អន្តរជាតិ

លោក Xi និងលោកBiden នឹងពិភាក្សាគ្នាអំពី “សន្តិភាព និងការអភិវឌ្ឍសកល” នៅក្នុងកិច្ចប្រជុំកំពូល

ប្រែសម្រួល៖សហការី

ក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃចន្ទ ទី១៣ វិច្ឆិកានេះថា មេដឹកនាំចិនលោក Xi Jinping និងប្រធានាធិបតីអាមេរិកលោក Joe Biden នឹងពិភាក្សាគ្នាអំពី “សន្តិភាព និងការអភិវឌ្ឍសម្រាប់ពិភពលោក” នៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងសប្តាហ៍នេះក្នុងទីក្រុង San Francisco ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បានប្រាប់សន្និសីទសារព័តមានថា “ប្រមុខរដ្ឋទាំងពីរនឹងពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើបញ្ហាយុទ្ធសាស្ត្រ ទូទៅ និងទិសដៅទាក់ទងទៅនឹងបញ្ហាជាប់គាំងលើផ្នែកទំនាក់ទំនងនយោបាយនិងការទូតរវាងចិននិងអាមេរិក ក៏ដូចជាបញ្ហាសំខាន់ៗដទៃទៀតដែលទាក់ទងនឹងសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក”។

លោក​ស្រី​បាន​គូសបញ្ជាក់ថា​៖ “ ​ចិន​មិន​ខ្លាច​ការ​ប្រកួត​ប្រជែងដោយត្រង់ទៅត្រង់មកនោះទេតែ​យើង​ប្រកាន់ជំហរប្រឆាំងដាច់ខាតទៅ​នឹង​ការដាក់​កម្រឹតលើទំនាក់​ទំនងនយោបាយនិងការទូតរវាង​ចិន​និង​អាមេរិក​ដោយមានភ្ជាប់នូវ​លក្ខខណ្ឌ​សម្រាប់ការ​ប្រកួត​ប្រជែង”។

លោក Biden និងលោក  Xi នឹងបើកកិច្ចប្រជុំកំពូលជាលើកដំបូងនៅក្នុងសប្តាហ៍នេះក្រោយរយៈពេលជិតមួយឆ្នាំចាប់តាំងពីជំនួបលើកដំបូងនៅខាងក្រៅកិច្ចប្រជុំកំពូល APEC ក្នុងរដ្ឋកាលីហ្វ័រញ៉ា។

អ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បាននិយាយថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី ក្នុងតំបន់ និងលើសកលលោក ព្រមទាំងរិះរកវិធីដើម្បី “គ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវមួយ” ។

កិច្ចប្រជុំកំពូលរវាងលោក Xi-និង លោក Biden បន្ទាប់ពីកិច្ចប្រជុំជាបន្តបន្ទាប់នៅក្នុងប៉ុន្មានខែថ្មីៗនេះ រវាងមន្ត្រីជាន់ខ្ពស់នៅទីក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន និងកន្លែងផ្សេងៗទៀត ហើយនេះនឹងក្លាយជាជំនួបលើកដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ ដែលពួកគេបានជួបគ្នានៅកោះបាលី។

មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថា កិច្ចប្រជុំនៅថ្ងៃពុធនេះជាគោលដៅចម្បង “ធ្វើឲ្យមានស្ថិរភាព” ទំនាក់ទំនងនយោបាយនិងការទូតដែលចាប់តាំងពីពេលនោះមកបានធ្លាក់ចូលក្នុងសភាពដ៏រសើបយ៉ាងស៊ីជម្រៅមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានព្រមានថាកុំសូវរំពឹងថានឹងមានលទ្ធផលធំដុំពេក។

កាលពីថ្ងៃចន្ទ លោកស្រី Mao បានជំរុញឲ្យសហរដ្ឋអាមេរិក “គោរពគ្នាទៅវិញទៅមកដោយភាពស្មោះត្រង់និងគោរពសិទ្ធិអភិវឌ្ឍន៍ស្របច្បាប់របស់ប្រទេសចិន ជាជាងការដាក់សម្ពាធលាយនឹងការព្រួយបារម្ភរបស់ខ្លួនដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិន”។

លោកស្រីបានបន្ថែមថា “ប្រទេសចិនមិនស្វែងរកការផ្លាស់ប្តូរតួនាទីរបស់សហរដ្ឋអាមេរិកនោះទេ ហើយសហរដ្ឋអាមេរិកក៏មិនគួរស្វែងរកការផ្លាស់ប្តូរសម្រាប់ប្រទេសចិនដែរ”៕

ប្រភព៖ AFP