សន្ដិសុខសង្គម

បញ្ជូនអ្នកបើករថយន្តបុកក្មេងស្លាប់ទៅតុលាការដោយចោទប្រកាន់៣បទល្មើស

ដោយ៖សុខុម

ក្រចេះ៖សមត្ថកិច្ចជំនាញផ្នែកសណ្តាប់ធ្នាប់នៃ អធិការដ្ឋាននគរបាលស្រុកស្នួលបានបញ្ជូនខ្លួនអ្នកបើកបររថយន្តសាំងយ៉ុងម្នាក់ទៅស្ថាប័នអយ្យការសាលាដំបូងខេត្តក្រចេះនៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៣ពាក់ព័ន្ធករណីបុកក្មេងស្រីម្នាក់ស្លាប់និងបានចោទប្រកាន់ចំនួន៣បទល្មើស។

លោក  ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងថា ជន សង្ស័យអ្នកបើកបររថយន្តសាំងយ៉ុងឈ្មោះ សឿន ផាន់នុត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ជននេះរងការចោទប្រកាន់ពាក់ព័ន្ធចំនួន៣បទល្មើសក្នុងនោះរួមមានទី១បើកបររថយន្តគ្មានបណ្ណ័បបើកបរ ទី២គឺបើកបរខ្ចីខ្ជារធ្វេសប្រហេស បណ្ដាលឱ្យស្លាប់អ្នកដទៃនិងទី៣ បើករត់ពីកន្លែងកើតហេតុគេចវេសមិនទទួលខុសត្រូវ។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែវិច្ចិការ កន្លងទៅនេះជនសង្ស័យជាអ្នកបើកបររថយន្តសាំងយ៉ុងមួយគ្រឿងដល់ចំណុចភូមិខ្សឹមស្រុកស្នួលខេត្តក្រចេះក៏បានបុកក្មេងស្រីម្នាក់កំពុងជិះកង់តាមផ្លូវបណ្ដាល ឲ្យស្លាប់ភ្លាមៗ។ពេលនោះជនសង្ស័យព្យាយាមបើករថយន្តគេចពីទីតាំងកើតហេតុដល់ស្រុកមេមត់ខេត្តត្បូងឃ្មុំ។នៅពេលជនសង្ស័យកំពុងព្យាយាមបើកបំបុកបារ៉ាស់របស់សមត្ថកិច្ចនិងបុករះម៉ូតូនិងរថយន្តរបស់សមត្ថកិច្ច ៣គ្រឿងនិងម៉ូតូមួយគ្រឿងទើបកម្លាំងសមត្ថកិច្ចតាមរហូតដល់លំនៅឋាននៅភូមិក្តុលស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្នួលវិញដើម្បីចាត់ការតាមច្បាប់៕