អន្តរជាតិ

ក្រុមឧទ្ទាមហ៊ូទីយេម៉ែនរឹបអូសកប៉ាល់ដឹកទំនិញដែលគ្រប់គ្រងដោយក្រុមហ៊ុនជប៉ុននៅសមុទ្រក្រហម

ប្រែសម្រួល៖សហការី

កាលពីថ្ងៃអាទិត្យ ទី ១៩ វិច្ឆិកា អ៊ីស្រាអែលបាននិយាយថា ក្រុមសកម្មប្រយុទ្ធហ៊ូទីនៃប្រទេសយេម៉ែនបានរឹបអូសកប៉ាល់ដឹកទំនិញជប៉ុននៅភាគខាងត្បូងនៃដែនសមុទ្រក្រហមដោយបានបញ្ជាក់ថាឧបទ្ទវហេតុនេះគឺជា “អំពើភេរវកម្មគាំទ្រដោយអ៊ីរ៉ង់” ដែលជាការបង្កនូវផលវិបាកចំពោះសន្តិសុខក្នុងដែនសមុទ្រអន្តរជាតិ។

ក្រុមសកម្មប្រយុទ្ធហ៊ូទី បានប្រកាសថាពួកគេជាអ្នករឹបអូសកប៉ាល់មួយនៅក្នុងតំបន់នោះក៏ប៉ុន្តែពួកគេបានអះអាងថាជាកប៉ាល់របស់អ៊ីស្រាអែល។ អ្នក​នាំ​ពាក្យ​ក្រុម​នេះ​បាន​និយាយ​ដោយ​មិន​សំដៅ​ទៅ​លើ​​អ៊ីស្រាអែល​ថា​៖ “ យើង​ឲ្យ​នាវិក​ក្នុង​កប៉ាល់នោះ​តបស្នង​ឲ្យសមនឹង​តម្លៃ​ខាតបង់របស់​អ៊ីស្លាម”។

ក្រុមសកម្មប្រយុទ្ធហ៊ូទី ដែលជាសម្ព័ន្ធមិត្តដែកថែបរបស់ក្រុង Tehran បាននិងកំពុងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយនិងបង្ហោះយន្តហោះគ្មានមនុស្សបើកសំដៅមកលើទឹកដីអ៊ីស្រាអែលដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពជាមួយក្រុមសកម្មប្រយុទ្ធ Hamas ប៉ាឡេស្ទីនដែលកំពុងជាប់ដៃប្រយុទ្ធនៅក្នុងតំបន់ Gaza Strip ជាមួយនឹងទាហានអ៊ីស្រាអែល។

អ្នកនាំពាក្យក្រុមហ៊ុន Nippon Yusen របស់ជប៉ុន ដែលមានមូលដ្ឋាននៅ  NYK បានធ្វើសេចក្តីបញ្ជាក់ថា ក្រុមហ៊ុនដឹកជញ្ជូនរថយន្តដែលខ្លួនប្រតិបត្តិការត្រូវបានរឹបអូសនៅក្នុងដែនសមុទ្រក្រហម ហើយបន្តថាខ្លួនកំពុងប្រមូលព័ត៌មានឲ្យកាន់តែច្បាស់បន្ថែមទៀត។

សារព័ត៌មាន Nikkei របស់ជប៉ុនបានរាយការណ៍ថា មាននាវិកចំនួន ២២ នាក់នៅលើនាវានោះដែលជាជនជាតិប៊ុលហ្គារី និងហ្វីលីពីនតែមិនមានជនជាតិជប៉ុនបំរើការនៅលើនាវានោះទេ។

មេដឹកនាំក្រុមសកម្មប្រយុទ្ធហ៊ូទីបាននិយាយកាលពីសប្តាហ៍មុនថាកងកម្លាំងរបស់ខ្លួននឹងធ្វើការវាយប្រហារបន្ថែមទៀតទៅលើទឹកដីអ៊ីស្រាអែលហើយពួកគេនឹងស្វែងរកគោលដៅនាវាដែលជារបស់អ៊ីស្រាអែលនៅក្នុងសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandeb ។

មន្ត្រី​ការពារជាតិ​អាមេរិក​ម្នាក់​បាន​និយាយថា “​យើង​ដឹង​អំពី​ស្ថានការណ៍​នេះហើយយើង​កំពុង​តាមដាន​យ៉ាង​ដិតដល់​បំផុត”​។

ចំណែកនៅឯការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងថា កប៉ាល់មួយគ្រឿងដែលគេមិនបញ្ចេញឈ្មោះត្រូវបានរឹបអូស។ គាត់បានបន្ថែមថាជុំវិញករណីនេះ”មិនមានជនជាតិអ៊ីស្រាអែលនៅលើកប៉ាល់នោះទេ” ហើយអ៊ីស្រាអែលក៏មិនមានជាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិ ឬប្រតិបត្តិការរបស់ខ្លួននៅលើនាវានោះទេ។

“នេះគឺជាអំពើភេរវកម្មមួយផ្សេងទៀតដែលគាំទ្រដោយអ៊ីរ៉ង់បង្កឲ្យមានការកើនឡើងនូវសកម្មភាពបះបោរប្រឆាំងនឹងពលរដ្ឋមកពីប្រទេសលោកសេរីដែលជាការគម្រាមកំហែងដល់សុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់ពិភពលោក “។

ក្រុមសកម្មប្រយុទ្ធហ៊ូទីបាន​និយាយកាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថាកប៉ាល់​ទាំង​អស់​ដែល​គ្រប់​គ្រង ឬ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អ៊ីស្រាអែល ឬ​កាន់​ទង់ជាតិ​អ៊ីស្រាអែលអាចជា​គោលដៅរបស់ពួកគេ៕

ប្រភព៖ Reuters