ព័ត៌មានជាតិ

ប្រកាសរកមុខជនល្មើសប្រើឧបករណ៍ឆក់ងាប់ផ្សោតមួយក្បាលនៅស្រុកសៀមបូក

ដោយ៖សុខុម

ស្ទឹងត្រែង៖ជំនាញរដ្ឋបាលជលផលនឹងផ្ដល់ប្រាក់រង្វាន់ដល់ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធនិងប្រជាពលរដ្ឋណាដែលជួយបង្ហាញអត្តសញ្ញាណជនល្មើសប្រើឧបករណ៍ឆក់ងាប់ផ្សោតមួយក្បាលនៅស្រុកសៀមបូកខេត្តស្ទឹងត្រែងកាលពីថ្ងៃទី ១៥ខែវិច្ឆិកាឆ្នាំ២០២៣ដើម្បីផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមច្បាប់។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាសត្វផ្សោត១ក្បាល វ័យជំទង់អាយុប្រមាណ៧ឆ្នាំ ឈ្មោល ប្រវែង១,៩៤ម៉ែត្រ ទម្ងន់៦៥គីឡូក្រាម បានងាប់នៅភូមិកោះជឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

តាមការធ្វើកោសល្យវិច័យរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សន្និដ្ឋានថា ផ្សោតនេះងាប់ដោយឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន។

សូមបញ្ជាក់ថាឆ្នាំ២០២៣នេះ ផ្សោតកើតបាន៨ក្បាល និងងាប់ចំនួន៥ក្បាល ក្នុងនោះកូនផ្សោតបានងាប់២ក្បាល ជំទង់២ក្បាល និងចាស់មានអាយុច្រើន១ក្បាល៕