សន្ដិសុខសង្គម

រថយន្ត២គ្រឿងបុកគ្នាបណ្ដាលឲ្យអ្នកបើកបរម្នាក់ស្លាប់នៅក្នុងកាប៊ីន

ដោយ៖សុខុម

កំពង់ឆ្នាំង៖តៃកុងរថយន្តម្នាក់បានស្លាប់ដោយកៀបជាប់ក្នុងកាប៊ីនពេលរថយន្តទាំងពីរគ្រឿងបុកប៉ះទង្គិចគ្នាពេញទំហឹងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៤ខែវិច្ឆិការឆ្នាំ២០២៣លើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវបំបែកជា៣ស្ថិតក្នុងភូមិគោកស្តៅឃុំទឹកហូតស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថាភ្លាមនោះអ្នកបើកបររថយន្តធំដែលគេនៅពុំទាន់ស្គាល់អត្តសញ្ញាណបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។

លោកឧត្តមសេនីយ៍ត្រីកេតយ៉ុងស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលផែនចរាចរណ៍ផ្លូវគោកបានប្រាប់ឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៉ឺមីសណ្តោងរម៉ឺកម៉ាកPUSOពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ3A.0564 ស៉ឺមីសណ្តោងពាក់ស្លាកលេខភ្នំពេញ4A.1163 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ក្រោយពេលរថយន្តបុកគ្នា។តាមការពិនិត្យនៅកន្លែងកើតហេតុរថយន្តនេះអ្នកបើកបត់ឆ្លងផ្លូវពីលិចទៅកើតស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកHYUNDAI ពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ3A.0426ដឹកសម្ភារបើកបរដោយឈ្មោះ គង់សុផានិន អាយុ៣៥ឆ្នាំរស់នៅក្នុងភូមិកណ្តាល សង្កាត់ ព្រែកព្នៅ ខណ្ឌភ្នំពេញរាជធានីភ្នំពេញស្លាប់ក្នុងរថយន្ត។រថយន្តជនរងគ្រោះបើកបរទិសដៅពីត្បូងទៅជើងបានបុកចំពាក់កណ្តាលរថយន្តក្នុងដំណើរខ្វែងទិសគ្នា។

លោកស្នងការរងបានអោយដឹងទៀតថាក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់ធ្វើការពិនិត្យវាស់វែងនិងបានធ្វើការស្រាវជ្រាវរកក្រុមគ្រួសារសាច់ញ្ញាតិសពដើម្បីទទួលយកសាកសពទៅធ្វើបុណ្យ ។

ដោយឡែករថយន្តទាំងពីរគ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគបាលស្រុករលាប្អៀរដើម្បីកសាងសុំណុំរឿងទៅតាមនិតិវិធី ៕