សន្ដិសុខសង្គម

អ្នករៀនជំនាញITម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរកៀបជាប់នៅក្នុងរថយន្ត

ដោយ៖សុខុម

ភ្នំពេញ៖រថយន្តមួយគ្រឿងបើកទៅបុករថយន្តដឹកទឹកកកពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រឡាប់ចាក់ទឹកកក ពេញផ្លូវហើយអ្នកបើកបររថយន្តបុកគេនោះក៏បានបាត់បង់ជីវិតដោយកៀបជាប់ក្នុងរថយន្ត។

ហេតុការណ៍នេះបានកើតឡើងកាលវេលា ម៉ោង ៣និង៤០នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៣ត្រង់ចំណុចផ្សារកាណាយ៉ា តាមបណ្តោយផ្លូវចោមចៅ ហៅផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនរងគ្រោះស្លាប់ ឈ្មោះ ជាង សក្កណា  អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជំនាញ អាយធី រស់នៅក្នុងភូមិ១០ ផ្លូវ១១៨ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញរថយន្តដឹកទឹកកក ម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2N.8824 បើកតាមបណ្ដោយផ្លូវ ចោមចៅហៅផ្លូវវេងស្រេងទិសដៅពីកើតមកលិច យ៉ាងលឿន។មកដល់ចំណុចកើតហេតុបង្អន់ល្បឿនបម្រុងបត់ឆ្វេងភ្លាមនោះស្រាប់តែមានរថយន្តការមរី ពណ៌ស ស៊េរីឆ្នាំ២០០៧ ពាក់ផ្លាកលេខភ្នំពេញ2R.8861 បើកតាមបណ្ដោយ ចោមចៅហៅផ្លូវវេងស្រេង ក្នុងទិសដៅស្របគ្នាយ៉ាងលឿនបានមកបុករថយន្តដឹកទឹកកកពេញទំហឹងបណ្ដាលឲ្យរថយន្តដឹកទឹកកកក្រឡាប់ ហើយអ្នកបើកបររត់បាត់ស្រមោល។ចំណែកឯរថយន្ត camry កៀបជាប់ អ្នកបើកបរនៅក្នុងរថយន្ត ត្រូវបានកងកម្លាំងសង្គ្រោះ ៧១១ កងពលតូច លេខ៧០ បានមកវះរថយន្តយកមនុស្សចេញតែកម្មអកុសលបានស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយហេតុមធ្យោបាយទាំងពីរគ្រឿងយកទៅរក្សាទុកនៅការិយ៉ាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