អន្តរជាតិ

មន្រ្តីការពារជាតិអាមេរិកចោទចិននិងរុស្ស៊ីថាជួយកូរ៉េខាងជើងឲ្យគេចពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ

ប្រែសម្រួល៖សហការី

នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកាលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិរបស់អាមេរិកបានថ្លែងថា រដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ ដែលត្រួតពិនិត្យលើការអនុវត្តបទឈប់បាញ់ក្នុងសម័យសង្គ្រាមកូរ៉េ មានការព្រួយបារម្ភថាប្រទេសចិន និងរុស្ស៊ី កំពុងជួយប្រទេសកូរ៉េខាងជើងឲ្យគេចចេញពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដើម្បីជួយដល់ក្រុងព្យុងយ៉ាងធ្វើការពង្រីកសមត្ថភាពយោធា។

រដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិរួមទាំងប្រទេសកូរ៉េខាងត្បូងបានធ្វើសេចក្តីថ្លែងការណ៍មួយនៅឯកិច្ចប្រជុំក្នុងទីក្រុងសេអ៊ូលដែលមានការចូលរួមដោយលោក Austin និងមន្ត្រីការពារជាតិនៃប្រទេសចំនួន ១៧ ដែលបង្កើតបានជាបញ្ជាការដ្ឋានរបស់អង្គការសហប្រជាជាតិហៅកាត់ថា UNC ជាស្ថាប័នត្រួតពិនិត្យបទឈប់បាញ់ក្នុងសម័យសង្គ្រាមកូរ៉េ បានប្តេជ្ញាឆ្លើយតបជាឯកតោភាគីចំពោះការឈ្លានពាន ឬការវាយប្រហារណាមួយពីសំណាក់ប្រទេសកូរ៉េខាងជើង។

លោក Austin បានថ្លែងថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងដែលប្រទេសចិន និងរុស្ស៊ីកំពុងជួយកូរ៉េខាងជើងក្នុងការពង្រីកសមត្ថភាពយោធាដោយអនុញ្ញាតឲ្យប្រទេសនេះគេចចេញពីការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” ។

លោកបានសង្កត់ធ្ងន់ថា “យើងក៏បានកត់សម្គាល់ផងដែរចំពោះការរីកចម្រើននាពេលថ្មីៗនេះនៅក្នុងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង”។ក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់កូរ៉េខាងជើងថាបានផ្គត់ផ្គង់សម្ភារយោធាដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ចំណែកក្រុងម៉ូស្គូក៏បានផ្តល់ជំនួយផ្នែកបច្ចេកទេសយោធាដើម្បីជួយដល់កូរ៉េខាងជើងធ្វើការពង្រីកសមត្ថភាពយោធារបស់ខ្លួនថែមទៀត។

ប្រទេសកូរ៉េខាងជើងនិងរុស្ស៊ីបានបដិសេធការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ថាមានកិច្ចព្រមព្រៀងសព្វាវុធដែលមេដឹកនាំទាំងពីរបានចុះកិច្ចសន្យាលើកិច្ចសហប្រតិបត្តិការយោធាឲ្យកាន់តែស៊ីជម្រៅនៅក្នុងជំនួបកាលពីខែកញ្ញានៅភាគខាងកើតប្រទេស។

ក្នុងខណៈពេលដែលលោក Austinបានធ្វើអត្ថាធិប្បាយលើបញ្ហានេះអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា “សេចក្តីថ្លែងការណ៍ទាំងអស់នេះគ្មានមូលដ្ឋានច្បាស់លាស់” ។

សេចក្តីថ្លែងការណ៍រួមរវាង UNC និងកូរ៉េខាងត្បូងបានបង្ហាញថា UNC “នឹងរួបរួមគ្នានៅខណៈពេលដែលកើតឡើងជាថ្មីនូវអរិភាព ឬក៏មានការវាយប្រហារដោយអាវុធលើឧបទ្វីបកូរ៉េ” ដោយធ្វើការថ្កោលទោសកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងថាជាអំពើ “ខុសច្បាប់” របស់ប្រទេសកូរ៉េខាងជើង។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានថ្លែងថាក្រុងព្យុងយ៉ាងត្រូវបានព្រមានមិន

