អន្តរជាតិ

ជំនួបរវាងJoe Bidenនិង Xi Jinping ត្រូវបានគេរំពឹងថានឹងមានអត្ថប្រយោជន៍សម្រាប់ពិភពលោក

ប្រែសម្រួល៖ សហការី

ក្រុមអ្នកសង្កេតការមានក្តីរំពឹងថាជំនួបរវាងប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping ក្នុងទីក្រុង San Francisco នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកានេះនឹងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ពិភពលោក ដែលគេរំពឹងថាអាចនឹងបញ្ចប់ការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាចទាំងពីរដែលបច្ចប្បន្ននេះកំពុងតែមានជម្លោះដោយប្រយោល។

រួមជាមួយនឹងស្ថានការនយោបាយដ៏តានតឹងដែលកាន់តែឡើងកម្តៅជុំវិញបញ្ហាកោះតៃវ៉ាន់និងការដាក់ទណ្ឌកម្មរបស់អាមេរិកលើវិស័យពាណិជ្ជកម្មរបស់ចិនជាដើម។ មេដឹកនាំនៃប្រទេសទាំងពីរដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេលើពិភពលោកត្រូវបានគេរំពឹងថានឹងធ្វើការសន្ទនាជាមួយគ្នាយ៉ាងហោចណាស់ឲ្យបានចាប់ពីបីម៉ោងឡើងទៅ។

កិច្ចប្រជុំដែលបានរៀបចំឡើងដោយប្រុងប្រយ័ត្នបំផុតដាច់ដោយឡែកពីកិច្ចប្រជុំកំពូលរបស់ APEC នៅរដ្ឋកាលីហ្វ័រញ៉ាដែលគ្រោងនឹងចាប់ផ្តើមចាប់ដៃគ្នាជាផ្លូវការនៅវេលាម៉ោង ១០.៤៥ នៅពេលព្រឹក ដែលត្រូវជាថ្ងៃព្រហស្បតិ៍ ម៉ោង ២.៤៥ នាទីព្រឹក  បន្ទាប់មកនឹងមានការសន្ទនាជាទ្វេភាគីដោយបិទទ្វារនិងមានការពិសារអាហារថ្ងៃត្រង់រួមគ្នាផងដែរ។

លោក Biden ដែលស្ថិតក្នុងអាយុ ៨០ ឆ្នាំបានជូនដើមអូលីវដល់លោក Xi ដែលមានអាយុ ៧០ ឆ្នាំនៅមុនបើកកិច្ចពិភាក្សាបាននិយាយដោយទទូចថាសហរដ្ឋអាមេរិក “មិនព្យាយាមងាកចេញពីប្រទេសចិននោះទេ” ហើយមានគោលបំណងចង់ឲ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅនិងឲ្យកាន់តែប្រសើរឡើងថែមទៀត។

ប្រធានាធិបតីអាមេរិកមិនអាចបដិសេធចំពោះកម្មវិធីបន្តរហូតដល់កម្មវិធីរៃអង្គាសប្រាក់នៅក្នុងពិធីអាហារពេលល្ងាចដែលនៅក្នុងខណៈពេលនោះលោក Biden បានអះអាងថានឹង “បង្កើតភាពជាអ្នកដឹកនាំរបស់អាមេរិកឡើងវិញនៅក្នុងពិភពលោក” ដែលជាកត្តាមួយនាំឲ្យមេដឹកនាំកុម្មុយនិស្តរបស់ប្រទេសចិនលោក Xi ប្រាកដជាមានប្រតិកម្មមិនខានឡើយ។

ប្រទេសចិនបានឆ្លើយតបតាមរយៈអ្នកនាំពាក្យរបស់ក្រសួងការបរទេសដោយចង្អុលដាក់ប្រទេសទាំងអស់ថាជាអ្នកបង្កឲ្យមានបញ្ហា រួមទាំងសហរដ្ឋអាមេរិកផងដែរហើយក៏បានអំពាវនាវឲ្យមានការប្រកាន់យកនូវចំណុចវិជ្ជមានក្នុងការនិយាយនៅក្នុងកិច្ចប្រជុំកំពូលដ៏សំខាន់មួយនេះ។

អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការគូសបញ្ជាក់ថា “ចំណុចសំខាន់ក្នុងការធ្វើឲ្យមានស្ថិរភាព ក្នុងការក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរគឺត្រូវកែលម្អឥរិយាបទនយោបាយការទូតរវាងចិននិងអាមេរិក គឺភាគីទាំងពីរត្រូវតែធ្វើការជាមួយគ្នាដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក” ។

  • បញ្ហាប៉េងប៉ោងចារកម្ម

បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នានៅកោះបាលីកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ មេដឹកនាំទាំងពីរនៅមិនទាន់បានជួបគ្នាដោយផ្ទាល់ទៀតនោះទេ ហើយទំនាក់ទំនងទ្វេភាគីក៏មានការធ្លាក់ចុះគួរឲ្យព្រួយបារម្ភនៅក្រោយពេលដែលសហរដ្ឋអាមេរិកបានបាញ់ទម្លាក់ប៉េងប៉ោងចារកម្មរបស់ចិនកាលពីខែកុម្ភៈកន្លងទៅ។

នៅក្នុងកិច្ចពិភាក្សានេះក៏អាចបង្កឲ្យមានជាជម្លោះនៅពីក្រោយឆាកក្នុងការប្រកួតប្រជែងសម្រាប់ភាពជាអ្នកដឹកនាំពិភពលោករវាងសហរដ្ឋអាមេរិកនិងប្រទេសចិនដែលភាគីទាំងសងខាងធ្វើការអះអាងកាន់តែខ្លាំងឡើងរៀងៗខ្លួន។

បញ្ហាដ៏រសើបនិងផុយស្រួយបំផុតនោះគឺកោះតៃវ៉ាន់ ដែលប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យនិងគ្រប់គ្រងដោយខ្លួនឯង ដែលក្រុងប៉េកាំងអះអាងថាជាដែនដីស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ប្រទេសចិនហើយក៏មិនបានច្រានចោលការចូលទៅគ្រប់គ្រងដោយប្រើកម្លាំងទ័ពនោះទេ។

គេរំពឹងថាលោក Biden នឹងព្រមានប្រទេសចិនកុំឲ្យជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់តៃវ៉ាន់ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរខែដោយលើកហេតុផលថាវានឹងអាចបង្កឲ្យមានសភាពតានតឹងកាន់តែខ្លាំងឡើង។

លោក Jake Sullivan ដែលជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា “វាជាទំនាក់ទំនងដ៏ចម្រូងចម្រាស់មួយហើយក្នុងទម្រង់ទំនាក់ទំនងប្រភេទនេះគឺលាយឡំជាមួយនឹងការប្រកួតប្រជែងដ៏ច្របូកច្របល់ដែលអាចឈានទៅបង្កឲ្យមានជម្លោះ ឬក៏អាចក្លាយទៅជាការប្រឈមមុខដាក់គ្នាបានដោយងាយបំផុត ប្រសិនបើភាគីទាំងសងខាងមិនអាចគ្រប់គ្រងជម្លោះនេះឲ្យបានល្អ” ។

ក្រុងប៉េកាំង និងវ៉ាស៊ីនតោនបាននឹងកំពុងជាប់គាំងទំនាក់ទំនងការទូតកម្រិតខ្ពស់នៅក្នុងប៉ុន្មានខែថ្មីៗនេះគឺជាកត្តាមួយបណ្តាលឲ្យមានសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិននៅក្នុងរយ:ពេលមិនទាន់បានមួយសប្តាហ៍នៅមុនពេលកិច្ចប្រជុំកំពូលមកដល់។

សម្រាប់ការរំពឹងទុកថានឹងមានសេចក្តីប្រកាសសំខាន់ៗនោះគឺនៅមានកម្រិតទាបនៅឡើយទេ ប៉ុន្តែប្រទេសទាំងពីរបានរត់តាមពីក្រោយគោលការឈ្នះៗជាបន្តបន្ទាប់នៅក្រោយពេលដែលមានដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Xi ទៅកាន់ទឹកដីសហរដ្ឋអាមេរិកតាំងពីនៅក្នុងរជ្ជកាលលោកប្រធានាធិបតី Donald Trump ក្នុងឆ្នាំ ២០១៧ ដែលនៅក្នុងពេលនោះលោកត្រូវបានធ្វើជាម្ចាស់ផ្ទះ។

