អន្តរជាតិ

តម្លៃប្រេងបានហក់ឡើងវិញខណៈដែលទីផ្សារជួញដូរបានបិទបញ្ចប់ការចេញផ្សាយទិន្នន័យអតិផរណារបស់ប្រទេសចិន

ប្រែសម្រួល៖សហការី

ខណៈដែលចរន្តទីផ្សារជួញដូរបានកាត់បន្ថយសូចនាករអតិផរណារបស់ចិនតម្លៃប្រេងនៅលើទីផ្សារជួញដូរបានហក់ឡើងវិញនៅក្នុងថ្ងៃព្រហស្បតិ៍នេះដែលជាតម្រុយមួយទៀតសម្រាប់ស្ថានភាពបច្ចប្បន្នលើតម្រូវការប្រើប្រាស់ប្រេងរបស់ចិនដែលជាប្រទេសដ៏ធំបំផុតទីពីររបស់ពិភពលោក។

ប្រេងឆៅរបស់ Brent បានហក់ឡើងដល់ ៦២ សេន ឬ ០.៨ ភាគរយដល់ស្មើនឹង ៨០.១៦ ដុល្លារក្នុងមួយបារ៉ែលត្រឹមម៉ោង ១.៤៥ GMT ។ ប្រេងឆៅ WTI របស់អាមេរិកបានឡើងដល់ ៦១ សេន ឬ ០.៨ ភាគរយស្មើនឹង ៧៥.៩៤ ដុល្លារក្នុងមួយបារ៉ែល។

ការឡើងថ្លៃប្រេងនេះកើតឡើងមួយថ្ងៃនៅក្រោយពេលដែលតម្លៃប្រេងរបស់ក្រុមហ៊ុនទាំងនេះធ្លាក់តម្លៃចុះជាង ២ ភាគរយគឺជាកម្រិតទាបបំផុតបើគិតចាប់តាំងពីពាក់កណ្តាលខែកក្កដាមក ក្នុងខណៈដែលមានការព្រួយបារម្ភលើការជាប់គាំងចង្វាក់ផ្គត់ផ្គង់ប្រេងនៅក្នុងតំបន់មជ្ឈិមបូព៌ាដែលឡូវនេះមានសភាពធូរស្រាលឡើងវិញ ហើយតម្រូវការរបស់សហរដ្ឋអាមេរិក និងចិនកាន់តែកើនឡើងច្រើនថែមទៀត។

បើយោងតាមការចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា CPI ខែតុលាបានធ្លាក់ចុះ ០.២ ភាគ រយជារៀងរាល់ឆ្នាំខណៈពេលដែលទិន្នន័យ PPIបានធ្លាក់ចុះ ២.៦ស្របគ្នានឹងទិន្នន័យអតិផរណារបស់ប្រទេសចិនមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ។ ​ការធ្លាក់ចុះដែលមានលក្ខណៈ​ដ៏ទូលំទូលាយ​ស្របគ្នានឹង​​ការ​ស្ទង់​មតិ​របស់ Reuters ដែល​បាន​ព្យាករ​ថា CPI នឹង​ធ្លាក់​ចុះ ០.១ ភាគរយ និង PPI ២.៧ភាគរយ។

បើយោងតាមទិន្នន័យគយបានបង្ហាញកាលពីដើមសប្តាហ៍នេះឃើញថាការនាំចេញទំនិញនិងសេវាកម្មសរុបរបស់ប្រទេសចិនមានសន្ទុះលឿនជាងការរំពឹងទុកចំណែកការនាំចូលប្រេងឆៅរបស់ប្រទេសក្នុងខែតុលាមានសភាពរឹងមាំគួរឲ្យកត់សម្គាល់។

ទេសាភិបាលធនាគារកណ្តាលចិន លោក Pan Gongsheng បាននិយាយថាគេរំពឹងថានឹងសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំរបស់ខ្លួនចំនួន ៥ ភាគរយសម្រាប់ឆ្នាំនេះ។

ទិន្នន័យសារពើភ័ណ្ឌអាមេរិកបានបង្ហាញពីការធ្លាក់ចុះតម្រូវការ ប្រភពបានឲ្យដឹងថា ស្តុកប្រេងឆៅរបស់អាមេរិកបានកើនឡើង ១១.៩ លានបារ៉ែលក្នុងមួយសប្តាហ៍រហូតមកទល់នឹងថ្ងៃទី ៣ ខែវិច្ឆិកា ដោយដកស្រង់តួលេខរបស់វិទ្យាស្ថានប្រេងអាមេរិក [API/S]។

មានព័ត៌មានចេញពីប្រភពថាមពលសហរដ្ឋអាមេរិក (EIA) ថាបានពន្យារពេលក្នុងការចេញផ្សាយទិន្នន័យស្តុកប្រេងប្រចាំសប្តាហ៍រហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា។

កាលពីថ្ងៃពុធ Barclays បានកាត់បន្ថយការព្យាករតម្លៃប្រេងឆៅ Brent នៅក្នុងឆ្នាំ ២០២៤ របស់ខ្លួនចំនួន ៤ ដុល្លាអាមេរិកនៅក្នុងតម្លៃដើមរបស់ប្រេងឆៅដែលលក់ចេញក្នុងតម្លៃ ៩៣ដុល្លារ ក្នុងមួយបារ៉ែល ដោយលើកឡើងថាការផ្គត់ផ្គង់ប្រេងរបស់សហរដ្ឋអាមេរិកមានភាពធន់ និងដោយសារការនាំចូលប្រេងពីប្រទេស Venezuela មានកម្រឹតខ្ពស់នៅក្រោយពេលដែលមានការបន្ធូរបន្ថយទណ្ឌកម្មលើក្រុមហ៊ុនផលិតប្រេងរបស់ប្រទេសអាមេរិកឡាទីនមួយនេះ៕

ប្រភព៖ Reuters