សន្ដិសុខសង្គម

យុវជនម្នាក់ជិះម៉ូតូបុករថយន្តចតស្ងៀមពីក្រោយពេញទំហឹងស្លាប់មួយរំពេច

ដោយ៖សុខុម

កំពង់ស្ពឺ៖យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនបុករថយន្តពីក្រោយស្របគ្នាចតស្ងៀមក្បែរចិញ្ចើមផ្លូវបណ្ដាលឱ្យបាត់បង់ជីវិតនៅកន្លែងកើតហេតុកាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ៩២-៩៣ ត្រង់ចំណុចភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ហេង ធុនរ៉ាក ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិកងមាស ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺបើកបរម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅឬ ពាក់ស្លាកលេខកំពង់ស្ពឺ1I-6084 ពីកើតទៅលិច។មកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្តមួយគ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ3G-1104 ដែលខូចចតនៅលើចិញ្ចើមផ្លូវពេញទំហឹងបណ្តាលឲ្យយុវជនខាងលើស្លាប់ភ្លាមៗនៅនឹងកន្លែង។

ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់។ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលបានយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