងៃមកហើយពោល គឺចាប់តាំងពីអាកាសធាតុចុះត្រជាក់ រដូវទឹកទន្លេមេគង្គស្រក និងធ្លាក់ខ្យល់ពីទិសខាងជើងពេលដែលត្រីគ្រ​ប់ប្រភេទត្រូវចុះពីបឹងចូលទន្លេ។

ប្រភពបានឲ្យដឹងថា បទល្មើសទាំងនោះអាចប្រព្រឹត្តទៅបាន ក្រោយពីអ្នកប្រព្រឹត្តល្មើសទាំងអស់នោះ បានត្រូវរ៉ូវគ្នា ប្រមូលលុយសរុបបានចំនួន ១៨លាន រៀល ប្រគល់ឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់តាម រយៈមេការម្នាក់ ដើម្បីជាថ្នូរនឹងការមិនទប់ស្កាត់ និងបង្រ្កាប។

ជុំវិញបញ្ហាសមត្ថកិច្ច និងអាជ្ញាធរបណ្តោយឱ្យបទល្មើសនេសាទកើតឡើងពេញបន្ទុកនៅក្នុងព្រែកជីកដូនម៉ៅ ដោយសង្ស័យបានទទួលសំណូកប្រមាណ ១៨លាន រៀលខាងលើនេះលោក ភិន ឈុន មេឃុំទន្លេបិទ បានឆ្លើយបកស្រាយនៅថ្ងៃទី ២១ វិច្ឆិកាថា នៅប៉ុន្មានថ្ងៃមុន ខាងជលផលបានចុះទៅបង្រ្កាបក្នុងព្រែកជីកដូនម៉ៅម្តងហើយ ដោយបានចាប់ដកបង្គោលជាឧបករណ៍ដាយ ដាក់បាំងព្រែកចេញ។ តែមិនបានចាប់ឃាត់ខ្លួនអ្នកចាប់ត្រីខុសច្បាប់ណាម្នាក់នោះទេ។

លោកមេឃុំទន្លេបិទបានបន្តថា ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅក្នុងព្រែកនេះពិតជាបានឃើញស្អេកស្កះប្រាកដមែន ប៉ុន្តែខាងលោកដែលនៅកៀក ជាមួយប្រជាពលរដ្ឋជាអ្នកនេសាទខុសច្បាប់ទាំងនោះ មិនបានទប់ស្កាត់ ឬបង្រ្កាបទេកន្លងមក គឺបានត្រឹមតែហៅមកអប់រំ ណែនាំ កុំឱ្យបន្តការប្រព្រឹត្តចាប់ត្រីខុសច្បាប់តទៅទៀត។

រីឯបញ្ហាដែលថា មានមេការក្រុមអ្នកដាក់ដាយប្រមូលលុយប្រមាណជិត ២០លាន រៀលឱ្យសមត្ថកិច្ច ជាថ្នូរនឹងការមិនចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនោះ លោកហាក់មិនបានដឹងពីរឿងនេះទេ។

ដោយឡែកងាកមកលោក អៀម ម៉ាយ៉ុងរី ជានាយខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំវិញនៅពេលសួរតាមទូរសព្ទនៅថ្ងៃទី២០ វិច្ឆិកា លោកមិនបានឆ្លើយបកស្រាយករណីបទល្មើសនេសាទនៅព្រែកជីកដូនម៉ៅទេ។ ផ្ទុយទៅវិញលោកបែរជាសួរមកអ្នកសារព័ត៌មានវិញថា លុយជិត២០លាន រៀលនោះប្រគល់ឱ្យអ្នកណា? និងបានរកឈ្មោះអ្នកផ្តល់ព័ត៌មានជុំវិញរឿង នេះ។

សូមបញ្ជាក់ថា បទល្មើសនេសាទប្រហាក់ប្រហែលនឹងព្រែកជីកដូនម៉ៅ ក្នុងខេត្តត្បូងឃ្មុំនេះ ក៏មានកើតឡើងនៅព្រែកពាមជីលាំង ស្ថិតក្នុងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំដូចគ្នាដែរ។ សកម្មភាពបទល្មើសនៅទីនោះគឺមានទ្រង់ទ្រាយធំជាងព្រែកជីកដូនម៉ៅទៅទៀត ព្រោះព្រែកនោះមានទំហំធំ និងប្រវែងវែងជាង ហើយបទល្មើសតែងកើតមានជារៀងរាល់ឆ្នាំ ក្នុងរដូវទឹកទន្លេស្រក ហូរចេញពីបឹងជាមួយនឹងត្រីក្នុងមួយឆ្នាំៗ៕