សន្ដិសុខសង្គម

ឃាតកបាញ់សម្លាប់មនុស្សទុកចោលក្នុងរថយន្តនៅប៉ោយប៉ែតមិនទាន់ចាប់បាន

ដោយ៖សុខុម

បន្ទាយមានជ័យ ៖ករណីគេសង្ស័យថាគឺជាបុរសជនជាតិចិនម្នាក់ត្រូវគេបាញ់ស្លាប់ហើយយកសាកសពដាក់ក្នុងរថយន្ត Lexus RX-330 ពណ៌សមួយគ្រឿងផ្លុងចោលនៅចំណត រថយន្តស្ថានីយអ្នកដំណើរទេសចរអន្តរជាតិ ប៉ោយប៉ែត ក្នុងភូមិបណ្ដូងមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មកដល់ព្រឹកថ្ងៃទី៩វិច្ឆិកានេះជនដៃដល់កំពុងស្ថិតនៅក្រៅសំណាញ់ច្បាប់នៅឡើយ។

សមត្ថកិច្ចជំនាញបានប្រាប់ឲ្យដឹងថា នៅព្រឹក ថ្ងៃទី ៧នោះ មានប្រជាពលរដ្ឋ ប្រទះឃើញរថយន្ត១គ្រឿង ចតចោលនៅចំណុចខាងលើកប្រហែល២ថ្ងៃកន្លងមកហើយសង្ស័យ ក៏បានទៅអើតមើលក៏ប្រទះឃើញសពមនុស្សម្នាក់ស្លាប់ក្នុងរថយន្ត បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យសព។

សមត្ថកិច្ចជំនាញបានប្រាប់ថា សពដែលប្រទះឃើញស្លាប់ក្នុងរថយន្តឡិចស៊ីស RX-330 ពាក់ស្លាកលេខ ភ្នំពេញ 2AP-6254 ដេកស្លាប់នៅកៅអីខាងមុខផ្នែកខាងស្តាំ ដែលមានស្នាម៤កន្លែង ត្រូវឃាតក បាញ់ចំក្បាលពីក្រោយធ្លាយមកភ្នែកខាងស្តាំ និងបាញ់សៀតផ្កាខាងឆ្វេងធ្លាយមកស្តាំ។

មន្ត្រីសុខាភិបាលបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាអ្នកស្លាប់ជាបុរសអាយុប្រមាណជិត៣០ឆ្នាំ អាចជាជនជាតិចិន ដែលមានស្នាកស្នាមគ្រាប់បាញ់ទៅលើជនរងគ្រោះបណ្តាលស្លាប់ភ្លាមៗ។តាមការពិនិត្យជាក់ស្ដែង សពទំនងជាស្លាប់រយៈពេល២យប់មកហើយស្ថានភាពហើមមុខឡើងខៀវមើលមិនស្គាល់។

សមត្តកិច្ចបានបញ្ចាក់ឲ្យដឹងបន្តទៀតថាករណីប្រទះឃើញមនុស្សស្លាប់ក្នុងរថយន្តឡិចស៊ីសRX-330 អាចជាករណីឃាតកម្មបាញ់សំលាប់ក្នុងរថយន្តដែលបាញ់កៀកមានស្លាកស្នាមរកឃើញវត្ថុតាងមានសម្បកគ្រាប់ចំនួន ២គ្រាប់ ប្រភេទអាវុធខ្លីម៉ាកឡុក។តាមការសន្និដ្ឋានជនដៃដល់បានទុកជនរងគ្រោះលើរថយន្តហើយគេចខ្លួនបាត់៕