អន្តរជាតិ

ស្រ្តីបម្រើការលើយន្តហោះSingapore Airlines ម្នាក់ត្រូវចាប់ខ្លួនពីបទលួចទំនិញនិងខាំបុរសម្នាក់នៅ ប្រទេសជប៉ុន

ប្រភពសារព័ត៌មានក្នុងស្រុកមួយបានរាយការណ៏ថាមានស្រ្តីបម្រើការលើយន្តហោះសិង្ហបុរី SIA ម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសជប៉ុន ពីបទលួចរបស់របរដែលមានតម្លៃប្រហែល ១០,០០០ យ៉េន ស្មើនឹង៦៦ ដុល្លាអាមេរិកពីហាងមួយកន្លែងក្នុងប្រទេសជប៉ុន។

កាសែតក្នុងស្រុក Chiba Nippo បានរាយការណ៍ថាកាលពីថ្ងៃទី ៨ ខែវិច្ឆិកាមានស្ត្រីអាយុ ៣៣ ឆ្នាំជនជាតិសិង្ហបុរី ម្នាក់ត្រូវបានចាប់ខ្លួន ពីបទលួចកន្សែងងូតទឹក និងរបស់របរផ្សេងទៀតពីហាងមួយក្នុងទីក្រុង Narita ដែលជាទីប្រជុំជនមួយនៅក្នុងខេត្ត Chibaរបស់ប្រទេសជប៉ុន ។

សារព័ត៌មានជប៉ុនបានរាយការណ៍ថា ស្ត្រីជាជនសង្ស័យរូបនេះបានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា នាងមិនបានលួចរបស់របរទេ ហើយបានបញ្ជាក់ថា “នាងនិងបង់ប្រាក់ឲ្យពួកគេនៅពេលក្រោយ” ។

តាមសេចក្តីរាយការណ៍ ជនជាតិសិង្ហបុរីរូបនេះក៏បានខាំដៃឆ្វេងរបស់បុរសអាយុ ៥១ ឆ្នាំម្នាក់ផងដែរ នៅពេលដែលគាត់ព្យាយាមរារាំងនាងមិនឲ្យរត់គេចខ្លួន។

នាង​បាន​និយាយ​ថា នាង​ខាំ​បុរស​នោះ​ព្រោះ​នាង​ចង់​ឲ្យ​គេ​លែង​ក​នាង​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ក្នុងស្រុក FNN ។

ក្រុមហ៊ុនអាកាសចរណ៍Singapore Airlines បាននិយាយកាលពីថ្ងៃអង្គារទី ១៤ ខែវិច្ឆិកាថា “SIA អាចបញ្ជាក់បានថាបុគ្គលិករបស់យើងម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសជប៉ុន” នេះជាការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន CNA ។

“ បញ្ហា​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេតនៅឡើយ យើង​មិន​អាច​ផ្តល់​ការ​អត្ថាធិប្បាយ​បន្ថែមទៀត​បាន​ទេ”។

ក្រសួងការបរទេសសិង្ហបុរីបានប្រាប់សារព័ត៌មាន CNA ថាខ្លួនកំពុងផ្តល់ជំនួយផ្នែកច្បាប់ដល់កុងស៊ុលសិង្ហបុរីសម្រាប់ជួយដល់កូនក្តី “ឲ្យស្របតាមច្បាប់នៅក្នុងប្រទេសជប៉ុន”៕

ប្រភព៖ Agency