សន្ដិសុខសង្គម

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹងបណ្តាលអោយស្រ្តីម្នាក់ស្លាប់,បុរសម្នាក់រងរបួស

ម៉ូតូមួយគ្រឿងបានពន្លះម៉ូតូដូចគ្នាមួយគ្រឿងទៀតពេញទំហឹងបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់នៅលើកំណាត់ផ្លូវជាតិលេខ៥៧។

នៅកន្លែងកើតហេតុសាក្សីបានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៨និង១០នាទីព្រឹក ថ្ងៃទី១៤ខែ វិច្ឆិកា ឆ្ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១Y-៨០៤១ បើកបរដោយឈ្មោះកក្កដា ភេទស្រី អាយុ២១ឆ្នាំមានទីលំនៅក្នុងភូមិ សង្កាត់ក្បែរទីតាំងកើតហេតុ បានធ្វើដំណើរពីលិច ទៅកើត។ លុះមកដល់ចំណុចគ្រោះថ្នាក់បានបត់ឆ្វេងដើម្បីចូលផ្ទះភ្លាមនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១I-៣៩០៧ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ក្នុងទិសដៅផ្ទុយគ្នាពីកើត ទៅលិចក្នុងល្បឿនមួយយ៉ាងលឿនរួចបាត់ការគ្រប់គ្រងបុកជាមួយម៉ូតូម្ខាងទៀត យ៉ាងពេញទំហឹងបណ្តាលអោយស្រ្តីម្នាក់ស្លាប់ភ្លាមៗតែម្តង ចំណែកអ្នកបុករងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយការចុះពិនិត្យវាស់វែងសមត្ថកិច្ចជំនាញបានប្រគល់សាកសពឲ្យទៅសាច់ញាតិ រីឯមធ្យោបាយជាវត្ថុតាងបានយកទៅរក្សាទុកនៅការិល័យនគរបាលចរាចរណ៍ដើម្បីចាត់ការតាមច្បាប់៕