អន្តរជាតិ

អ្នកបំរើលួចដកប្រាក់៨៨,៦០០ដុល្លារសិង្ហបុរី ពីគណនីរបស់បុរសដែលជាឪពុកថៅកែត្រូវបានចាប់ខ្លួន

ប្រែសម្រួល៖សហការី

ក្នុងរយៈពេលប្រហែលប្រាំមួយខែ អ្នកបម្រើម្នាក់បានដកប្រាក់ជាបន្តបន្ទាប់សរុបអស់ចំនួន ៨៨,៦០០ ដុល្លារសិង្ហបុរី ពីគណនីធនាគាររបស់បុរសចំណាស់អាយុ ៩៥ឆ្នាំ ដែលជាឪពុករបស់ថៅកែរបស់នាង ដោយបិទបាំងមិនឲ្យមានការជូនដំណឹងដោយស្វ័យប្រវត្តិអំពីកិច្ចប្រតិបត្តិការរបស់ធនាគារក្នុងតួលេខដែលមានចំនួនច្រើន។

បទល្មើស​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​បន្ទាប់​ពី​បុរស​ចំណាស់រូបនេះ​បាន​ស្លាប់ហើយ​កូន​ប្រុស​របស់​គាត់​បាន​ទទួល​របាយការណ៍​អំពីការដកប្រាក់នេះចេញពី​ធនាគារ។

ស្រ្តីដែលជាជនជាតិឥណ្ឌូនេស៊ី Eka Yuniarsih មានអាយុ ៣២ ឆ្នាំត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ ខែក្នុងថ្ងៃអង្គារទី១៤ ខែវិច្ឆិកា ពីបទល្មើសរំលោភលើទំនុកចិត្តដោយមានចេតនាទុច្ចរិតកេងប្រវ័ញ្ចមិនស្មោះត្រង់។

នាងក៏ត្រូវបានបញ្ជាឲ្យបង់ប្រាក់ជាសំណងចំនួន ៥,៤៤២ ដុល្លារសិង្ហបុរី រួមជាមួយនឹងចំនួនប្រាក់សិង្ហបុរីដែលត្រូវបានរឹបអូសពីនាងបន្ទាប់ពីត្រូវបានចាប់ខ្លួន។

តុលាការ​បាន​ដឹងថា នាង Eka ឯកា ត្រូវ​បាន​ជួល​ឲ្យ​មើល​ថែ​ឪពុក​របស់​ថៅកែ​របស់​នាង។ នាងបានធ្វើការឲ្យគ្រួសារនេះក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំរហូតដល់បុរសចំណាស់ម្នាក់នេះបានស្លាប់នៅអាយុ ៩៥ ឆ្នាំកាលពីខែកក្កដា។

កាលពីខែសីហាឆ្នាំមុន បុរសចំណាស់នេះបានសុំ Eka ឲ្យជួយគាត់ដកប្រាក់ពីគណនីធនាគារ DBS របស់គាត់ ខណៈដែលគាត់ត្រូវជិះនៅលើរទេះរុញ។

គាត់បានប្រគល់កាត ATM និងលេខ PIN ឲ្យអ្នកបម្រើស្រីម្នាក់នេះដើម្បីឲ្យនាងកាន់តែងាយស្រួលក្នុងការដកប្រាក់ជំនួសគាត់។

Eka មានជំពាក់បំណុលយ៉ាងច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ីនាងក៏បានសម្រេចចិត្តដកប្រាក់ពីគណនីធនាគាររបស់បុរសចំណាស់នេះដើម្បីធ្វើការទូទាត់បំណុលរបស់នាង។

នៅចន្លោះថ្ងៃទី ៣០ ខែមករា ដល់ថ្ងៃទី ៧ ខែកក្កដា នាងបានធ្វើការដកប្រាក់ចំនួន ៨៩ ដងពីគណនីធនាគារ ក្នុងមួយលើកៗមិនឲ្យដកលើសពី ១,០០០ ដុល្លារសិង្ហបុរីប្រសិនបើលើសចំនួនវានឹងបង្កឲ្យមានការជូនដំណឹងដោយស្វ័យប្រវត្តិរបស់ DBS។

Eka បានផ្ញើប្រាក់ទូទាត់ឲ្យទៅម្ចាស់បំណុលរបស់នាងនៅប្រទេសឥណ្ឌូនេស៊ី ហើយបានដកប្រាក់ចំនួន ៨,០០០ ដុល្លារសិង្ហបុរីយកជាប់នឹងខ្លួនទៅប្រទេសឥណ្ឌូនេស៊ីក្នុងដំណើរកម្សាន្តកាលពីខែមេសា។

