អន្តរជាតិ

កម្ពុជានិរទេសជនជាតិជប៉ុន២៥នាក់ដែលជាប់សង្ស័យលើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត

ប្រែសម្រួល៖ សហការី

អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងថាកាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកានេះថាមានជនជាតិជប៉ុនចំនួន ២៥នាក់ ដែលជាប់សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ត្រូវបាននិរទេសខ្លួនទៅកាន់ប្រទេសជប៉ុនដែលជាប្រទេសដើមកំណើតរបស់ជនសង្ស័យទាំងនោះវិញ។

​លោក ​នាយ​ឧ​ត្ត​ម​សេនីយ៍ កែវ វ៉ាន់ថន អ្នកនាំពាក្យ​នគរបាល​អន្តោប្រវេសន៍របស់ប្រទេសកម្ពុជាបានប្រាប់សារព័ត៌មាន The Associated Press ថា មន្រ្តីប៉ូលិសកម្ពុជាបានទទួលព័ត៌មានពីសមភាគីជប៉ុនថារដ្ឋាភិបាលជប៉ុនបានរៀបចំជើងហោះហើរដ៏សមញ្ញមួយដើម្បីដឹកជញ្ជូនជនសង្ស័យទាំងនេះដែលត្រូវបានឃុំខ្លួនកាលពីខែកញ្ញាត្រឡប់ទៅប្រទេសរបស់ពួកគេវិញនៅក្រោយពេលដែលអ្នក​ទាំង​២៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួននិងឃុំខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ។

លោក ខៀវ សុភ័គ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន លើការគាំទ្រ និងសហប្រតិបត្តិការបានល្អប្រសើរជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់ខ្លួនជនល្មើសទាំងនេះ”បានដោយជោគជ័យ។

អំពើឆបោក​តាម​អ៊ីនធឺណិត​បាន​ក្លាយ​ជា​បញ្ហា​ចម្បង​នៅ​អាស៊ី។

កាលពីខែសីហា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ក្រុមឧក្រិដ្ឋជនបានចាប់បង្ខំមនុស្សរាប់សែននាក់នៅអាស៊ីអាគ្នេយ៍ឲ្យចូលរួមក្នុងកិច្ចប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណេតដោយខុសច្បាប់ រួមទាំងល្បែងស្នេហាក្លែងក្លាយ គម្រោងវិនិយោគក្លែងក្លាយ និងគម្រោងល្បែងស៊ីសងខុសច្បាប់ជាដើម។

នៅក្នុងរបាយការណ៍មួយរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បានដកស្រង់ “ប្រភពដ៏គួរឲ្យទុកចិត្តបាន” និយាយថាយ៉ាងហោចណាស់មានមនុស្សចំនួន ១២០.០០០ នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រហែល ១០០.០០០ នាក់នៅក្នុងប្រទេសកម្ពុជា “បានក្លាយជាជនរងគ្រោះ” ។ របាយ​ការណ៍​នេះ​បាន​បង្ហាញនូវ​ពន្លឺ​ថ្មីមួយ​ស្តី​ពី​អំពើរឆ​បោករបស់​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដែល​បាន​ក្លាយ​ជា​បញ្ហា​ចម្បងដ៏គួរឲ្យព្រួយបារម្ភ​នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍។

កាល​ពី​ខែ​មេសា ជនជាតិ​ជប៉ុន​ចំនួន ១៩ នាក់​​ត្រូវ​បាន​គេ​ដាក់ការ​សង្ស័យថា​បាន​ចូល​រួម​ក្នុង​អំពើ​ឆបោក​តាម​ទូរសព្ទ និង​តាម​អ៊ីនធឺណិត​ក៏​ត្រូវ​បាន​និរទេសខ្លួនចេញពីទឹកដី​​កម្ពុជា​ទៅកាន់​ប្រទេស​កំណើត​របស់ពួកគេវិញ​នៅក្រោយពេល​ចាប់​ខ្លួន​នៅភាគ​ខាង​ត្បូងនៃ​ក្រុង​ព្រះសីហនុ​ពី​បទ​ឆបោក​តាម​អ៊ីនធឺណិត។

អំពើរឆបោកបែបនេះបានក្លាយជាប្រធានបទដ៏រំជើបរំជួលមួយនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន នៅពេលដែលមានរបាយការណ៍ជាច្រើននិយាយអំពីប្រជាជនចិននិងសាសន៍ដទៃទៀតមកពីបណ្តាប្រទេសអាស៊ីផ្សេងៗគ្នា និងមកពីកន្លែងផ្សេងៗទៀតត្រូវបានគេឆបោកដោយប្រើប្រាស់មធ្យបាយអូសទាញឲ្យជនរងគ្រោះទាំងនោះមកធ្វើការនៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ជារឿយៗពួកគេបានរកឃើញថាពួកគេត្រូវបានជាប់នៅក្នុងសភាវៈជាទាសករសិប្បនិម្មិត ហើយត្រូវបានបង្ខំឲ្យចូលរួមក្នុងអំពើឆបោកដែលផ្តោតលើបុគ្គលណាដែលមានប្រើប្រាស់បណ្តាញអ៊ីនធឺណិត។

បណ្តាញឆបោក ដែលជារឿយៗមានទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មឆ្លងដែនត្រូវបានបង្កើតឡើងនៅក្នុងប្រទេសដែលមានអនុវត្តច្បាប់ទន់ខ្សោយ និងប្រព្រឹត្តអំពើឆបោកដើម្បីទាក់ទាញកម្មករវ័យក្មេងៗដែលមានការអប់រំតិចតួចជាមួយនឹងការសន្យាថានឹងទទួលបានប្រាក់ចំណូលខ្ពស់។ ក្រោយមក កម្មករទាំងនោះត្រូវបានគេបង្ខាំងទុកនៅក្នុងទីតាំងលាក់តំបាំងដាច់ដោយឡែកៗពីគ្នា និងរងការគំរាមកំហែងព្រមទាំងប្រើអំពើហិង្សាមកលើពួគេទាំងនោះរហូតដល់ពួកគេយល់ព្រមចូលរួមក្នុងអំពើឆបោកដោយធ្វើការទំនាក់ទំនងមកបុគ្គលផ្សេងៗទៀតតាមទូរសព្ទដោយប្រើវិធីសាស្រ្តឆបោកឲ្យផ្ទេរប្រាក់ទៅក្នុងគណនីធនាគារនៅក្រៅប្រទេសជាដើម៕

ប្រភព៖ AP