អន្តរជាតិ

ឧទ្ទាមមីយ៉ាន់ម៉ាវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យរបស់ពួកយោធាបណ្តាលឲ្យរាប់ពាន់នាក់ភៀសខ្លួនទៅ ប្រទេសឥណ្ឌា

ប្រែសម្រួល៖សហការី

កាលពីថ្ងៃចន្ទ ១៣ វិច្ឆិកា ក្រុមបះបោរប្រដាប់អាវុធរបស់ជនជាតិភាគតិចមីយ៉ាន់ម៉ាបានវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យរបស់របបយោធាមីយ៉ាន់ម៉ា។ មន្ត្រីរបស់របបយោធាមីយ៉ាន់ម៉ាម្នាក់បាននិយាយថា ខណៈដែលមានការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅរណសិរ្សថ្មីពីរបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បានភៀសខ្លួនឆ្លងចូលទៅក្នុងប្រទេសជិតខាងដើម្បីស្វែងរកសុវត្ថិភាព។

របបយោធាមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងការវាយបកដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីការឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ ២០២១ បន្ទាប់ពីកងកម្លាំងជនជាតិភាគតិចមកពី បី អង្គភាព បានបើកការវាយបកយ៉ាងធ្ងន់ធ្ងរកាលពីចុងខែតុលាហើយដណ្តើមបានទីប្រជុំជនសំខាន់ៗ និងទីតាំងយោធាមួយចំនួនថែមទៀតផង។

ប្រធានាធិបតីដែលត្រូវបានតែងតាំងដោយយោធាកាលពីសប្តាហ៍មុនបាននិយាយថា ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសមានទំហំធំស្មើនឹងប្រទេសបារាំង កំពុងមានជម្លោះបែកបាក់គ្នាដោយសារតែការឆ្លើយតបរបស់ពួកគេមិនសូវមានប្រសិទ្ធភាពនៅក្នុងការបង្រ្កាបការបះបោរ។ ឧត្តមសេនីយ៍រូបនេះបាននិយាយថាពួកគេកំពុងតែប្រយុទ្ធជាមួយពួក “ភេរវករ” ។

អ្នកនាំពាក្យ AA លោក Khine Thu Kha បាននិយាយថា ក្រុមឧទ្ទាមមួយក្នុងចំណោមក្រុមបះបោរចំនួនបី គឺកងទ័ព Arakan Army (AA) ដែលកំពុងប្រយុទ្ធដើម្បីស្វយ័តភាពមានសន្ទុះកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋ Rakhine ភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា បានវាយដណ្តើមយកទីតាំងឈរជើងនៅក្នុងតំបន់ Rathedaung និង Minbya ដែលមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីគ្នា។

លោក​បាន​បន្ត​ថា​៖ “ យើង​បាន​វាយដណ្តើម​យកទីតាំងឈរជើងរបស់របបយោធា​បានមួយ​ចំនួន ហើយ​ការ​ប្រយុទ្ធ​គ្នាកំពុងតែ​បន្ត​នៅតាម​កន្លែង​មួយ​ចំនួន​ទៀត​។

ប្រជាពលរដ្ឋម្នាក់នៅខេត្តរតនៈដូនបាននិយាយថា សំឡេងបាញ់ចេញដោយកាំភ្លើងធំបានលាន់ឡើងនៅព្រឹកព្រលឹមថ្ងៃចន្ទ ដោយមានការទម្លាក់គ្រាប់បែកអស់ជាច្រើនម៉ោង ហើយឃើញពួកយោធាបានបិទផ្លូវចូលក្នុងតំបន់ និងពង្រឹងសន្តិសុខនៅតាមអគាររដ្ឋបាល។

ការប្រយុទ្ធគ្នាក៏បានផ្ទុះឡើងនៅក្នុងរដ្ឋ Chin ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា នៅពេលដែលពួកបះបោរបានវាយប្រហារជំរុំយោធាចំនួនពីរ នេះបើយោងតាមប្រភពពីមន្ត្រីឥណ្ឌា។

