អន្តរជាតិ

លោកGirkin អ្នកជាតិនិយមរុស្ស៊ីកំពុងជាប់ឃុំបានអះអាងថាខ្លួននឹងឈរបោះឆ្នោតប្រធានាធិបតី

ប្រែសម្រួល៖ សហការី

លោក Igor Girkin ដែលជាអ្នកជាតិនិយមគាំទ្រសង្រ្គាមរុស្ស៊ីកំពុងស្ថិតនៅក្នុងការឃុំឃាំងដើម្បីរង់ចាំការកាត់ទោសពីបទញុះញង់ឲ្យមានសកម្មភាពជ្រុលនិយមបាននិយាយកាលពីថ្ងៃអាទិត្យទី១៩ វិច្ឆិកានេះថា គាត់មានបំណងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី បើទោះបីជាគាត់យល់ថាការបោះឆ្នោតនៅក្នុងខែមីនាខាងមុខនេះគឺជា “ការបោះឆ្នោតក្លែងក្លាយ” ដែលគេបានកំណត់អ្នកឈ្នះរួចហើយក៏ដោយ។ .

លោក Girkin ដែលគេស្គាល់តាមឈ្មោះហៅក្រៅថា Igor Strelkov បានអះអាងជារឿយៗថាប្រសិនបើកងយោធាដែលស្មោះនឹងលោកប្រធានាធិបតីវ្ល៉ាឌីមៀរពូទីនដែលកំពុងប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែនមិនអាចទទួលបានជោគជ័យនោះប្រទេសរុស្ស៊ីនឹងមានបដិវត្តន៍កើតឡើងដែលអាចទាញប្រទេសឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល។

លោក Girkin ដែលជាអតីតមន្ត្រីសន្តិសុខសហព័ន្ធ (FSB) ដែលបានជួយរុស្ស៊ីក្នុងការបញ្ចូលឧបទ្វីបគ្រីមេនៅក្នុងឆ្នាំ ២០១៤ ដែលក្រោយមកបានរៀបចំកងជីវពលដើម្បីជួយគាំទ្រកងទ័ពរុស្ស៊ីធ្វើសង្គ្រាមនៅភាគខាងកើតអ៊ុយក្រែនបាននិយាយនៅមុនពេលចាប់ខ្លួនគាត់ថាគាត់និងអ្នកគាំទ្ររបស់គាត់កំពុងចូលប្រឡូកក្នុងឆាកនយោបាយ។

លោក Girkin បានប្រកាសនៅក្នុងសារមួយដែលបានបង្ហោះលើគណនី Telegram របស់គាត់ថា “ខ្ញុំបានយល់ច្បាស់អំពីស្ថានភាពនយោបាយបច្ចុប្បន្នក្នុងប្រទេសរុស្ស៊ីក្នុងការចូលរួមធ្វើយុទ្ធនាការក្នុងការបោះឆ្នោតប្រធានាធិបតីគឺប្រៀបដូចជាការលេងបៀរ” ។

លោក Girkin បានគូសបញ្ជាក់ថាគាត់មិនខ្វល់ថាគាត់នឹងត្រូវបានគេអនុញ្ញាតឲ្យឈរឈ្មោះដើម្បីចូលរួមក្នុងការបោះឆ្នោតឬអត់នោះទេក៏ប៉ុន្តែគាត់សង្ឃឹមថាការព្យាយាមរបស់គាត់គឺក្នុងគោលបំណងបង្រួបបង្រួមកងកម្លាំងស្នេហាជាតិរុស្សីនឹងរារាំងផែនការរៀបចំឡើងដោយវិមានក្រឹមឡាំងដើម្បីធ្វើ “ការបោះឆ្នោតក្លែងក្លាយ” ដែល “អ្នកឈ្នះត្រូវបានគេដឹងមុនរួចទៅហើយថាជាអ្នកណានោះ” ។ .

លោក Girkin បាននិយាយនៅក្នុងសារបង្ហោះក្រោមចំណងជើងថា “ខ្ញុំនឹងរត់ប្រជែងនេះហើយគឺជាឱកាសរបស់យើងនៅក្នុងការរួបរួមគ្នាប្រឈមមុខនឹងការគំរាមកំហែងពីខាងក្រៅនិងខាងក្នុង” ។

កាលពីថ្ងៃសុក្រលោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយថា លោកសង្ឃឹមថា លោកពូទីននឹងឈរឈ្មោះជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតខែមីនាសម្រាប់អាណត្តិថ្មីជាបន្តទៀតនេះគឺជាវិធានការដែលអាចអនុញ្ញាតឲ្យលោកពូទីននៅកាន់អំណាចបន្តរហូតដល់ឆ្នាំ ២០៣០ ។

ក្រុមអ្នកប្រឆាំងបាននិយាយថាចាប់តាំងពីលោកលោក ពូទីន ឡើងកាន់អំណាចដំបូងបង្អស់នៅក្នុងឆ្នាំ ១៩៩៩  លោក ពូទីន បានរៀបចំប្រព័ន្ធគ្រប់គ្រងអំណាចបែបផ្តាច់ការក្រោមផ្លាកប្រជាធិបតេយ្យក្លែងក្លាយដោយយកលំនាំគ្រប់គ្រងតាមស្ថាប័នប្រជាធិបតេយ្យ។