ក្រោយមកបុរសចំណាស់នេះក៏បានស្លាប់ទៅនៅក្នុងថ្ងៃទី ១០ ខែកក្កដា។ ប្រាំមួយថ្ងៃក្រោយមកកូនប្រុសរបស់គាត់បានទទួលរបាយការណ៍ពីធនាគារសម្រាប់ខែមិថុនាហើយបានរកឃើញថាការដកសាច់ប្រាក់ផ្សេងៗត្រូវបានធ្វើឡើង។ គាត់ក៏​បាន​ប្រឈម​មុខ​នឹង​នាង Eka ដែល​ដំបូង​បាន​អះអាង​ថា​ជា​ឪពុក​របស់​ខ្លួនជាអ្នកដកប្រាក់។

កូន​ប្រុស​ជន​រង​គ្រោះ​បាន​ធ្វើ​របាយការណ៍ជូន​ប៉ូលិស ដំបូងឡើយ Eka បានសារភាពថាបានដកប្រាក់ត្រឹមតែ ៥០,០០០ ដុល្លារសិង្ហបុរីប៉ុណ្ណោះ តែនៅគ្រាចុងក្រោយនាងបានសារភាពថាបានដកប្រាក់សរុបចំនួន ៨៨,៦០០ ដុល្លារសិង្ហបុរី។

នាងត្រូវបានចាប់ខ្លួន ហើយកាត ATM របស់ជនរងគ្រោះត្រូវបានដកហូតពីនាង រួមជាមួយនឹងសាច់ប្រាក់ចំនួន ៥,៤៤២ ដុល្លារសិង្ហបុរី និងប្រហែលស្មើនឹង ៧.៥ លានរូពី ក្រោយមកនាង​មិន​បាន​សង​ប្រាក់​ទាំងនោះវិញ​ទេ។

ព្រះរាជអាជ្ញាបានស្វែងរកការដាក់បន្ទុកតាមផ្លូវច្បាប់ដោយតម្រូវឲ្យជាប់គុគចាប់ពី ១៦ ទៅ ២០ ខែសម្រាប់នាង Eka ដោយសំអាងទៅលើចំនួនដកប្រាក់ដ៏ច្រើនដែលមិនត្រឹមត្រូវអស់រយៈពេលដ៏វែងមួយនៃការប្រព្រឹត្តបទល្មើសដោយគិតទុកជាមុនយោងតាមការអះអាងរបស់នាងថាបានដកប្រាក់មិនលើសពី១,០០០ដុល្លារសិង្ហបុរីក្នុងមួយលើកៗ។

ព្រះរាជអាជ្ញារង Etsuko Lim បាននិយាយថា ជនរងគ្រោះជាមនុស្សពិការ ជាមនុស្សវ័យចំណាស់ ហើយ Eka បានឆ្លៀតឱកាសពីការអសមត្ថភាពរបស់គាត់ក្នុងការទៅដកលុយតាម ATM ដោយខ្លួនឯង ឬតាមដានតួលេខគណនេយរបស់គាត់ឲ្យបានដិតដល់នោះ នាងបានបិទបាំងសកម្មភាពនេះពីគាត់។

នាងត្រូវបានបញ្ជាឲ្យទូទាត់សំណងយ៉ាងហោចណាស់ ៦,០០០ ដុល្លារសិង្ហបុរីពីលើសាច់ប្រាក់ដែលរឹបអូសបាន។

ក្នុង​ការ​ស្នើសុំបន្ធូ​បន្ថយទោស​នេះ ឯកា បាន​និយាយ​តាម​រយៈ​អ្នក​បក​ប្រែ​ថា នាង​ជា​អ្នកដែលត្រូវបានប្តី​លែង​លះ និង​ជា​អ្នក​រក​ស៊ីចិញ្ចឹមគ្រួសារ​តែ​ម្នាក់​ឯងគត់​។

នាង​បាន​ស្នើសុំឲ្យមានបការសម្រាល​ទោស​ស្រាល​ជាង​មុន ខណៈ​ដែលនាង​ត្រូវ​បន្តសំណុំរឿងឡើងទៅតុលាការឧទរណ៍​​ថា៖ “ខ្ញុំ​ធ្វើ​នេះ​ក្នុងមូលហេតុជួយដល់​គ្រួសារ​ខ្ញុំ​ដែល​ជំពាក់​បំណុល​គេ”។

នាងក៏​បានស្នើ​សុំ​ឲ្យ​តុលាការ​ជួយបញ្ជូនពាក្យថាសុំទោស​​របស់​នាងទៅថៅកែរបស់នាង​ថា​៖ “​ខ្ញុំ​សុំទោស​… ខ្ញុំ​មិន​អាច​​មក​សុំទោសនិងសងគុណអ្នក​បាន​ទេ ឲ្យខ្ញុំ​… សុំទោស​ពួកគេផង​”​៕

ប្រភព៖ CNA