លោក James Lalrinchana ស្នងការរងនៃស្រុកមួយរបស់ឥណ្ឌាដែលនៅជាប់នឹងព្រំដែនរេបស់មីយ៉ាន់ម៉ា បាននិយាយថាមានមនុស្សប្រហែល ៥,០០០ នាក់មកពីប្រទេសមីយ៉ាន់ម៉ាបានឆ្លងកាត់ព្រំដែនចូលទៅក្នុងរដ្ឋ Mizoram របស់ប្រទេសឥណ្ឌា ដើម្បីស្វែងរកទីជំរកសុវត្ថិភាពដើម្បីគេចចេញពីការប្រយុទ្ធ

គ្នា។

រដ្ឋ Chin ដែល​ធ្លាប់តែមាន​សន្តិភាពជា​ច្រើន​ឆ្នាំ​មក​ហើយ បានធ្លាក់ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ធ្ងន់ធ្ងរ​បន្ទាប់​ពី​រដ្ឋប្រហារ​ឆ្នាំ ២០២១ ដោយ​មាន​ប្រជាជន​រាប់​ពាន់​នាក់​បាន​កាន់​អាវុធ​ប្រឆាំង​នឹង​របប​យោធា។

អ្នក​នាំ​ពាក្យ​របប​យោធា​មីយ៉ាន់ម៉ា​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​​ការ​អត្ថាធិប្បាយ​អំពី​ការ​ប្រយុទ្ធគ្នា​ចុង​ក្រោយ​នេះទេ​។

  • ការថមថយកម្លាំងរបស់យោធា

យោងតាមការប្រយុទ្ធគ្នាថ្មីៗនេះឃើញថាការវាយប្រហារបកមកលើរបបយោធាកាន់តែរីករាលដាលនៅពេលដែលមានការប្រឆាំងដោយប្រដាប់អាវុធកាន់តែរីកធំឡើងដែលជាកំហឹងសងសឹករបស់ក្រុមឧទ្ទាមមកលើរបបរដ្ឋប្រហារដែលធ្វើការបង្ក្រាបដោយបង្ហូរឈាមជាបន្តបន្ទាប់ដែលបានបញ្ចប់ការកែទម្រង់លទ្ធិប្រជាធិបតេយ្យអស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក។

ការ​វាយបកប្រឆាំងនឹង​របបសឹក​យោធា​​ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២៧ ខែ​តុលា ក្នុង​រដ្ឋ Shan នៅ​ភាគ​ឦសាន​ដែលមានទីប្រជុំជន​ជា​ច្រើន និង​ប៉ុស្តិ៍​យោធា​ជាង ១០០ ត្រូវបាន​រឹបអូស​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ចិន។

ការវាយលុកនៅចំកណ្តាលទីក្រុងក៏បានកើតឡើងនៅក្នុងតំបន់ Sagaing ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា នៅភាគខាងលិចនៃរដ្ឋ Shan ខណៈដែលជម្លោះនៅក្នុងរដ្ឋ Kayah នៅជិតខាងនៅភាគខាងត្បូងរហូតមានការធ្លាក់យន្តហោះចម្បាំងកាលពីថ្ងៃសៅរ៍។

ក្រុមឧទ្ទាមបាននិយាយថា ពួកគេបានបាញ់ទម្លាក់យន្តហោះនេះ ខណៈដែលយោធាបាននិយាយថា វាមានកំហុសបច្ចេកទេស។

Richard Horsey ទីប្រឹក្សាជាន់ខ្ពស់មីយ៉ាន់ម៉ាសម្រាប់ Crisis Group Think Tank បាននិយាយថាតាមបទពិសោធរបស់របបយោធាក្នុងការប្រយុទ្ធគ្នាក្នុងរដ្ឋរ៉ាឃីនឃើញថាមានសភាពទន់ខ្សោយនៅក្នុងតំបន់ជាច្រើន។

លោក​បាន​បញ្ជាក់​ថា “ប្រសិន​បើ​ការ​ប្រយុទ្ធគ្នា​នៅ​តែ​បន្ត វា​នឹង​បើក​មុខសម្រាប់រណសិរ្សប្រយុទ្ធ​ដ៏​សំខាន់​ថ្មីមួយ​ដែល​​ធ្វើឲ្យហួស​កម្លាំងទប់ទល់សម្រាប់​របប​នេះ”។” វា​នឹងមានការ​លំបាក​សម្រាប់​របប​នេះ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ទប់ទល់នឹងការវាយបកពីគ្រប់ជ្រុងរណសិរ្សប្រយុទ្ធរបស់​ពួកគេ​​ទាំងអស់”៕

ប្រភព៖ Reuters