កីឡា

Man United គ្រោងលក់ភាគហ៊ុន ២៥% ទៅឲ្យ Jim Ratcliffe ក្នុងតម្លៃ ៣៣ ដុល្លារក្នុងមួយហ៊ុន

ប្រែសម្រួល៖ សហការី

សារព័ត៌មាន​​Sky News បានរាយការណ៍កាលពីថ្ងៃសុក្រថា ម្ចាស់ក្លិប Manchester United ដែលជាជនជាតិអាមេរិកដែលជាគ្រួសាររបស់ Glazer គ្រោងនឹងធ្វើកិច្ចព្រមព្រៀងក្នុងតម្លៃ ៣៣ ដុល្លារក្នុងមួយហ៊ុនជាមួយលោក Jim Ratcliffe បន្ទាប់មកគេនឹងឃើញមហាសេដ្ឋីជនជាតិអង់គ្លេសទទួលបានភាគហ៊ុន ចំនួន២៥ភាគរយនៅក្នុងក្លិបបាល់ទាត់អង់គ្លេស Man United

កិច្ច​ព្រម​ព្រៀង​ដែល​អាច​ត្រូវ​បាន​គេផ្សព្វផ្សាយ​នៅ​ថ្ងៃ​សុក្រ​នឹង​​បញ្ចប់​ដំណើរការ​លក់ហ៊ុននៅក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​។ គ្រួសាររបស់ Glazer បានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុនថាពួកគេកំពុងព្យាយាមរិះរក “ជម្រើសជាយុទ្ធសាស្រ្ត” សម្រាប់ក្លិប រួមទាំងការលក់ហ៊ុនដែលអាចធ្វើទៅបាន និងបើកចំហសម្រាប់ការវិនិយោគថ្មីទៀត។

ការផ្តល់ជូនរបស់លោក Ratcliffe គឺជាតំណាងនៃបុព្វលាភចំនួន ៧៩.១ ភាគរយជាតម្លៃសម្រាប់បិទការលក់ហ៊ុនកាលពីថ្ងៃព្រហស្បតិ៍នៃភាគហ៊ុនចំនួន ១៨.៤៣ ដុល្លារក្នុងមួយហ៊ុន ដែលមានតម្លៃហ៊ុនសរុបសម្រាប់ក្លិប Old Trafford ប្រហែល ៥.៤ ពាន់លានដុល្លារដោយមិនរាប់បញ្ចូលប័ណ្ណបំណុល។

ភាគហ៊ុនដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិករបស់ Manchester United បានកើនឡើងដល់ ៨.១ ភាគរយស្មើនឹង ១៩.៩០ ដុល្លារក្នុងមួយហ៊ុនសម្រាប់ការជួញដូរនៅមុនការបើកលក់នៅលើទីផ្សារ។

ខណៈពេលដែលមានការធ្វើកិច្ចព្រមព្រៀងរបស់បុត្រសម្ព័ន្ធ Glazers ដែលបានធ្វើឡើងនៅពីក្រោយ ឆាកបែបនេះគឺដោយសារតែមានការធ្លាក់ចុះយ៉ាងខ្លាំងនូវប្រជាប្រិយភាពរបស់Manchester United ជាមួយអ្នកគាំទ្រដែលខ្លួនធ្លាប់តែជាជើងឯកបាល់ទាត់អង់គ្លេសអស់ជាង ២០ សម័យកាលមកហើយនោះជាកត្តាចម្បងដែលអាចបង្កឲ្យមានការផ្លាស់ប្តូរវិធីគ្រប់គ្រងសំខាន់ៗសម្រាប់ក្លិបឲ្យមានដំណើរការឲ្យបានល្អប្រសើរឡើងវិញ។

