អន្តរជាតិ

អ្នកលួចចិញ្ចៀនពេជ្រតម្លៃជិត១០ម៉ឺនដុល្លារត្រូវបានកាត់ទោសឲ្យជាប់គុកជាច្រើនឆ្នាំ

ប្រែសម្រួល៖សហការី​

បុរសបីនាក់បានមករស់នៅក្នុងប្រទេសសិង្ហបុរីមួយរយៈហើយនៅមុនពេលចាកចេញពីប្រទេសសិង្ហបុរីទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញពួកគេក៏បានឃុបឃិតគ្នាចូលលួចចិញ្ចៀនពេជ្រមួយវង់មានទំហំ ៣ ការ៉ាត់ដែលដាក់តាំងលក់នៅក្នុងហាងបញ្ចាំឈ្មោះថាLucky Plaza។ ចិញ្ចៀនពេជ្រនោះមានតម្លៃជាង ១៣២,០០០ ដុល្លារសិង្ហបុរីស្មើនឹង ៩៧,៧០០ ដុល្លារអាមេរិក។

បុរសឈ្មោះថា Lu Jingnan ជាជនជាតិចិនមានអាយុ ៤៩ ឆ្នាំត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ៨ ខែ កាលពីថ្ងៃព្រហស្បតិ៍ទី ១៦ ខែវិច្ឆិកា ។ គាត់​បាន​សារភាព​កំហុសក្នុង​ករណី​​លួច​ដោយ​ចេតនា​ដែលមានស្ថានទម្ងន់ទោស។

គាត់បានមកដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី ១១ ខែកក្កដា ជាមួយនឹងបក្ខពួកជនជាតិចិនឈ្មោះ Luo Yi អាយុ ៥០ ឆ្នាំ និងឈ្មោះ He Yuanlin អាយុ ៥៩ ឆ្នាំ តាមជើងហោះហើរដាច់ដោយឡែកពីគ្នា ដោយមានចេតនាចូលលួចចិញ្ចៀនពេជ្រនៅក្នុងហាងមួយនេះ។

នៅក្នុងថ្ងៃទី ១២ ខែកក្កដា Lu បានទៅហាងបញ្ចាំ ValueMax នៅ Lucky Plaza លើផ្លូវ Orchard ។ គាត់​បាន​សួរ​តម្លៃ​នាឡិកា និង​ចិញ្ចៀន​ពេជ្រ​ដែល​ដាក់​តាំង​លក់នៅក្នុងហាង ហើយ​អ្នក​គ្រប់​គ្រង​ហាង​ជា​ស្ត្រី​ក៏បាន​បង្ហាញគ្រឿងអលង្ការច្រើនប្រភេទដល់គាត់។

Lu បាននិយាយថាគាត់បានទិញចិញ្ចៀនទម្រង់បែបនេះនៅហុងកុងប៉ុន្តែមានបញ្ហាជាមួយនឹងវិញ្ញាបនបត្រគាត់ថាគាត់ចង់ទិញចិញ្ចៀនពេជ្រនេះឲ្យទៅប្រពន្ធគាត់ទុកជាអនុស្សាវរីយ៏នៅថ្ងៃខួបកំណើតរបស់គាត់។

បន្ទាប់មក Lu បានប្រាប់អ្នកគ្រប់គ្រងហាងថា គាត់នឹងត្រឡប់មកវិញនៅក្រោយពេលដែលបានពិនិត្យសាកមើលជាមួយប្រពន្ធគាត់ពីទម្រង់ចិញ្ចៀនពេជ្រថាតើវាមានទំហំធំសមល្មមឬអត់។

ក្រោយមកនៅថ្ងៃទី ១៦ ខែកក្កដា Lu, He និង Luo បានចូលទៅក្នុងហាង Lucky Plaza ជាមួយគ្នា។ Lu និង Luo ចូល​ហាង ValueMax មួយទៀតដែលនៅជាប់​​គ្នាក្នុងខណៈ​ពេលដែល​គាត់​ដើរ​លេង​នៅ​ខាង​ក្រៅ ហើយ​មើល​មកខាងក្នុងតាមចន្លោះ​បន្ទះ​កញ្ចក់។

