អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានគេចចេញពីការផាកពិន័យរាប់ពាន់លានដុល្លាដោយស្របច្បាប់

ប្រែសម្រួល៖ សហការី

អស់រយ:ពេលជាងមួយខែកន្លងផុតទៅគេនៅមិនទាន់ឃើញមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗណាមួយទទួលរងនូវការផាកពិន័យបានធ្វើការទូទាត់សំណងចំពោះបទល្មើសរបស់ខ្លួនដូចជា ការរកស៊ីបំពានលើដៃគូប្រកួតប្រជែងលើទីផ្សារ ឬការប្រើប្រាស់ទិន្នន័យក្លែងក្លាយជាដើម ដែលមកទល់នឹងពេលនេះឃើញថាបានចំណាយពេលអស់ជាច្រើនឆ្នាំហើយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលបានប្រព្រិត្តបទល្មើសទាំងនោះនៅមិនទាន់បានធ្វើការទូទាត់សំណងសូម្បីតែមួយកាក់។

និយតករគ្រប់គ្រងទិន្នន័យប្រទេសអៀរឡង់បានប្រាប់ AFP ថាក្រុមហ៊ុន Meta នៅមិនបានទូទាត់សំណងណាមួយក្នុងចំណោមការផាកពិន័យដែលមានទឹកប្រាក់ចំនួនពីរពាន់លានអឺរ៉ូ ស្មើនឹង២.២ ពាន់លានដុល្លារអាមេរិក ដែលជាការផាកពិន័យសម្រាប់ការទូទាត់សំណងចេញតាំងពីខែកញ្ញាឆ្នាំមុន។ ចំណែកTikTok ក៏នៅជំពាក់រាប់រយលានផងដែរ។

និយ័តករគ្រប់គ្រងទិន្នន័យប្រទេសលុចសំបួរបានប្រាប់ AFP ថាក្រុមហ៊ុន Amazon នៅបន្តប្តឹងទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងការផាកពិន័យដែលមានទឹកប្រាក់ចំនួន ៧៤៨ លានអឺរ៉ូដែលការផាកពិន័យសម្រាប់ការទូទាត់សំណងចេញតាំងពីឆ្នាំ ២០២១ ។

Google នៅតែប្តឹងជំទាស់ទៅនឹងការផាកពិន័យរបស់សហភាពអឺរ៉ុបដែលមានតម្លៃជាងប្រាំបីពាន់លានអឺរ៉ូចំពោះបទល្មើសរំលោភលើដែនសីមានៃទីផ្សាររបស់ខ្លួននៅក្នុងចន្លោះឆ្នាំ ២០១៧ និង ២០១៩។

ក្រុមហ៊ុន Apple បានតស៊ូក្តីអស់រយៈពេលជាច្រើនឆ្នាំទល់នឹងការផាកពិន័យចំពោះការរំលោពលើទំនុកចិត្តរបស់ក្រុមហ៊ុនបារាំងដែលមានទឺកប្រាក់ចំនួន ១.១ ពាន់លានអឺរ៉ូដែលត្រូវបង្គាប់ឲ្យបង់ពន្ធចំនួន ១៣ ពាន់លានអឺរ៉ូដល់ប្រទេសអៀរឡង់។

បញ្ហាគឺស្ថិតនៅជាសកលនិងមានជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាគ្រប់លំដាប់ហើយក៏មិនមែនត្រឹមតែក្រុមហ៊ុនធំៗទាំងបួននេះនោះទេ។

នៅក្នុងសប្តាហ៍នេះ ប្រទេសអូស្ត្រាលីបានបញ្ជាក់ថា X ដែលជាអតីត Twitter នៅមិនទាន់បានបង់ប្រាក់ផាកពិន័យចំពោះការខកខានមិនបានរាយការណ៏អំពីផែនការរបស់ខ្លួនក្នុងការលុបបំបាត់ខ្លឹមសារដែលបង្ហាញពីការរំលោភបំពានផ្លូវភេទលើកុមារនោះនៅឡើយទេបើទោះបីជា X កំពុងប្តឹងទាស់ក៏ដោយ។

អ្នករិះគន់បាននិយាយថា ការផាកពិន័យលើក្រុមហ៊ុនបច្ចេកវិទ្យានៅតែមិនអាចបញ្ឈប់ការប្រព្រឹត្តល្មើសរបស់ពួកគេបានទេ ហើយក៏ល្មមដល់ពេលចាត់វិធានការឲ្យកាន់តែធ្ងន់ធ្ងរទៅលើក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះផងដែ។

