សន្ដិសុខសង្គម

យុទ្ធនាការ “បរិច្ចាគឈាមដើម្បីសង្រ្គោះជីវិតមនុស្សជាតិ” ពីមន្ទីរព្យាបាលធ្មេញសន្តិភាព សហការជាមួយក្រុម CEO PEAK POWER TEAM មូលនិធិឈាមនី មុនីនាថ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម

លោកស្រីទន្តបណ្ឌិត ឃាម ស្រីហ៊ុច និងលោកទន្តបណ្ឌិត ភាវ សូវ ស្ថាបនិកមន្ទីរព្យាបាលធ្មេញសន្តិភាព សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និង CEO Peak Power Team ក្នុងការបង្កើតកម្មវិធីសប្បុរសធម៌ “ បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្សជាតិ” ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា និងលោកជំទាវ ស្ថាបនិក CEO Master Club លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និង កញ្ញា នី មុនីនាថ ប្រធានមូលនិធិឈាមនី មុនីនា នៅមន្ទីរព្យាបាលធ្មេញសន្តិភាព សាខានរោត្តម កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ការរៀបចំនូវកម្មវិធីសប្បុរសធម៌បរិច្ចាគឈាមនេះឡើង ក្នុងគោលបំណងចូលរួមចំណែកជួយដល់សង្គម ដែលជាការងារមួយរបស់ CEO PEAK POWER TEAM និង សូវហ៊ុចគ្រុប តែងតែធ្វើកន្លងមក ក៏ដូចជាការចូលរួមចំណែកក្នុងការបំពេញ ធនាគារឈាម នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបាននិងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចំបាច់ជារៀងរាល់ថ្ងៃ។

លោកស្រីទន្តបណ្ឌិត ឃាម ស្រីហ៊ុច ប្រធាននាយកប្រតិបត្តិនៃ មន្ទីរព្យាបាលធ្មេញសន្តិភាព បានមានប្រសាសន៍ថា៖ កម្មវិធីបរិច្ចាគឈាមនេះគឺជាកិច្ចការចូលរួមចំណែកជួយដល់សង្គមដែលជាការងារមួយរបស់ CEO Peak Power Team និង សូវហ៊ុចគ្រុបតែងតែធ្វើកន្លងមកផងដែរ។ មួយវិញទៀតក៏ដូចជាសារពីរូបនាងខ្ញុំផ្ទាល់ក្នុងនាមជាសហគ្រិនស្រ្តីមួយរូបដែលឈរជើងជាងដ១០ឆ្នាំកន្លងមក ដែលរស់នៅ និងរកទទួលទានពីសង្គមគឺត្រូវតែតបស្នងសងគុណជូនសង្គមវិញតាមរយៈសកម្មភាពនានា ហើយបើទោះជាកាលៈទេសៈនេះអ្នករកស៊ីជាច្រើនរួមទាំងនាងខ្ញុំកំពុងឆ្លងកាត់ការលំបាក ប្រយុទ្ធប្រឆាំងជាមួយវិបត្តិសកលក៏ដោយ យើងខ្ញុំនៅតែព្យាយាមរិះរកមធ្យោបាយនានាដែលអាចធ្វើទៅបានក្នុងការបន្តជួយដល់សង្គមតាមរយៈការផ្ដល់ឈាមដូចក្នុងថ្ងៃនេះផងដែរហើយក៏សូមផ្ដល់ភាពជាគំរូមួយដល់សហគ្រិនទាំងអស់ក្នុងការចូលរួមជាចំណែកជួយដល់សង្គមជាតិយើងដូចជាក់ស្ដែងក្នុងថ្ងៃនេះជាការផ្ដល់ឈាមជាដើម។

នាងខ្ញុំសូមផ្តល់កម្លាំងចិត្តដល់សហគ្រិនគ្រប់រូបពង្រឹងស្មារតី ខិតខំបន្ថែមឆ្លងផុតដំណាក់កាលលំបាកមួយនេះ នោះយើងនឹងកាន់តែខ្លាំងជាងមុនហើយនេះជាអ្វីដែល CEO Peak Power Team តែងតែជួយជ្រោមជ្រែងគ្នាជាមួយសមាជិកតាមរយៈការពិគ្រោះយោបល់ និងអញ្ជើញអ្នកមានបទពិសោធមកផ្ដល់ជាការបណ្ដុះបណ្ដាលជាបន្តបន្ទាប់។

ជាចុងបញ្ចប់ លោកស្រី បានថ្លែងអំណរគុណ ជូនចំពោះអ្នកចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាមប្រមាណ 100នាក់ និងក្រុមហ៊ុនដែលបានឧបត្ថម្ភគាំទ្រកម្មវិធីសប្បុរសធម៌មានដូចជា៖ ហាងពេជ្រជម្ពូ ហាងរក្សាសម្រស់ហាន់ណា ក្រុមហ៊ុន001VTG Electric គ្រីស្ទីណា សាលាបង្រៀនថែរក្សាសម្ផស្ស អារីតាបេប៊ី Signature Coffee and Pub ក្រុមហ៊ុនវីស្តា Queen Auto Service ដេប៉ូ វេងងួនហេង បណ្ណាគារ លាង ហេង មន្ទីរសំរាកព្យាបាលឯកទេសបេះដូងនិងសម្ភពហេមេត អ៊ឹង សុខទ្រី ផលិតសំបកដបប្លាស្ទីក Niron Floral Boutique & Events Design ភោជនីយដ្ឋានបាយ័ន និងក្រុមហ៊ុន Heng Sreang SH។ ជាពិសេសលោកវេជ្ជបណ្ឌិតប្រធានមជ្ឈមណ្ឌល លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានសម្របសម្រួលកម្មវិធីផ្តល់ឈាម និងសូមអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាជនដែលមិនទាន់បានស្ម័គ្រចិត្តផ្តល់ឈាម សូមចូលរួមស្ម័គ្រចិត្តផ្តល់ឈាមទាំងអស់គ្នា និងកុំមានភាពភ័យខ្លាច ហើយក៏សូមលើកទឹកចិត្តដល់អ្នកដែលធ្លាប់បានធ្វើការបរិច្ចាគឈាមពីមុនមក សូមបន្តបរិច្ចាគឈាមបន្ថែមទៀត ដើម្បីបង្កើននូវការផ្គត់ផ្គង់ឈាមជាបន្ទាន់សម្រាប់ការព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាព៕