អ្នកគាំទ្រលោកពូទីនបានកោតសរសើរគាត់ថានៅក្រោយការដួលរលំនៃរបបសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ លោកពូទីនបានខិតខំរៀបចំសណ្តាប់ធ្នាប់ព្រមទាំងទប់ទល់នឹងភាពចលាចលក្នុងប្រទេសបានយ៉ាងល្អប្រសើរ។ ពួកគេបានបង្ហាញពីការស្ទង់មតិដែលបញ្ជាក់ឲ្យឃើញថាលោកពូទីនមានអ្នកគាំទ្រដល់ទៅជាង ៨០ ភាគរយក្នុងចំណោមពលរដ្ឋរុស្ស៊ីទូទាំងប្រទេស។

  • ស្មារតីជាតិនិយមរុស្ស៊ី

បន្ទាប់ពីមានការបះបោរកាលពីខែមិថុនាដែលដឹកនាំដោយ ប្រធាន Wagner លោក Yevgeny Prigozhin រុស្ស៊ីបាននិងកំពុងបង្រ្កាបអ្នករិះគន់ដែលមានស្មារតីជាអ្នកជាតិនិយម ដែលបានធ្វើការអំពាវនាវឲ្យបង្កើតយុទ្ធសាស្រ្តឲ្យបានខ្លាំងក្លាជាងមុនក្នុងការប្រឆាំងនឹងការធ្វើសង្រ្គាមដូចជាប្រឆាំងនឹងការបង្កើតច្បាប់អាជ្ញាសឹក និងការចល័តទ័ពនៅទូទាំងប្រទេសជាដើម។

លោក Prigozhin ត្រូវ​បាន​គេ​សម្លាប់​កាល​ពី​ខែ​សីហា​នៅក្នុង​ការ​ធ្លាក់​យន្ត​ហោះ​ដែលជាមូល​ហេតុ​មិន​ច្បាស់​លាស់មួយ។ លោក Girkin ដែលធ្លាប់បម្រើការនៅ Chechnya និង Moldova ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា។

លោក Girkin ជាអតីតអ្នកជាតិនិយមដែលបានសរសេរនិក្ខេបបទស្តីអំពី “ជនជាតិស្បែកស” ដែលបានប្រយុទ្ធជាមួយនឹងពួក “ក្រហមនិយម” Bolsheviks នៅក្រោយបដិវត្តឆ្នាំ ១៩១៧ គាត់គឺជាអ្នកជាតិនិយមដ៏លេចធ្លោបំផុតម្នាក់ដែលបានធ្វើការរិះគន់ចំពោះការប្រហារជីវិតរបស់រុស្ស៊ីនៅក្នុងសង្គ្រាមដែលគាត់ចាត់ទុកថាជាអត្ថិភាពចម្បងមួយក្នុងការទប់ទល់ជាមួយលោកខាងលិច។

គាត់បានហៅការដួលរលំរបបសហភាពសូវៀតនៅឆ្នាំ ១៩៩១ ថាជាព្រឹត្តិការណ៍ប្រកបដោយ “វិជ្ជមាន” ប៉ុន្តែគាត់និយាយថាឥស្សរជនរុស្ស៊ីនៅក្នុងរបបសូវៀតបានប្រព្រឹត្តអំពើរពុករលួយដែលជាចំណុចខ្សោយធ្វើឲ្យរុស្ស៊ីចុះខ្សោយហើយធ្វើឲ្យលោកខាងលិចមានឥទ្ធិពលកាន់តែខ្លាំងឡើង។

កាលពីខែឧសភាលោក Girkin បាននិយាយថាបើទោះបីជាគាត់ធ្វើការរិះគន់ការបរាជ័យរបស់លោកពូទីនយ៉ាងណាក៏ដោយក៏ “នៅក្នុងពេលបច្ចុប្បន្ននេះលោកពូទីនគឺនៅតែជាឥស្សរជនស្របច្បាប់តែមួយគត់របស់សហព័ន្ធរុស្ស៊ី” ។

គាត់បាននិយាយកាលពីខែសីហាថាគាត់អាចធ្វើជាប្រធានាធិបតីប្រសើរជាជាងលោក ពូទីន លោកបានអះអាងថាប្រធានវិមានក្រឹមឡាំង “ចិត្តល្អពេក” និង “ទុកចិត្តពេក” លើផ្នែកសន្តិសុខ និងប្រមុខយោធារុស្ស៊ី។

លោក Girkin ត្រូវបានតុលាការហូឡង់កាត់ទោសកំបាំងមុខពីបទប្រព្រឹត្តអំពើរឃាតកម្មកាលពីឆ្នាំមុនក្នុងសំណុំរឿងជាប់សង្ស័យពាក់ពីន្ធនឹងការបាញ់ទម្លាក់យន្តហោះជើងហោះហើរ MH17 នៅអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ដែលមានអ្នកដំណើរចំនួន ២៩៨ នាក់ និងនាវិកបានបាត់ខ្លួនតែគាត់​បាន​បដិសេធ​ថា​គាត់​មិន​មាន​ជាប់​ពាក់ព័ន្ធក្នុងសំណុំរឿងនេះទេ៕

ប្រភព៖ Reuters