ព័ត៌មានជាតិ

ខេត្តស្ទឹងត្រែងនឹងរៀបចំព្រឹត្តិការណ៍អបអរពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែ

ដោយ៖សុខុម

ស្ទឹងត្រែង៖នៅសល់ត្រឹមតែពីរថ្ងៃទៀតប៉ុណ្ណោះរដ្ឋបាលខេត្តស្ទឹងត្រែងនឹងរៀបចំពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកដ៏ធំនៅតាមដងទន្លេសេកុងដែលនឹងចាប់ផ្តើមពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៣។

សម្រាប់ខេត្តស្ទឹងត្រែងមានប្រវត្តិដ៏យូរលង់មកហើយគឺសម្បូរទៅដោយវប្បធម៌ប្រពៃណីទំនៀមទម្លាប់និងសក្តានុពលទេសចរជាច្រើនផង។ផ្តើមចេញពីនេះរដ្ឋបាលខេត្តបានចាប់ផ្ដើមរៀបចំពិធីសប្បាយរីករាយឡើងវិញក្រោយពីអាក់ខានអស់រយៈពេលជាច្រើនឆ្នាំដោយសារតែជំងឺកូវីដ-១៩។

លោកម៉ែនគុងអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានឲ្យដឹងថានៅក្នុងពិធីអបអរនេះក៏មានការប្រកួតកីឡាបាល់ទះនៅពេលព្រឹកនិងកីឡាបាល់ទាត់ផ្នែកបុរសនៅពេលរសៀលក្នុងថ្ងៃទី១៦វិច្ឆិកាដែលជាថ្ងៃចាប់ផ្ដើម។

ដោយឡែកពិធីប្រណាំងទូកងគឺចាប់ផ្តើមពីថ្ងៃទី១៧ដល់ថ្ងៃទី១៨វិច្ឆិកានៅមាត់ច្រាំងទន្លេសេកុងទីរួមខេត្តស្ទឹងត្រែង។ការប្រណាំងទូកថ្នាក់ខេត្តមានចំនួន១៧ទូកបានចុះឈ្មោះហើយទូកទាំងនោះភាគច្រើនមកពីតាមបណ្ដាស្រុកនិងស្ថាប័នមន្ទីរជុំវិញខេត្ត។

លោកម៉ែនគុងបានលើកឡើងទៀតថាដើម្បីជាការអបអរនៅក្នុងពិធីបុណ្យដែលមានឯកឧត្តមស្វាយសំអ៊ាងជាអភិបាលខេត្តបានរៀបចំព្រឹត្តិការណ៍តាមប្រពៃណីដើម្បីឲ្យប្រជាពលរដ្ឋទូទាំងខេត្តបានចូលរួមសប្បាយរីករាយក្រោយពីសម្រាកពីការប្រមូលផលកសិកម្ម។ម្យ៉ាងទៀតក៏ដើម្បីបង្ហាញពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីរបស់ខេត្តស្ទឹងត្រែងទៅកាន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ក្រៅពីនេះក៏មានការរៀបចំតាំងពិព័រណ៏លក់ម្ហូបអាហារនិងការប្រគំតន្រ្តីសម្រាប់អ្នកចូលរួមបានផងដែរ៕