សន្ដិសុខសង្គម

ត្រៀមបញ្ជូនក្រុមស្ទាវទំនើង៧នាក់ទៅតុលាការសង្ស័យបង្ករបួសលើយុវជនម្នាក់ផុងលលាដ៍ក្បាល

ដោយ៖វិចិត្រ

បាត់ដំបង៖ក្រុមក្មេងទំនើង២ក្រុមបានវាយតប់គ្នា ដោយខ្លះប្រើដុំថ្មបង្កឱ្យបុរសម្នាក់បែកភ្នែកម្ខាងនិងផុងលលាដ៏ក្បាលរងរបួសធ្ងន់។សមត្ថកិច្ចចាប់បាន៧នាក់ ហើយរៀបចំសំណុំរឿង នឹងបញ្ជូនទៅតុលាការ។ហេតុការណ៍បានកើតឡើងនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា។

មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា ក្រុមក្មេងទំនើង២ក្រុមបានវាយតប់គ្នាបង្កឱ្យបុរសម្នាក់រងរបួសបែកភ្នែកម្ខាង និងផុងលលាដ៍ក្បាល។បន្ទាប់មានអំពើហឹង្សាកម្លាំងនគរបាលក្រុងបាត់ដំបងបានស្រាវជ្រាវ ហើយឃាត់ខ្លួនភាគីទាំង២បានចំនួន៧នាក់។

ក្រុមជនទំនើងក្រុមទី១-ឈ្មោះ ថា វ៉ាន់ឈុយ-ឈ្មោះ ចាន់ រតនា-ឈ្មោះ ហុងលិក និងឈ្មោះ ចាន់ រដ្ឋា។រីឯក្រុមទី២-ឈ្មោះ សយ វិស៊ិន-ឈ្មោះ លូន ប៊ុនលាប និងឈ្មោះ សំណាង មុន្នី។ចំណែកអ្នករងរបួសធ្ងន់ដោយបែកភ្នែកខាងឆ្វេង និងផុងលលាដ៏ក្បាលដេរ៤០ធ្នេរឈ្មោះ ម៉ា ធឿន ត្រូវគេជួយដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ពួកគេមានអាយុពី១៦ដល់១៨ឆ្នាំនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ក្រោយពេលឃាត់ខ្លួនទាំង២ក្រុមចំនួន៧នាក់ នគរបាលជំនាញបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