អន្តរជាតិ

កោះថ្មីដែលផុសឡើងនៅលើសមុទ្រដោយផ្ទុះភ្នំភ្លើងក្រោមបាតសមុទ្រជប៉ុននោះអ្នកជំនាញថាវាអាចនឹងលិចបាត់ទៅវិញឆាប់ៗនេះ

ប្រែសម្រួល៖សហការី

តូក្យូ៖ ភ្នំភ្លើងដែលផ្ទុះឡើងពីបាតសមុទ្របានកកើតជាកោះថ្មីមួយលេចចេញពីផ្ទៃសមុទ្ររបស់ប្រទេសជប៉ុនកាលពីបីសប្តាហ៍មុន បានបង្កើតជាផ្ទាំងទស្សនិយភាពដ៏កម្រមួយអំពីការកកើតកោះថ្មីដែលអ្នកជំនាញបាននិយាយថាវាប្រហែលជាអាចនឹងលិចបាត់ទៅវិញឆាប់ៗ។

ភ្នំភ្លើងដែលផ្ទុះចេញពីបាតសមុទ្របង្កើតបានជាកោះដែលគេមិនទាន់បានបញ្ចេញឈ្មោះនេះមានចម្ងាយប្រហែល ១ គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងត្បូងនៃប្រជុំកោះ Iwo Jima ដែលភាសារជប៉ុនហៅថា Ioto គឺករកើតឡើងដោយសារការផ្ទុះភ្នំភ្លើងជាបន្តបន្ទាប់រហូតដល់ថ្ងៃទី ២១ ខែតុលា។

យោងតាមលោក Yuji Usui អ្នកវិភាគផ្នែកភ្នំភ្លើងរបស់ទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថានៅក្នុងរយៈពេល ១០ ថ្ងៃមានកំទេចផេះភ្នំភ្លើងនិងកំណកថ្មភ្នំភ្លើងបានប្រមូលផ្តុំគ្នាដុះឡើងជាក្បាលកោះផុសពីបាតសមុទ្រហើយនៅក្នុងដើមខែវិច្ឆិកានេះកោះដ៏តូចនេះបានក្លាយជាកោះថ្មីមួយដែលមានអង្កត់ផ្ចិតប្រហែល ១០០ ម៉ែត្រ និងមានកម្ពស់រហូតដល់ ២០ ម៉ែត្រផុសនៅលើផ្ទៃទឹកសមុទ្រ ។

Usui បានបន្តថាសកម្មភាពភ្នំភ្លើងបានកើតឡើងនៅជិតបណ្តុំកោះ Iwo Jima ហើយការផ្ទុះភ្នំភ្លើងនៅក្រោមបាតសមុទ្រនេះគឺស្រដៀងគ្នានឹងអ្វីដែលបានកើតឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប៉ុន្តែការកកើតកោះថ្មីនេះគឺជាការអភិវឌ្ឍរបស់ធម្មជាតិដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត។

Usui បាននិយាយថាភ្នំភ្លើងនៅកន្លែងនោះបានថមថយហើយចំណែកកោះដែលទើបនឹងករកើតថ្មីនេះបានស្រុតចុះបន្តិច ដោយសារតែការកកើតរបស់វាមានសភាព “ច្របូកច្របល់” ដែលចរន្តទឹករលកអាចបោកបក់នាំឲ្យងាយនឹងស្រុតចុះជាបន្តបន្ទាប់ហើយនឹងអាចលិចបាត់ទៅក្នុងផ្ទៃទឹកវិញយ៉ាងងាយបំផុត។

គាត់បាន​បន្ត​ថា អ្នក​ជំនាញ​នៅ​តែ​វិភាគ​លើ​ការ​អភិវឌ្ឍរបស់ធម្មជាតិ រួម​ទាំង​ព័ត៌មាន​លម្អិត​ស្តីពីស្ថានភាពប្រែប្រួលរបស់វា។ កោះថ្មីនេះអាចស្ថិតនៅបានយូរជាងនេះ ប្រសិនបើវាកកើតចេញពីកម្អែលភ្នំភ្លើង ឬវត្ថុដែលធន់ជាងថ្មភ្នំភ្លើង។

លោក​បាន​មានយោបល់​បន្ត​ថា “យើង​គ្រាន់​តែចង់​​តាមដានជាបន្តទៀតអំពី​ការ​អភិវឌ្ឍរបស់ធម្មជាតិក៏ប៉ុន្តែកោះនេះប្រហែលជានៅមិនបានយូរប៉ុន្មានទេវាអាចនឹងស្រុតចុះហើយលិចបាត់ទៅក្នុងទឺកវិញជាមិនខាន”។

ភ្នំភ្លើងដែលផ្ទុះចេញពីបាតសមុទ្ររួមទាំងការរញ្ជួយដីបានបង្កើតជាកោះថ្មីនេះនាពេលកន្លងមក។

នៅក្នុងឆ្នាំ ២០១៣ មានការផ្ទុះភ្នំភ្លើងនៅតំបន់ Nishinoshima នៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងនៃទីក្រុងតូក្យូបានបង្កើតជាកោះថ្មីមួយដែលកំពុងតែបន្តកកើតឡើងថែមទៀតនៅក្នុងអំឡុងពេលនៃការផ្ទុះភ្នំភ្លើងដ៏យូរអស់ជាងមួយទសវត្សរ៍កន្លងមក។

នៅក្នុងឆ្នាំ ២០១៣ ផងដែរ កោះតូចមួយបានលេចចេញពីបាតសមុទ្រ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រនៅប្រទេសប៉ាគីស្ថាន។ នៅឆ្នាំ ២០១៥ ក៏មានកោះថ្មីមួយត្រូវបានបង្កើតឡើងដែលជាលទ្ធផលនៃការផ្ទុះភ្នំភ្លើងក្នុងរយៈពេលមួយខែនៅឆ្នេរសមុទ្រតុងហ្គា។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា ក្នុងចំណោមភ្នំភ្លើងសកម្មប្រហែល ១,៥០០ នៅលើពិភពលោកមាន ១១១ ស្ថិតនៅក្នុងប្រទេសជប៉ុន ដែលនៅលើមហាសមុទ្រប៉ាស៊ីហ្វិកហៅថា “ជួរភ្នំភ្លើង”។

នៅចម្ងាយប្រហែល ១,២២០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងតូក្យូ ហៅថាអ៊ីវ៉ូ ជីម៉ា គឺជាទីកន្លែងប្រយុទ្ធគ្នាដ៏បង្ហូរឈាមយ៉ាងសាហាវបំផុតក្នុងសង្គ្រាមលោកលើកទីពីរ៕

ប្រភព៖ AP