Lu និង Luo មិនបានប្រាស្រ័យទាក់ទងគ្នាដោយចំហនៅក្នុងហាងនោះទេ ហើយ Lu បានប្រាប់បុគ្គលិកដូចគ្នាថាគាត់ត្រឡប់ទៅមើលចិញ្ចៀនពេជ្រវិញសិន។

ក្នុងពេលជាមួយគ្នានោះ Luo បាននិយាយទៅកាន់បុគ្គលិកប្រុសម្នាក់អំពីគ្រឿងអលង្ការច្នៃពីមាសនៅខាងផ្នែកផ្សេងក្នុងហាងនោះ។

បុគ្គលិកស្រីនោះបានទៅយកចិញ្ចៀនពេជ្រពីរវង់ពីទូកញ្ចក់ដើម្បីបង្ហាញដល់ Lu ប៉ុន្តែ Lu បាននិយាយថាគាត់កំពុងស្វែងរកចិញ្ចៀនពេជ្រធំជាងនេះពីរទៅបីការ៉ាត់។

គាត់​បាន​អះអាង​ថា​គាត់មាន​សាច់ប្រាក់​ជាង ៥០,០០០ ដុល្លារ​សិង្ហបុរីបន្ទាប់មកបុគ្គលិក​នោះ​ក៏បាន​ទៅ​យក​ចិញ្ចៀន​ពេជ្រ​ទំហំ ៣,០១ ការ៉ាត់បង្ហាញ​ទៅ Lu។

ចិញ្ចៀននេះមានតម្លៃ ១៣២,៤៧៩ ដុល្លារ​សិង្ហបុរីហើយនៅទីបំផុតក៏ត្រូវគាត់លួចយក។

Lu បានកាន់ចិញ្ចៀននោះហើយប្រាប់អ្នកគ្រប់គ្រងហាងថាគាត់ចាប់អារម្មណ៍ទិញវា។ ទោះ​ជា​យ៉ាង​ណា នាយក​ប្រតិបត្តិ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ចិញ្ចៀន​ដែល​ធំ​ល្មម​នឹង​ចិញ្ចៀននេះណាស់។

បន្ទាប់​មក Lu បាន​សួរ​អំពី​ពេជ្រ​តូច​មួយ​ទៀត ដែល​ស្ត្រី​នោះ​បាន​យក​មក​វិញហើយក៏​រៀបចំ​ទុកដាក់វិញ។

នៅពេលនេះ Lu មើលទៅ Luo ហើយក៏ងក់ក្បាលជាសញ្ញា។ បន្ទាប់មក Luo បាន​ទៅសួររំខាន​បុគ្គលិក​ប្រុស​ដែល​នៅជាមួយ​គាត់​មិន​ឲ្យ​ដើរ​ចេញ​ពី​កន្លែងនោះដើម្បីរារាំង​គាត់មិនឲ្យ​​ឃើញ Luលួចបន្លំយកពេជនៅពីជ្រុងម្ខាងទៀតនៃហាងនោះ ។

ដោយ​សារតែបុគ្គលិក​ស្រីម្នាក់ទៀតកំពុងជាប់​រវល់​នឹង​ការ​រៀបចំ​ពេជ្រ​តូចៗ​ជាងនោះ Lu បាន​លួចយក​ចិញ្ចៀន​ពេជ្រ​ទំហំ ៣ ការ៉ាត់ដាក់​ចូលទៅ​ក្នុង​ហោប៉ៅ​ឆ្វេង​របស់​គាត់ភ្លាមៗតែម្តង។

រួចហើយគាត់​ធ្វើជាដើរមើល​ពេជ្រ​តូចៗ​ជាងនេះ ហើយក៏ធ្វើជា​ប្រាប់​បុគ្គលិក​ស្រី​ថា គាត់​​សម្រេច​ចិត្ត​ទិញ​វាជា​ជំនួសអាធំ​វិញ។