  • ការប្រឈមលើគ្រប់ទម្រង់

.អ្នកស្រាវជ្រាវនៅអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសហូឡង់ Margarida Silva ដែលជាមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវលើពហុជាតិសាសន៍បានចង្អុលបង្ហាញថាក្រុមហ៊ុនបច្ចេកវិទ្យាមានកេរ្តិ៍ឈ្មោះល្បីជាយូរមកហើយខាងបង្កការឲ្យមាន “រំខាន” ។

Silva បាននិយាយថា “ការមិនទូទាត់សំណងផាកពិន័យដូចក្រុមហ៊ុនបច្ចេកវិទ្យាធំ ៗកំពុងប្រឈមនឹងការអនុវត្តច្បាប់ប្រឆាំងនឹងក្រុមហ៊ុនទាំងនោះ” ។

“ទោះបីជានៅក្នុងគ្រាចុងក្រោយក្រុមហ៊ុនទាំងនោះត្រូវចាញ់ក្តីក៏ដោយត្រង់ចំណុចនេះក្រុមហ៊ុនទាំងនោះនឹងបន្តនីតិវិធីដើម្បីអូសបន្លាយពេលវេលាជាច្រើនឆ្នាំជាបន្តទៅទៀត”។

ក្រៅពីបច្ចេកវិទ្យាឧស្សាហកម្មក៏នៅមានដូចជាវិស័យជាហិរញ្ញវត្ថុជាដើម លោកស្រីបានអះអាងថាទោះបីជាយ៉ាងណាក៏ដោយក៏នៅតែបន្តខិតខំឲ្យមានការលើកទឹកចិត្តចំពោះការទូទាត់សំណងដើម្បីធានាឲ្យមានទំនុកចិត្តដល់សាធារណជន និងវិនិយោគិនទាំងឡាយ។

ក៏ប៉ុន្តែលោក Romain Rard មេធាវីនៅ Gide Loyrette Nouel នៃក្រុងប៉ារីស បាននិយាយថា វាជារឿងធម្មតាទៅហើយដែលក្រុមហ៊ុនតែងតែសម្លឹងរកច្រកគេចចេញតាមមធ្យោបាយស្របច្បាប់ដោយធ្វើការប្តឹងទាស់ដើម្បីរាំងការផាកពិន័យដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ។

គាត់បានប្រាប់ AFP ថា “វាមិនទំនងទេដែលថាក្រុមហ៊ុនមានការព្រងើយកន្តើយទៅនឹងការផាកពិន័យ ដែលពួកគេកំពុងតែប្រឈមនឹងសេចក្តីសម្រេចនេះក្តីសង្ឃឹមដ៏ល្អបំផុតសម្រាប់ពួកគេគឺប្តឹងទាស់ទៅនឹងការផាកពិន័យទាំងនោះដែលជាមធ្យោបាយស្របច្បាប់អាចឲ្យពួកគេរួចខ្លួនដោយមិនចាំបាច់បង់ប្រាក់អ្វីនោះទេ” ។

ហើយក៏មានក្រុមហ៊ុនខ្លះទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ដូចជាក្រុមហ៊ុនបន្ទះឈីប Intel និង Qualcomm ថ្មីៗនេះជាដើម មានការផាកពិន័យប្រឆាំងនឹងការរំលោភលើទំនុកចិត្តរបស់សហភាពអឺរ៉ុបរាប់ពាន់លានដុល្លារត្រូវបានលុបចោល ឬកាត់បន្ថយទឹកប្រាក់ផាកពិន័យដោយយោងទៅតាមពាក្យបណ្តឹងឧទ្ធរណ៍ជាដើម។

  • បញ្ជូលក្រុមហ៊ុនបំបែកខ្លួនមកវិញ

ប្រព័ន្ធយុត្តិធម៌របស់អឺរ៉ុបមានសភាពខុសគ្នាទៅនឹងយុត្តាធិការតុលាការរបស់ប្រទេសចិន ឬសហរដ្ឋអាមេរិក ដែលការផាកពិន័យជាញឹកញាប់កើតឡើងនៅចុងបញ្ចប់នៃដំណើរការក្តីដ៏វែងអន្លាយមួយ ហើយត្រូវបានចាត់ទុកថាជាការរកដំណោះស្រាយតាមផ្លូវច្បាប់ទៅវិញ។

នៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនFacebook បានបង់ប្រាក់ផាកពិន័យជាប់ក្នុងកំណត់ត្រាចំនួន ៥ ពាន់លានដុល្លារទៅឲ្យគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) ជុំវិញសំណុំរឿងដ៏អាស្រូវរបស់ Cambridge Analytica ។

ចំណែកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់ Alibaba បានប្រកាសប្រាប់វិនិយោគិនកាលពីឆ្នាំ ២០២១ ភ្លាមៗនោះ ខ្លួនបានបង់ប្រាក់ផាកពិន័យជិត ៣ ពាន់លានដុល្លារអាមេរិកដល់និយ័តករចិន។

