ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមប្តេជ្ញាទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ដោយ៖គង់ហេង

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានប្តេជ្ញាចិត្ត ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទ និងបន្តជំរុញការអនុវត្ត« គោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្តកំពង់ចាមបានធ្វើការប្តេជ្ញាចិត្តបែបនេះ នៅក្នុងឱកាសដែលលោក និងលោក ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្តបានដឹកនាំ ស្ថាប័ន មន្ទីរ អង្គភាពជាង ៥០ អញ្ជើញចូលរួមពិធី ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅវិមានឯករាជ្យ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១០ វិច្ឆិកា។

លោកបានថ្លែងបញ្ជាក់ថា ពេលនេះយើងទាំងអស់គ្នា ប្រារព្វពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យ ឯករាជ្យជាតិ៩-វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងព្រះរាជបេសកកម្មដ៍ឧដុង្គឧត្តម ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហារីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹក ដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក្នុងការទាមទារឯករាជ្យ ពីអាណានិគម និយមបារាំងនាឆ្នាំ ១៩៥៣។

លោកបានបន្ថែមថា៖ ដើម្បីជាសក្ខីកម្មនៃការចងចាំ ព្រះមហាករុណាទិគុណរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និងក្នុងស្មារតីមុះមុត រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ដង្ហែតាមមាគ៌ារបស់ព្រះអង្គ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីជរាជការ កងកម្លាំង ប្រដាប់អាវុធ យើងខ្ញុំទាំងអស់គ្នា ជាកូនចៅជំនាន់ក្រោយ សូមប្ដេជ្ញាចិត្តថា បន្តកសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ រក្សាសាមគ្គីជាតិរឹងមាំ ដើម្បីជីវភាពសម្បូរសប្បាយរបស់ប្រជាជនខេត្តកំពង់ចាម និងភាពសុខដុមរមនាទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

លោកបានបន្តថា៖ ការពាររាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ឋផលសង្គមជាតិ លើកកម្ពស់កិត្យានុភាពជាតិ ទប់ និងប្រឆាំងជាដាច់ខាតរាល់សកម្ម ភាព ឬការញុះញង់ណាមួយ ដែលបង្កឱ្យមានអស្ថិរភាពនយោបាយ ឬចលាចលក្នុងសង្គមជាតិកម្ពុជា។ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបន្តជំរុញអនុវត្ត «គោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ឋភាពខ្ពស់ និងបន្តចូលរួមអនុវត្តយុទ្ឋសាស្រ្តចតុកោណ ដំណាក់កាលទី១ និងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា សំដៅបន្តការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនទ្វេឡើង បន្ថែមទៀត៕