អន្តរជាតិ

ជនជាតិឥណ្ឌូនេស៊ីពីរនាក់ត្រូវបានប៉ូលិសចាប់ខ្លួនពីបទលួចចូលប្រទេសសិង្ហបុរីតាមច្រកសមុទ្រ

ប្រែសម្រួល៖សហការី

បុរសជនជាតិឥណ្ឌូណេស៊ីពីរនាក់ដែលមានអាយុ ៣០ ឆ្នាំត្រូវបានប៉ូលិសសិង្ហបុរី​ចាប់ខ្លួនពីបទលួចចូលប្រទេសសិង្ហបុរីដោយខុសច្បាប់តាមច្រកសមុទ្រកាលពីថ្ងៃចន្ទ ទី ២០ ខែវិច្ឆិកា។

នៅយប់ថ្ងៃអាទិត្យវេលាម៉ោង ១១.៥៨ ប្រព័ន្ធតាមឃ្លាំមើលរបស់ឆ្មាំសមុទ្រ (PCG) បានរកឃើញកាណូតមួយគ្រឿងកំពុងរត់ក្នុងល្បឿនលឿនបំផុតដែលគេមិនស្គាល់អត្តសញ្ញាណកំពុងបោះពួយរឆ្ពោះទៅច្រាំងស្របតាមផ្លូវ Tanah Merah Coast Road ដោយបានគេចចេញពីរបាំងសីម៉ាដែនសមុទ្រដែលដាក់ពង្រាយជារនាំងនៅចំច្រកចេញចូលតាមដៃសមុទ្រ Tanah Merah ក្រោយមកបានចូលសំចតនៅត្រង់ឆ្នេរសមុទ្រក្បែរទីនោះ។

កាលពីថ្ងៃចន្ទមន្រ្តីប៉ូលិសសិង្ហបុរី (SPF) បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “នៅក្រោយពេលដែលបានរកឃើញជនលបលួចឆ្លងដែលភ្លាមៗនោះ មន្រ្តីមកពី PCG, មកពីនាយកដ្ឋានប៉ូលិស Bedok, Gurkha Contingent និងបញ្ជាការប្រតិបត្តិការពិសេសបានសហការគ្នាធ្វើការចាប់ខ្លួនបុរសពីរនាក់នេះបានដោយជោគជ័យនៅក្នុងខណ:ពេលដែលពួកគេបានចេញពីកាណូត” ។

បុរស​ទាំង​២​នាក់​ដែល​ធ្វើ​ដំណើរ​ក្នុង​កាណូតប្រវែង​៥​ម៉ែត្រត្រូវ​បានប៉ូលិស​​រកឃើញថាធ្វើដំណើរឆ្លងដែន​​ដោយ​គ្មាន​ឯកសារ​​ត្រឹមត្រូវ។

សមត្ថកិច្ចប៉ូលិស​បាន​ដកហូត​កាណូត​មួយ​គ្រឿង រួម​នឹង​ម៉ូតូ​១​គ្រឿងទុក​ជា​វត្ថុ​តាង​។ SPF បាននិយាយថាប៉ូលិសកំពុងបន្តនីតិវិធីស៊ើបអង្កេត។

បុរសពីរនាក់ដែលម្នាក់មានអាយុ ៣៦ និងម្នាក់ទៀតមានអាយុ ៣៣ ឆ្នាំនឹងត្រូវចោទប្រកាន់ដោយតុលាការនៅថ្ងៃអង្គារពីបទលបលួចឆ្លងដែនចូលទៅក្នុងទឹកដីរបស់ប្រទេសសិង្ហបុរីដោយខុសច្បាប់ដែលត្រូវកាត់ទោសដាក់ពន្ធនាគាររហូតដល់ ៦ ខែនិងត្រូវវាយបីថ្នាំងអំពៅ។

ប៉ូលិសបានបញ្ជាក់ថាពួកគេនឹងបន្តចាត់វិធានការយ៉ាងតឹងរឹងបំផុតប្រឆាំងនឹងជនល្មើសឆ្លងដែនប្រភេទនេះ ដើម្បីការពារសុវត្ថិភាពដែនសមុទ្រប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មនាៗ និងការគំរាមកំហែងផ្នែកសន្តិសុខរួមមានការលបលួចឆ្លងដែនចូល និងលូចចាកចេញដោយគ្មានការអនុញ្ញាតពីអាជ្ញាធររបស់ប្រទេសសិង្ហបុរី៕

ប្រភព៖ CNA