អន្តរជាតិ

អតីតរដ្ឋមន្ត្រីគមនាគមន៍និងព័ត៌មានវិទ្យាឥណ្ឌូណេស៊ីម្នាក់ជាប់គុក១៥ឆ្នាំពីបទពុករលួយលុយជាង៥៤០លានដុល្លា

ប្រែសម្រួល៖សហការី

កាលពីថ្ងៃពុធទី ៨ ខែវិច្ឆិកាអតីតរដ្ឋមន្ត្រីទំនាក់ទំនងឥណ្ឌូណេស៊ីម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ បន្ទាប់ពីតុលាការរកឃើញថាមានពិរុទ្ធភាពពីបទល្មើសពុករលួយនៅក្នុងសំណុំរឿងរបស់គាត់ដែលធ្វើឲ្យប្រទេសនេះខាតបង់ប្រាក់ចំណូលច្រើនជាង ៥០០ លានដុល្លារ។

អតីតរដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងព័ត៌មានវិទ្យា លោក Johnny Gerard Plate មានពិរុទ្ធពីបទប្រើប្រាស់អំណាចក្នុងតួនាទីជាអ្នកគ្រប់គ្របលើគម្រោងទូរគមនាគមន៍ក្រោយមកតុលាការប្រឆាំងនឹងអំពើពុករលួយរបស់ប្រទេសឥណ្ឌូណេស៊ីបានរកឃើញអំពីពិរុទ្ធភាពពីបទប្រព្រឹត្តអំពើពុករលួយ។

ចៅក្រមស៊ើបសួរលោក Fahzal Hendri បានប្រាប់តុលាការថា “ចុងចោទត្រូវបានរកឃើញថាមានទោសតាមផ្លូវច្បាប់លើបទល្មើសប្រព្រឹត្តអំពើពុករលួយរួមគ្នាជាមួយបុគ្គលផ្សេងទៀតតុលាការបានកាត់ទោសចុងចោទឲ្យជាប់គុកចំនួន ១៥ ឆ្នាំ” ។

អតីតរដ្ឋមន្ត្រីក្រសួងគមនាគមន៍ឥណ្ឌូនេស៊ីលោក Johnny G. Plateបន្ទាប់ពីមានការចោទប្រកាន់ពីបទពុករលួយនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី 17 ខែឧសភា ឆ្នាំ 2023។ (រូបថត៖ Antara Foto/Reno Esnir/via Reuters)

តុលាការក៏បានបញ្ជាឲ្យបុរសអាយុ ៦៧ ឆ្នាំរូបនេះបង់ប្រាក់ពិន័យចំនួន ១ ពាន់លានរូពៀរបស់ឥណ្ឌូនេស៊ីស្មើនឹង ៦៣,៧៥០ ដុល្លារអាមេរិក ឬដាក់ពន្ធនាគាររយៈពេលប្រាំមួយខែបន្ថែមទៀត។

គាត់ក៏ត្រូវបានបញ្ជាឲ្យបង់ប្រាក់ចំនួន ១៥.៥ ពាន់លានរូពីក្នុងសំណង ឬត្រូវតុលាការរឹបអូសទ្រព្យសម្បត្តិ។

គាត់ត្រូវបានចាប់ខ្លួនកាលពីខែឧសភាជុំវិញរឿងមួយនេះការជាប់ពាក់ព័ន្ធរបស់គាត់នៅក្នុងគម្រោងស្ថានីយ៍បញ្ជូនទិន្នន័យមូលដ្ឋាន (BTS) Plate គឺចង់និយាយសំដៅទៅលើការផ្តល់ការចូលប្រើអ៊ីនធឺណិត ៤G ទៅកាន់តំបន់ដាច់ស្រយាលនៅទូទាំងប្រជុំកោះ ដែលត្រូវបានដឹកនាំដោយភ្នាក់ងារមួយនៅក្រោមក្រសួងទំនាក់ទំនង។

ការិយាល័យអគ្គមេធាវីបាននិយាយថា ភាពខុសឆ្គងនៅក្នុងគម្រោងនេះបានបណ្តាលឱ្យមានការខាតបង់សរុបចំនួន ៨.០៣ ពាន់ពាន់លានរូពៀ ស្មើនឹងបាត់បង់ប្រាក់ចំនួន៥៤០ លានដុល្លារអាមេរិក។

តុលាការ​បាន​រក​ឃើញ​ថា Plate មានពិរុទ្ធ​ពីបទ​ពុករលួយ​កិបកេងប្រាក់រដ្ឋដាក់​ហោប៉ៅខ្លួនឯង​ចំនួន  ១០ ពាន់​លាន​រូពីស្មើនឹង ៦៣៨.៥០០ ដុល្លារ​អាមេរិក ពី​គម្រោងមួយ​នេះ។

AGO បានរាយការណ៍ថា ខ្លួនបានរកឃើញភាពមិនប្រក្រតីនៅក្នុងដំណើរការលទ្ធកម្មដែលពាក់ព័ន្ធនឹងក្រុមហ៊ុនក្នុងស្រុក និងបរទេស ហើយបានដាក់ការសង្ស័យលើបុគ្គល៥រូបផ្សេងទៀត រួមទាំងនាយកប្រតិបត្តិនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei ផងដែរ។

ប្រទេសឥណ្ឌូនេស៊ីបានចាប់ខ្លួនមន្ត្រីសាធារណៈជាច្រើននាក់ពីបទប្រព្រឹត្តអំពើពុករលួយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

នៅក្នុងឆ្នាំ ២០២១ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំបន្ទាប់ពីត្រូវបានកាត់ទោសពីបទទទួលសំណូកចំនួន ១.២ លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងជំនួយស្បៀងអាហារសម្រាប់គ្រួសារក្រីក្រដែលរងគ្រោះដោយជំងឺរាតត្បាតរាតត្បាត។

ប្រភព៖ AFP/wk