គោលបំណងមួយនៅក្នុងចំណោម “គោលបំណងសំខាន់ៗ” របស់កលោក Biden គឺការស្ដារឡើងវិញនូវខ្សែទំនាក់ទំនងតាមទូរសព្ទបន្ទាន់របស់យោធារបស់ប្រទេសទាំងពីរ ដែលក្រុងប៉េកាំងបានដើរចេញបន្ទាប់ពីប្រធានសភា Nancy Pelosi មកធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីឆ្នាំ ២០២២ នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកម្នាក់។

មន្ត្រីនោះបាននិយាយថា គេនៅតែមានក្តីសង្ឃឹមលើ “វឌ្ឍនភាព” នៃកិច្ចសហប្រតិបត្តិការលើការកំណត់ការនាំចេញផលិតផលចិន។

មេដឹកនាំទាំងពីរនឹងចរចាអំពីជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសរួមទាំងសង្រ្គាមនៅអ៊ុយក្រែនផងដែ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរយល់ឃើញរៀងៗខ្លួនថាពួកគេគាំទ្រគូភាគីម្ខាងៗដែលជាហេតុនាំឲ្យមានភាពតានតឹងជាសកលបន្ថែមទៀត។

ប្រទេសចិន និងសហរដ្ឋអាមេរិកក៏បានសន្យានៅមុនកិច្ចប្រជុំកំពូលនេះថានឹងធ្វើការយ៉ាងជិតស្និទ្ធដ៏ស៊ីជម្រៅជាមួយគ្នាបន្ថែមទៀតដូចជាការឡើងកម្តៅផែនដីជាដើមនិងធ្វើការប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមថា វិបត្តិបម្រែបម្រួលអាកាសធាតុគឺជា “បញ្ហាប្រឈមដ៏ធំបំផុតមួយនៅក្នុងសម័យកាលនេះ”។

 

  • ការជំរុញសន្ទុះសេដ្ឋកិច្ច

សម្រាប់ភាគីចិន លោក Xi ត្រូវបានគេរំពឹងថានឹងជំរុញអាមេរិកឲ្យបញ្ចប់ការរារាំងចរន្តដោះដូរពាណិជ្ជកម្ម និងការបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចចិនដើម្បីជំរុញឲ្យមានសន្ទុះកំណើនឡើងវិញនៅក្រោយពេលបិទខ្ទប់នៅក្នុងខណៈពេលដែលមានការអនុវត្តគោលនយោបាយសូន្យ-Covid។

មេដឹកនាំចិននឹងរៀបចំអាហារពេលល្ងាចជាមួយមេដឹកនាំអាមេរិកបន្ទាប់ពីកិច្ចប្រជុំកំពូល “ដើម្បីជាសញ្ញាបង្ហាញថាប្រទេសចិននៅតែជាកន្លែងដ៏ល្អសម្រាប់ការវិនិយោគសាកល” ក្រុមមន្ត្រីអាមេរិកបាននិយាយយ៉ាងដូច្នេះ។

លោក Biden និងលោក Xi មេដឹកនាំទាំងពីរបានចុះចតកាលពីថ្ងៃអង្គារនៅក្នុងទីក្រុង San Francisco ដែលមានមនុស្សរាប់ពាន់នាក់ឈរតម្រង់ជួរអបអរសាទរតាមដងផ្លូវដោយគ្រវីទង់ជាតិពណ៌ក្រហម និងមាសរបស់ប្រទេសចិន និងកាន់បដាស្វាគមន៍មេដឹកនាំចិនដោយក្តីរីករាយ។

អ្នកដឹកនាំទាំងពីរនឹងសង្ឃឹមថាអាចផ្តល់នូវអត្ថប្រយោជន៍ជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិលើសាកលលោកនៅក្រោយរយៈពេលជាងអស់មួយទស្សវត្តន៏កន្លះដែលមេដឹកនាំទាំងពីរបាលវិលមកជួបគ្នាវិញ។

មេដឹកនាំទាំងពីរបានជួបគ្នាដំបូងនៅពេលដែលលោកប្រធានាធិបតី Barack Obama ចាត់បញ្ជូនលោកអនុប្រធានាធិបតី Biden មកជួបលោក Xi នៅក្នុងឆ្នាំ ២០១១ ដែលនៅក្នុងពេលនោះលោក Biden គឺជាស្ថិតនៅក្នុងលេខរៀងទីពីរបើយោងតាមឋានានុក្រមរបស់ប្រទេសចិន៕

ប្រភព៖ AFP