សន្ដិសុខសង្គម

កម្មកររោងចក្រម្នាក់សម្លាប់មិត្តភក្តិប្លន់យកម៉ូតូលក់យកលុយទៅស្តីដណ្តឹងកូនគេ

ដោយ៖សុខុម

សមត្ថកិច្ចនគរបាលក្រុងឧដុង្គម៉ែជ័យបានចាប់ខ្លួនជនសង្ស័យជាកម្មកររោងចក្រម្នាក់ជាប់ពាក់ព័ន្ធករណីសម្លាប់មិត្តភក្តិរបស់ខ្លួនយកម៉ូតូទៅលក់ដើម្បីយកលុយចូលស្តីដណ្ដឹងកូនក្រមុំគេ។

សមត្ថកិច្ចបាននិយាយថាករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៤០យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចខាងជើងរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយ ភូមិស្រះកែវ សង្កាត់ វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

លោក សម សាក់ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថ្ងៃទី ១៥ វិច្ឆិកាថាមុនពេលកើតហេតុកម្មកររោងចក្រពីរនាក់ជុំគ្នាផឹកស៊ី ។ក្រោយឃើញជនរងគ្រោះស្រវឹងបន្តិច ជនបង្កបានយកកាំបិតចុងស្រួចអារក និងចាក់សម្លាប់ជនរងគ្រោះតែម្តងដើម្បីប្លន់យកម៉ូតូ។ ក្រោយមកសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនិងម៉ូតូជនរងគ្រោះ។

សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះមានឈ្មោះ ណយ ចាន់ណៃ ភេទប្រុស អាយុ២២ឆ្នាំ  រស់នៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។ រីឯជនដៃដល់មានឈ្មោះ ពេជ្រ រ៉ាវី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រដូចគ្នា រស់នៅក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

កម្លាំងជំនាញក៏បានដកហូតវត្ថុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុមាន កូនកាំបិត១ ប្រឡាក់ឈាម ស្បែកជើង១គូ និងស្រាបៀរ៦កំប៉ុង។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ពេជ្រ រ៉ាវី បានសារភាពថា ខ្លួន និងជនរងគ្រោះឈ្មោះ ណយ ចាន់ណៃ គឺជាមិត្តភក្តិស្និទ្ធស្នាល រួមការងាររោងចក្រជាមួយគ្នា។ដោយសារតែខ្លួនស្រឡាញ់កូនស្រីគេនៅខេត្តតាកែវខ្លាំងពេក ហើយមិនមានលុយទៅចូលស្តីដណ្តឹង ទើបសម្រេចចិត្តសម្លាប់មិត្តភក្តិដើម្បីប្លន់យកម៉ូតូទៅលក់យកលុយឱ្យម្តាយចូលស្តីដណ្តឹងនារីដែលខ្លួនស្រឡាញ់។

ក្រោយសម្លាប់មិត្តភក្តិជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុនត្រៀមកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