សន្ដិសុខសង្គម

ចេញពីលាងរថយន្តជ្រុលបុកកម្មករកំពុងជូតរថយន្តស្លាប់ម្នាក់និងបន្តបុករះរថយន្ត៤គ្រឿងទៀត

ដោយ៖សហការី

បាត់ដំបង៖ បុរសវ័យកណ្តាលម្នាក់ចេញពីកន្លែងរថយន្តជាន់ហ្គ្រាគំហុកជ្រុលចង្កូតទៅបុកកម្មករដែលកំពុងជូតសម្អាតរថយន្តស្លាប់ម្នាក់ និងបន្តបុករថយន្ត៤គ្រឿងទៀតត្រូវខូចខាត។

នៅទីតាំងកើតហេតុបានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោងជិត៤រសៀលថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៣ ត្រង់ចំណុចគល់ស្ពានបុរាណត្រើយខាងកើត ស្ថិតក្នុងភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះសេង សឿន ភេទប្រុស អាយុ៦៣ឆ្នាំជាកម្មករលាងសម្អាតម៉ូតូ រថយន្ត មានទីលំនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ចំណែកឯជនបង្កមិនស្គាល់ឈ្មោះ បើកបររថយន្តលុចស៊ីស RX ៣០០ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ ១I – ៣៩៣៨ ។

កម្មករលាងរថយន្តខាងលើបានប្រាប់ឲ្យដឹងដែរថា មុនពេលកើតហេតុម្ចាស់រថយន្តបង្កក្រោយលាងរួចបានជិះរថយន្តចេញមិនប្រយ័ត្នស្រាប់តែបានប៉ះជាមួយរថយន្តគ្រឿងដែលកំពុងធ្វើដំណើរលើដងផ្លូវ ភ្លាមនោះម្ចាស់រថយន្តរងគ្រោះបានកាក់ដើម្បីជជែកគ្នា ប៉ុន្តែម្ចាស់រថយន្តបង្កមិនស្តាប់ថែមទាំងបានជាន់ហ្គ្រាឡើងយ៉ាងពេញទំហឹងហើយបានជ្រុលចង្កូតទៅបុកជនរងគ្រោះជាកម្មករដែលកំពុងជូតសម្អាតរថយន្ត និងកិនពីលើបណ្តាលឲ្យស្លាប់ និងបន្តជ្រុលល្បឿនទៅបុករថយន្តចំនួន៣គ្រឿងទៀតនៅខាងមុខបណ្តាលឲ្យខូចខាតសរុបចំនួន៤គ្រឿង។

ចំពោះមុខជនបង្កត្រូវបានកម្លាំងនគរបាលនាំខ្លួន រួមជាមួយរថយន្តជាវត្ថុតាងដែលខូចខាតទាំងអស់បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីដោះស្រាយពេលក្រោយ៕