ឲ្យមានការប៉ុនប៉ងឈ្លានពានប្រទេសកូរ៉េខាងត្បូងដោយបានធ្វើការកត់សម្គាល់ថាមិនដូចកាលពីឆ្នាំ ១៩៥០ នោះទៀតទេ ប្រទេសកូរ៉េខាងជើងឥឡូវនេះគឺជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិហើយ។

  • កូរ៉េខាងជើងអំពាវនាវឲ្យរំលាយស្ថាប័ណ្ណ UNC

លោក Shin បាន​ប្រាប់​អង្គប្រជុំ​ថា​៖ “ ​ប្រសិនបើ​កូរ៉េខាងជើង​ឈ្លានពាន​កូរ៉េខាងត្បូង​ម្តង​ទៀត នោះ​វា​នឹង​មាន​ភាពខុស​គ្នា​ដែលថា​រដ្ឋជា​សមាជិក​អង្គការសហប្រជាជាតិ​នឹងចាត់ទុកដូចជាការ​វាយប្រហារលើ​ទីបញ្ជាការរបស់​អង្គការសហប្រជាជាតិហើយប្រសិនបើប្រទេសដែលគាំទ្រកូរ៉េខាងជើងនៅក្នុងអំឡុង

សង្គ្រាមកូរ៉េព្យាយាមជួយម្តងទៀតនោះប្រទេសទាំងនោះក៏នឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិដូចកូរ៉េខាងជើងផងដែរ”។

ប្រទេសចិន និងរុស្សីបានគាំទ្រកូរ៉េខាងជើងក្នុងការប្រយុទ្ធជាមួយរដ្ឋជាសមាជិកអង្គការសហប្រជាជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ចិន និងកូរ៉េខាងជើង គឺជាភាគីនៃបទឈប់បាញ់ជាមួយនឹង UNC ។ រដ្ឋដែលជាសមាជិករបស់ UNC រួមមានសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និងទួកគី បានបញ្ជូនទាហានចូលរួមជួយផ្នែកវេជ្ជសាស្រ្តនៅក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០ដល់១៩៥៣ ។

UNC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥០ UNC ត្រូវបានផ្តល់តួនាទីក្នុងការស្ដារសន្តិភាព និងពង្រឹងបទឈប់បាញ់នឹងដើរតួជាបណ្តាញទំនាក់ទំនងជាមួយនឹងកូរ៉េខាងជើង។

UNC ត្រូវបានដឹកនាំដោយមេបញ្ជាការយោធាអាមេរិកដែលឈរជើងនៅកូរ៉េខាងត្បូង។

ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទបានហៅ UNC ថាជា “ឧបករណ៍របស់សហរដ្ឋអាមេរិកដែលបង្កឲ្យមានការប្រឈមមុខដាក់គ្នា” ដែលមិនពាក់ព័ន្ធនឹងតួនាទីរបស់អង្គការសហប្រជាជាតិ និងជា “អង្គការបង្កឲ្យមានសង្គ្រាមខុសច្បាប់” ដែលត្រូវតែរំលាយចោល។

កាលពីថ្ងៃចន្ទលោក Austin និងលោក Shin បានយល់ព្រមធ្វើកិច្ចព្រមព្រៀងផ្នែកសន្តិសុខទ្វេភាគីមានគោលបំណងធ្វើការរារាំងចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលដែលកូរ៉េខាងជើងកំពុងអភវឌ្ឍន៏។

ប្រមុខការពារជាតិបាននិយាយថា ពួកគេនឹងបង្កើនសមយុទ្ធយោធារួមគ្នា និងសហការជាមួយប្រទេសជប៉ុនដើម្បីរៀបចំឲ្យកាន់តែប្រសើរឡើងដើម្បីទប់ស្កាត់ការវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើង ខណៈពេលដែលពួកគេបានមើលឃើញពីតម្រូវការសម្រាប់កិច្ចពិភាក្សាបើកផ្លូវឆ្ពោះទៅរកសន្តិភាពនៅលើឧបទ្វីបកូរ៉េ។

នៅថ្ងៃអង្គារកងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយថាកងទ័ពជើងទឹកអាមេរិកនិងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធរួមគ្នានៅក្នុងសប្តាហ៍នេះ នៅឯឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ រួមទាំងសមយុទ្ធប្រឆាំងនាវាមុជទឹកផងដែរ៕

ប្រភព៖ Reuters