អន្តរជាតិ

កូរ៉េខាងត្បូងព្រមានកូរ៉េខាងជើងឲ្យបោះបង់គម្រោងបាញ់បង្ហោះផ្កាយរណបចារកម្មយោធា

ប្រែសម្រួល៖ សហការី

នៅថ្ងៃចន្ទទី ២០ វិច្ឆិកាកងយោធាកូរ៉េខាងត្បូងបានព្រមានកូរ៉េខាងជើងឲ្យបញ្ឈប់ការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដោយគម្រាមថានឹងចាត់វិធានការឆ្លើយតបជាចាំបាច់ប្រសិនបើនៅតែមិនបញ្ឈប់ការបាញ់បង្ហោះផ្កាយរណបចារកម្មយោធា។

កូរ៉េខាងជើងកំពុងរៀបចំបាញ់បង្ហោះផ្កាយរណបចារកម្មយោធាជាលើកទីបីក្រោយពីទទួលបរាជ័យពីរដងរួចមកហើយនៅក្នុងឆ្នាំនេះក្នុងការបង្ហោះផ្កាយរណបចារកម្មយោធានៅលើអាកាស។

ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីដើមខែនេះថាទីក្រុងព្យុងយ៉ាងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំបាញ់សាកល្បងជាលើកទីបីហើយកាលពីថ្ងៃអាទិត្យរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Shin Won-sik បាននិយាយថា ការបាញ់នេះទំនងជាប្រព្រឹត្តទៅនៅក្នុងដើមសប្តាហ៍នេះ។ប្រធានប្រតិបត្តិការនៃអគ្គសេនាធិការចម្រុះលោក Kang Ho-pil បាននិយាយថា “យើងធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់ដល់កូរ៉េខាងជើង។

លោកបានបន្ថែមថា “យោធារបស់យើងនឹងចាត់វិធានការចាំបាច់ដើម្បីធានាអាយុជីវិត និងសុវត្ថិភាពរបស់ពលរដ្ឋ” ប្រសិនបើកូរ៉េខាងជើងនៅតែបន្តការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា។

បន្ទាប់ពីការព្យាយាមជាលើកទីពីរត្រូវបានបរាជ័យកាលពីខែសីហា។ ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួននឹងបាញ់បង្ហោះជាលើកទីបីនៅក្នុងខែតុលា បើទោះជាមិនដែលសម្រេចបានជោគជ័យក៏ដោយ។

កូរ៉េខាងត្បូងបានចោទប្រកាន់ថាក្រុងព្យុងយ៉ាងបានផ្តល់អាវុធដល់ក្រុងម៉ូស្គូសម្រាប់ជាថ្នូរនឹងបច្ចេកវិទ្យាអវកាសរបស់រុស្ស៊ី។

ក្រុមអ្នកវិភាគបាននិយាយថា មានការស៊ីចង្វាក់គ្នាលើផ្នែកបច្ចេកវិទ្យាសំខាន់ៗចំពោះសមត្ថភាពបាញ់បង្ហោះក្នុងលំហអាកាស និងការអភិវឌ្ឍន៍មីស៊ីលផ្លោង ដែលក្រុងព្យុងយ៉ាងត្រូវបានហាមឃាត់ក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

កូរ៉េខាងជើង​បាន​ធ្វើ​តេស្ត​សព្វាវុធ​ជា​កំណត់ត្រា​ក្នុង​ឆ្នាំ​នេះ ដោយ​មិន​ខ្វល់ពីការ​ព្រមាន​របស់​អាមេរិក កូរ៉េ​ខាង​ត្បូង និង​សម្ព័ន្ធមិត្តនោះ​ឡើយ។

កូរ៉េខាងជើងបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនធ្វើតេស្តបានជោគជ័យសម្រាប់ម៉ាស៊ីនឥន្ធនៈរឹងប្រភេទថ្មីដែលជាថាមពលជម្រុញមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដែលត្រូវបានហាមឃាត់ក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដោយបានចាត់ទុកជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍមីស៊ីលផ្លោងរបស់ខ្លួន៕

ប្រភព៖ AFP