អន្តរជាតិ

លោកBidenរំពឹងថានឹងស្តារទំនាក់ទំនងរវាងចិននិងអាមេរិកឲ្យប្រកបដោយប្រក្រតីភាពដូចធម្មតាវិញ

ប្រែសម្រួល៖ សហការី

កាលពីថ្ងៃអង្គារទី១៤ វិច្ឆិកា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានបញ្ជាក់អំពីគោលដៅរបស់គាត់នៅក្នុងអំឡុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីងនៅក្នុងសប្តាហ៍នេះថានឹងផ្តោតទៅលើការបន្តទំនាក់ទំនងប្រកបដោយប្រករតីភាពតាមធម្មតារវាងប្រទេសមហាអំណាចទាំងពីរហើយសំខាន់បំផុតនោះគឺរក្សាទំនាក់ទំនងរវាងយោធាចិន និងយោធាអាមេរិក។

នៅមុនពេលចាកចេញទៅទីក្រុង San Francisco លោក Biden បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានថាលោកកំពុងខិតខំព្យាយាមផ្លាស់ប្តូរទំនាក់ទំនងរវាងអាមេរិកនិងចិនឲ្យបានកាន់តែល្អប្រសើរឡើងវិញបន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរនេះមានសភាពអាប់អួរនិងតានតឹងកាន់តែខ្លាំងឡើងៗ។

លោក Biden និង លោក Xi នឹងជួបគ្នាក្នុងថ្ងៃពុធនេះក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅរដ្ឋ San Francisco ។ ចាប់តាំងពីលោក Biden ចូលកាន់តំណែងនៅក្នុងខែមករា ឆ្នាំ២០២១នេះគឺជាជំនួបដោយផ្ទាល់ជាលើកទី២រវាងមេដឹកនាំនៃប្រទេសទាំងពីរ ។

ក្នុងខណ:ដែលមានគេសួរថាតើគាត់អាចប៉ាន់ស្មានលើភាពជោគជ័យក្នុងកិច្ចសន្ទនាជាមួយសមភាគីលោក ស៊ី ជីនពីងបានក្នុងកម្រឹតណា លោក Biden បានឆ្លើយថា “ដើម្បីងាកទៅស្តារទំនាក់ទំនងឲ្យមានដំណើរការធម្មតាវិញនិងឲ្យស៊ីចង្វាក់គ្នាយើងរំពឹងថាយ៉ាងហោចណាស់យើងអាចលើកទូរសព្ទសន្ទនាជាមួយគ្នានៅក្នុងគ្រាមានវិបត្តិហើយយើងមានការជឿជាក់ថាយោធារបស់ប្រទេសទាំងពីរនិងរក្សាទំនាក់ទំនងជាមួយគ្នាតាមធម្មតាឡើងវិញ”។

នៅក្នុងពេលដែលកំពុងធ្វើដំណើរនៅលើយន្តហោះ Air Force One ទៅកាន់ទីក្រុង San Francisco លោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានបានប្រាប់អ្នកយកព័ត៌មានថា លោក Biden និងលោក Xi ក៏នឹងភិភាក្សាគ្នាអំពីបញ្ហាជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅក្នុងតំបន់ Gaza និងផ្លាស់ផ្តូរគន្លឺះយុទ្ធសាស្ត្រដែលជាកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកដូចគ្នានិងការគាំទ្រអ៊ុយក្រែននៅក្នុងការប្រយុទ្ធរបស់ខ្លួនដើម្បីទប់ទល់នឹងការវាយលុករបស់រុស្ស៊ី។

លោក Kirby បានគូសបញ្ជាក់ថា “មេដឹកនាំទាំងពីរអាចនិយាយត្រង់ទៅត្រង់មកដោយបើកជំហទៅវិញទៅមក។

លោកបានថ្លែងបន្តថា លោក Biden នឹង “នឹងមិនរួញរាក្នុងការប្រឈមមុខប្រសិនបើចាំបាច់ក្នុងការចរចាលើបញ្ហាមួយចំនួនដែលយើងមិនអាចមើលឃើញជាមុន” ក៏ប៉ុន្តែនឹងខិតខំបង្កបរិយាកាសដើម្បីស្វែងរកដំណោះស្រាយជម្រុញឲ្យមានកិច្ចសហប្រតិបត្តិការលើបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។បញ្ហាសេដ្ឋកិច្ចត្រូវបានចាត់ទុកជាអាទិភាពនៅក្នុងរបៀបវារៈក្នុងកិច្ចប្រជុំនេះ។

លោក Biden បាននិយាយថា សហរដ្ឋអាមេរិកមិនមានគោលបំណងផ្តាច់ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិននោះទេ ក៏ប៉ុន្តែគ្រាន់តែចង់ឲ្យមានការផ្លាស់ប្តូរលើវិស័យខ្លះដូចជាទំនាក់ទំនងផ្នែកសេដ្ឋកិច្ចដែលត្រូវតែជម្រុញឲ្យមានទំនាក់ទំនងឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

លោកបានបន្តថា គោលបំណងអាមេរិកគឺផ្តល់អត្ថប្រយោជន៍ដល់យើងទាំងអស់គ្នាដូចជាពលរដ្ឋចិនដែលរស់នៅក្នុងកម្រឹតជីវភាពមធ្យមអាចនឹងទទួលបានការងារដែលមានប្រាក់ចំណូលសមរម្យមួយ។

គាត់បានបន្ថែមថា “ខ្ញុំមិនបន្តគាំទ្រលើការវិនិយោគផ្តាច់មុខរបស់យើងនៅក្នុងប្រទេសចិននោះទេព្រោះយើងត្រូវតែគិតគូរដល់ការរក្សាការសម្ងាត់ក្នុងវិស័យពាណិជ្ជកម្មរបស់យើង” ។

ចិនបានកាត់ផ្តាច់ទំនាក់ទំនងរវាងយោធានិងយោធាជាមួយសហរដ្ឋអាមេរិកក្នុងហេតុផលមិនច្បាស់លាស់មួយបន្ទាប់ពីប្រធានសភាតំណាងរាស្រ្ត Nancy Pelosi បានមកធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំ២០២២។

ការស្ដារទំនាក់ទំនងឡើងវិញគឺជាគោលដៅចម្បងរបស់អាមេរិកដើម្បីបញ្ចៀសការគណនាខុសណាមួយរវាងយោធារបស់ប្រទេសទាំងពីរ។

ទំនាក់ទំនងរវាងប្រទេសទាំងពីរមានសភាពរសើបហើយផុយស្រួយបំផុតបន្ទាប់ពីលោក Biden បានបញ្ជាឲ្យបាញ់ទម្លាក់ប៉េងប៉ោងរបស់ចិនកាលពីខែកុម្ភៈដោយសង្ស័យថាជាប៉េងប៉ោងចារកម្មចិនដែលបានហោះលើដែនអាកាសសហរដ្ឋអាមេរិក។

ចាប់តាំងពីពេលនោះមកមន្ត្រីកំពូលរបស់លោក Biden បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយបានជួបជាមួយសមភាគីចិន ដើម្បីបង្កើតបរិយាកាសទំនាក់ទំនងនិងស្តារការជឿទុកចិត្តគ្នាទៅវិញទៅមកឡើងវិញ៕

ប្រភព៖ Reuters