លោក Ratcliffe សន្យាថានឹងធ្វើការកែប្រែឡើងវិញលើការគ្រប់គ្រងក្រុមបាល់ទាត់របស់ក្លិបដើម្បីឲ្យមានដំណើរការល្អប្រសើរនៅលើទីលានចាប់តាំងពីអតីតអ្នកចាត់ការ Sir Alex Ferguson បានចូលនិវត្តន៍នៅក្នុងក្នុងឆ្នាំ ២០១៣ ដែលមានការធ្លាក់ចុះនៅក្រោយពេលដែលធ្លាប់ទទួលបានជោគជ័យដែលមិនធ្លាប់មានពីមុនមកសម្រាប់ក្លិបបាល់ទាត់មួយនេះ។

លោក Ratcliffe បានសន្យាថានឹងមានការកែទម្រង់ដ៏ស៊ីជម្រៅមួយ។ ក្លិបបានប្រកាសកាលពីថ្ងៃពុធថានាយកប្រតិបត្តិ Richard Arnold នឹងចាកចេញបន្ទាប់ពីបានបំរើការមិនតិចជាងពីរឆ្នាំនៅក្នុងការងារនេះ។ ប្រភពបាននិយាយថានាយកប្រតិបត្តិផ្សេងទៀតត្រូវបានគេរំពឹងថានឹងចាកចេញផងដែរបន្ទាប់ពីកិច្ចព្រមព្រៀងមួយនេះត្រូវបានធ្វើឡើង។

កិច្ចព្រមព្រៀងនេះនឹងផ្តល់តម្លៃដល់ក្លិប Manchester United ក្នុងតម្លៃប្រហាក់ប្រហែលនឹងគូប្រជែងបាល់ទាត់ Premier League Chelsea ដែលត្រូវបានលក់ដោយពាណិជ្ជកររុស្ស៊ី Roman Abramovich កាលពីខែឧសភាឆ្នាំមុនក្នុងតម្លៃ ៥.២ ពាន់លានដុល្លារទៅឲ្យក្រុមវិនិយោគដែលដឹកនាំដោយ Todd Boehly និង Clearlake Capital ។

Manchester United រកចំណូលបានច្រើន និងមានអ្នកគាំទ្រច្រើនជាងគូប្រជែងនៅក្នុងទីក្រុងឡុងដ៍។

រួមទាំងបណ្ណបំណុលផងដែរ កិច្ចព្រមព្រៀងនេះមានតម្លៃចាប់ពី ៦ ពាន់លានដុល្លារទៅ ៦.៥ ពាន់លានដុល្លារ ស្របតាមអ្វីដែល Reuters បានរាយការណ៍កាលពីមុន។

ក្លិប​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​បញ្ជាក់​របស់ Reuters នោះទេ។

បើយោងតាមប្រភពបានឲ្យដឹងថា Ratcliffe ដែលជាប្រធានក្រុមហ៊ុនគីមីឥន្ធនៈ Ineos ត្រូវបានគេរំពឹងថានឹងគ្រប់គ្រងជារួមលើការជ្រើសរើសកីឡាកររបស់ក្លិប ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង។

Glazer បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រជុំវិញការដោះស្រាយផ្នែកសំខាន់នៃប្រតិបត្តិការរបស់ក្លិបនេះ។

Glazer ដែលបានបង្កើតទ្រព្យសម្បត្តិរបស់ខ្លួនក្នុងវិស័យអចលនទ្រព្យ ការលក់រាយ និងការថែទាំសុខភាព និងជាម្ចាស់ NFL’s Tampa Bay Buccaneers បានទិញក្រុហ៊ុនមនេះក្នុងតម្លៃ ៧៩០ លានផោនក្នុងឆ្នាំ ២០០៥ ។

កូនចៅទាំងប្រាំមួយនាក់របស់អ្នកជំនួញជនជាតិអាមេរិកលោក Malcolm Glazer ដែលបានស្លាប់នៅក្នុងឆ្នាំ ២០១៤ បច្ចុប្បន្នបានគ្រប់គ្រង ៩៦ ភាគរយនៃភាគហ៊ុនរបស់ Manchester United ៕

ប្រភព៖ Reuters