សកម្មជន​បានរាយការណ៏មកថា ក្រុមហ៊ុន​ទាំង​នេះ​សម្បូរ​ប្រាក់ច្រើនពេក​សម្រាប់​ចាយលើការផាក​ពិន័យ​​ក្នុងទឹកប្រាក់ដ៏ច្រើនលើសលប់។

មេធាវីជនជាតិអូទ្រីស Max Schrems ដែលបានប្រឹងប្រែងតស៊ូក្តីយ៉ាងស្វិតស្វាញសម្រាប់សិទ្ធិគ្រប់គ្រងទិន្នន័យនៅក្នុងទ្វីបអឺរ៉ុបបាននិយាយថា បញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងហើយដោយសារការអនុវត្តច្បាប់មិនស្មើភាពគ្នា។

លោកបានគូសបញ្ជាក់ថា គណៈកម្មាការការពារការគ្រប់គ្រងទិន្នន័យនៅអៀរឡង់ បានអនុញ្ញាតឲ្យក្រុមហ៊ុនទាំងនោះអូសបន្លាយពេលវេលាសម្រាប់ធ្វើការទូទាត់សំណងដោយផ្តល់សិទ្ធិបន្តដំណើរការក្តីទៅសាលាឧទ្ធរណ៍ហើយក្រោយមកក៏សម្រេចធ្វើការផាកពិន័យក្នុងទំហំទឹកប្រាក់ដ៏តិចតូចបំផុត។

នៅក្នុងបទសម្ភាសន៍ជាមួយ AFP ស្នងការរងការពារការគ្រប់គ្រងទិន្នន័យរបស់អៀរឡង់ Graham Doyle បានការពារកំណត់ត្រារបស់ការិយាល័យគាត់ ហើយបាននិយាយថាការផាកពិន័យគ្រាន់តែជាផ្នែកមួយដែលអនុវត្តទៅតាមបន្ទុកនៃបទល្មើសតែប៉ុណ្ណោះ។

លោក​បាន​បន្ថែម​ថា​៖ “​​ភាគច្រើន​នៃ​ការ​ស៊ើបអង្កេត​ទាំងនេះ​​ឃើញថាសំណុំរឿងត្រូវបានបិទ​បញ្ចប់ ខណៈ​ការ​ផាកពិន័យ​គ្រាន់តែជាវិធានការសម្រាប់​​​ផ្សព្វផ្សាយ​ជា​សាធារណៈដែល​ភាគច្រើនយើង​ក៏​មានវិធានការ​កែតម្រូវផង​ដែរ​”​។

គាត់បានគូសបញ្ជាក់អំពីនីតិវិធីស៊ើបអង្កេតលើសំណុំរឿងរបស់ Instagram ក្នុងករណីគ្រប់គ្រងទិន្នន័យកុមារ។

ការផាកពិន័យជាង ៤០៥ លានអឺរ៉ូបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការប្តឹងឧទ្ធរណ៍ ប៉ុន្តែ Doyle បានសង្កត់ធ្ងន់ថាវេទិកានេះត្រូវបានដោះស្រាយក្នុងជំហានដំបូងរួចទៅហើយ។

សកម្មជនក៏យល់ស្របផងដែរការផាកពិន័យគ្រាន់តែជាផ្នែកមួយនៃដំណោះស្រាយតែប៉ុណ្ណោះ។

Silva បានអះអាងថា ការពិន័យផ្នែកហិរញ្ញវត្ថុនៅមិនទាន់គ្រប់គ្រាន់នោះទេគឺដល់ពេលនិយ័តករធ្វើការជម្រះបញ្ជីឈានឡើងមួយកម្រឹតទៀត។

គាត់បានជំរុញដល់ពួកគេឲ្យបញ្ឈប់ការបំបែកនូវការកាន់កាប់ភាគហ៊ុននាពេលអនាគត និងការរួមបញ្ចូលគ្នានូវភាគហ៊ុននៅលើវិស័យទាំងនេះដោយធ្វើការជម្រះបញ្ជីទូទាត់សំណងខូចខាតពីអតីតកាល ដែលអាចឈានទៅដល់ធ្វើការបំបែកក្រុមហ៊ុនជាដើមដូចជា “បញ្ហាក្រុមហ៊ុន Meta គឺខុសគ្នាទាំងស្រុងប្រសិនបើក្រុមហ៊ុននេះមិនត្រូវបានអនុញ្ញាតឲ្យទិញភាគហ៊ុនរបស់ Instagram និង WhatsApp” ។ គាត់​បាន​និយាយយ៉ាងដូច្នេះ។

AFP បានស្នើសុំការឆ្លើយតបពីក្រុមហ៊ុន Meta ៕

ប្រភព៖ AFP