ស្ត្រី​នោះ​បាន​សុំ​មិត្ត​រួមការ​ងារ​ឲ្យទុក​ចិញ្ចៀន​ពេជ្រ​មួយ​វង់​ទៀតទៅវិញ ខណៈ​ដែលនាង​ទៅ​ការិយាល័យ​ខាងក្រោយ ដើម្បី​ពិនិត្យ​មើលតម្លៃ​ពេជ្រ​ដែលតូច​ជាងនេះ ។

នៅក្នុងពេលដែល​នាងចាកចេញពីកន្លែងលក់​ Lu ក៏បាន​ចាក​ចេញ​ពី​ហាង​ដោយបន្លំ​យក​ចិញ្ចៀន​មក​ជាមួយ ហើយ Luo ក៏​ចេញ​ទៅផងដែ។

Lu បានជិះតាក់ស៊ីទៅ Woodlands Checkpoint ខណៈពេលដែល Luo និង He បានចាកចេញពីផ្សារទំនើបក្នុងទិសដៅផ្សេងគ្នា។

សកម្មភាព​របស់​ពួកគេ​ត្រូវ​បាន​ថត​ដោយមេរ៉ាសុវត្ថិភាព​​ក្នុង​ផ្សារ​ទំនើប និង​នៅក្នុង​ហាង ValueMax។

Lu និង He បានចាកចេញពីសិង្ហបុរីតាមឡានក្រុងតាមច្រក Woodlands នៅថ្ងៃដដែលនោះ ខណៈ Luo បានចាកចេញតាមអាកាសយានដ្ឋាន Changi នៅយប់នោះផងដែរ។

Lu និង He ត្រូវ​បាន​ប៉ូលិស​ម៉ាឡេស៊ី​ចាប់​ខ្លួន​ក្នុង​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា ដោយ​រក​ឃើញ​ចិញ្ចៀន​ដែល​គាត់លួច​បាននៅ​ជាប់នឹងខ្លួន​របស់​គាត់។

ជនល្មើសទាំងពីរនាក់នេះត្រូវបានគេធ្វើបត្យាប័នទៅប្រទេសសិង្ហបុរីវិញនៅថ្ងៃបន្ទាប់។

ព្រះរាជអាជ្ញាបានធ្វើការចោទប្រកាន់ពួកគេហើយបានកាត់ទោសដាក់ពន្ធនាគារយ៉ាងហោចណាស់ក្នុងរយៈពេលបីឆ្នាំសម្រាប់ Lu ដោយមានការថ្លឹងថ្លែងលើតម្លៃចិញ្ចៀនពេជ្រដែលគាត់បានលួច និងធាតុផ្សំនៃបទល្មើសដែលជាការគិតទុកជាមុន។

លោក James Chew ព្រះរាជអាជ្ញារងអមសាលាក្តីសាធារណៈបាននិយាយថា ភាគីនីមួយៗបាន

ប្រព្រឹត្តបទល្មើសមានស្ថានទម្ងន់ទោសដោយមានការរៀចំទុកជាមុនក្នុងដំណើររបស់ពួកគេដើម្បីស្វែងរកគោលដៅសម្រាប់ប្រព្រឹត្តបទល្មើស។

គាត់បានបន្តថា Lu គឺជាជនល្មើសដ៏សំខាន់ពាក់ព័ន្ធនឹងការសើបសួរក្នុងចេតនាលួចពិតប្រាកដហើយមានពិរុទ្ធភាពធ្ងន់ជាងគេក្នុងចំណោមអ្នកទាំងបីនេះ។

លោក Chew បានបន្ថែមថា នៅមានបទល្មើសឆ្លងដែនផងដែរ ដោយហេតុថា Lu និងបក្ខពួករបស់គាត់គឺជាជនបរទេសដែលបានកំណត់គោលដៅប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសសិង្ហបុរី។

ចំពោះ​បទចូលលួច​ក្នុង​ហាងលក់គ្រឿងអលង្ការ Lu ​ត្រូវកាត់ទោសដាក់​​គុក​ដល់​ទៅ​ប្រាំពីរ​ឆ្នាំ និងត្រូវ​ពិន័យ​ជា​សាច់ប្រាក់ថែមទៀតផង៕

ប្រភព៖ CNA