សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងតាមរកអ្នកបើកបររថយន្តបុកអ្នកជិះម៉ូតូស្លាប់២នាក់

ដោយ៖សុខុម

ពោធិ៍សាត់៖ សមត្ថកិច្ចផ្នែកជំនាញនគរបាលខេត្តពោធិ៍សាត់កំពុងតាមរកអ្នកបើកបររថយន្តបុកអ្នកជិះម៉ូតូស្លាប់២នាក់នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ ៨៨-៨៩ ចំណុចស្រែពាំង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំ ប្រម៉ោយ ស្រុកវាលវែង កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញមនុស្សពីរនាក់ ជិះម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចទៅកើត មិនប្រកាន់ស្តាំ មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមាន រថយន្តម៉ាក HYUNDAI COUNTY ពណ៌ លឿងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 3B-7723 ឆ្នាំផលិត2000 ចង្កូតឆ្វេង ធ្វើដំណើរច្រាសគ្នា បុកបណ្តាលឲ្យបុរសពីរនាក់ ដែលជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ស្លាប់ភ្លាមៗ។ប្រជាពលរដ្ឋឃើញហេតុការណ៍ក៏បានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានប្រាប់ឲ្យដឹងថា  កម្លាំងជំនាញ បានចុះអន្តរាគមន៍ ដល់កន្លែងកើតហតុធ្វើការសន្និដ្ឋានថាគ្រោះថ្នាក់ចរាចរណ៍ខាងលើ  បង្កឡើងដោយកត្តា អ្នកបើកបរម៉ូតូ មិនប្រកាន់ស្តាំនិងមិនពាក់មួកសុវត្ថិភាព តុល្យភាពនៃការខូចខាត បណ្តាលអោយខូចខាតម៉ូតូ ០១ គ្រឿង រថយន្ត០១ គ្រឿង ស្លាប់មនុស្ស ចំនួន០២ នាក់ ។ លោកអធិការបានបន្ត ថាជនរងគ្រោះទី១ ឈ្មោះ លន ពុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរម៉ូតូទី២ឈ្មោះ ជឹម ជីម ភេទប្រុស អាយុ៤៥ឆ្នាំ ជាអ្នករួមដំណើរ។អ្នកទាំងពីរ មានទីលំនៅ ក្នុងចំណុចកំប៉ង ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ដោយឡែក អ្នកបើកបររថយន្ត បានរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

វត្ថុតាងម៉ូតូចំនួន០១ គ្រឿង រថយន្តចំនួន០១គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ជាបណ្តោះអាសន្ន ៕