សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាកាក្រោយសម្លាប់បុរសម្នាក់រឿងស្នេហាត្រីកោណ

ដោយ៖សហការី

បាត់ដំបង ៖នគរបាលគ្រោងនាំខ្លួនជនសង្ស័យ៣នាក់ទៅកាន់សាលាដំបូងខេត្តក្នុងរឿងប្រច័ណ្ឌហើយបានសម្លាប់បុរសម្នាក់ដែលចូលជ្រៀតជ្រែកក្នុងគ្រួសារស្នេហាត្រីកោណ។

នគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា ការបញ្ជូនខ្លួនជនសង្ស័យដើម្បីអនុវត្តតាមផ្លូវច្បាប់គ្រោងនឹងធ្វើឡើងនៅរសៀលថ្ងៃទី១៧ ឬនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០២៣នេះ ក្រោយករណីឃាតកម្មគិតទុកជាមុនដោយប្រើកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះបានបង្កឡើងកាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនៅត្រង់ចំណុចក្រុមទី០១ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនដៃដល់មានឈ្មោះយឿម  ម៉ែន  ភេទប្រុស  អាយុ២១ឆ្នាំ និងបក្ខពួក២នាក់ទៀតឈ្មោះសឿប  ស៊ីតង  ភេទប្រុស  អាយុ២៣ឆ្នាំ, ឈ្មោះវី  ខេត ហៅ  វ៉ា ភេទប្រុស  អាយុ២០ឆ្នាំ  ទាំង៣នាក់មានទីលំនៅក្នុងភូមិពុកឆ្មា  ឃុំអន្លង់វិល  ស្រុកសង្កែ  ខេត្តបាត់ដំបង ។ នៅព្រលប់ថ្ងៃកើតហេតុជនសង្ស័យទាំង ០៣នាក់  បានជិះម៉ូតូ០២គ្រឿងទៅធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះ ធឿម  ចំរើន ភេទប្រុស  អាយុ២១ឆ្នាំ  មានទីលំនៅក្រុមទី០៦  ភូមិកូនក្អែក២  ឃុំរបស់មង្គល់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវចំក្បាលពីក្រោយរបួសហូរឈាម រហូតដល់ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីពេទ្យ។

ប្រភពខាងលើបានបន្ថែមថា ដើមហេតុដែលនាំឲ្យកើតឡើងនូវអំពើឃាតកម្មគិតទុកជាមុននេះដោយសារតែជនសង្ស័យឈ្មោះ យឿម  ម៉ែន  បានផ្ទុះកំហឹងទៅលើជនរងគ្រោះបន្ទាប់ពីបានទាក់ទងស្នេហាជាមួយប្រពន្ធរបស់ខ្លួនកន្លងមក៕