អន្តរជាតិ

អាមេរិក និងចិន បើកកិច្ចចរចាក្នុងន័យស្ថាបនាស្តីពីការគ្រប់គ្រងអាវុធនៅក្នុងពិភពលោក

ប្រែសម្រួល៖ សហការី

កាលពីថ្ងៃអង្គារទី ៧ ខែវិច្ឆិកាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានបើកកិច្ចពិភាក្សាក្នុងន័យស្ថាបនាជាមួយប្រទេសចិននៅក្នុងសប្តាហ៍នេះ ស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយអាវុធដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបើកចំហសម្រាប់ការរក្សាទំនាក់ទំនងនៅមុនពេលកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក និងចិននៅក្នុងខែនេះមកដល់។

កាលពីថ្ងៃចន្ទនៅទីក្រុងវ៉ាស៊ីនតោនមន្តី្រអាមេរិកបាននិយាយថា កិច្ចពិភាក្សាស្តីពីការគ្រប់គ្រងអាវុធ ដែលអាមេរិកបានអះអាងថាជាលើកដំបូងបើគិតតាំងពីរដ្ឋបាលលោក អូបាម៉ា ដែលដឹកនាំដោយឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក Mallory Stewart និងលោក Sun Xiaobo ប្រមុខនៃក្រសួងការបរទេសចិន។

នៅក្នុងកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងអាវុធជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលរបស់សហរដ្ឋអាមេរិកដើម្បីបញ្ជៀសការប្រកួតប្រជែងអាវុធរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរដែលនៅមានការខ្វែងគំនិតគ្នាជុំវិញបញ្ហាជាច្រើនដូចជាពាណិជ្ជកម្ម ជម្លោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងនិងមិនឲ្យជម្លោះនេះរាលដាលកាន់តែធំឡើង។

ក្នុងករណីពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនបានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភដែលតាមការប៉ាន់ប្រមាណចិនមាន ក្បាលគ្រាប់ចំនួន ៥០០នេះបើយោងតាមមន្ទីរបញ្ចកោណ តែស្ថិតនៅក្រោមចនួនក្បាលគ្រាប់នៅក្នុងឃ្លាំងអាវុធរបស់អាមេរិក និងរុស្ស៊ី អ្នកវិភាគខ្លះជឿថាការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនអាចបង្កើនហានិភ័យនៃជម្លោះ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា “ភាគីទាំងពីរបានធ្វើការពិភាក្សាយ៉ាងច្បាស់លាស់ និងស៊ីជម្រៅលើបញ្ហាដែលទាក់ទងនឹងការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយអាវុធដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីរក្សាទំនាក់ទំនងបើកចំហ និងទទួលខុសត្រូវក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង PRC” ។

គេបានបន្ថែមថា “សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់លើសារសំខាន់នៃការបង្កើនតម្លាភាពនុយក្លេអ៊ែរ PRC និងការចូលរួមយ៉ាងសំខាន់លើវិធានការជាក់ស្តែងដើម្បីគ្រប់គ្រង និងកាត់បន្ថយហានិភ័យជាយុទ្ធសាស្រ្តនៅទូទាំងដែនដីជាច្រើន រួមទាំងនុយក្លេអ៊ែរលើដី និងបណ្តែតលើលំហអាកាស”។

កាសែតនេះបាននិយាយថា “កិច្ចប្រជុំប្រកបដោយការស្ថាបនានេះ បានធ្វើឡើងបន្ទាប់ពីមានការចូលរួមកម្រិតខ្ពស់សហរដ្ឋអាមេរិកនិងចិននាពេលថ្មីៗនេះ” ដោយលើកឡើងពីកិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន រវាងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិសេតវិមាន Jake Sullivan និងអ្នកការទូតកំពូលរបស់ប្រទេសចិន លោក Wang Yi ។

មន្ត្រីរដ្ឋជាន់ខ្ពស់របស់លោក Biden បាននិយាយកាលពីថ្ងៃទី ៣១ ខែតុលាថាសម្រាប់ប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping មានកិច្ចព្រមព្រៀងជាគោលការណ៍មួយសម្រាប់ពួកគេក្នុងការជួបប្រជុំគ្នានៅ San Francisco ក្នុងខែវិច្ឆិកា ប៉ុន្តែព័ត៌មានលម្អិតសំខាន់ៗចាំបាច់មិនត្រូវផ្សព្វផ្សាយនោះទេ។

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីសម្ថភាពយោធារបស់ទីក្រុងប៉េកាំងដែលត្រូវបានចេញផ្សាយនៅថ្ងៃទី ១៩ ខែតុលាថាប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរក្នុងរង្វង់ប្រតិបត្តិការច្រើនជាង ៥០០ នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ហើយប្រហែលជានឹងមានក្បាលគ្រាប់ជាង ១០០០គ្រាប់ នៅឆ្នាំ ២០៣០ ។

សហរដ្ឋអាមេរិកមានឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល 3៧០០ គ្រាប់ ដែលក្នុងនោះក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រប្រហែល ១,៤១៩ ត្រូវបានដាក់ពង្រាយ។ រុស្ស៊ី​មាន​អាវុធ​នុយក្លេអ៊ែរ​ប្រហែល ១.៥៥០ដើម​ត្រូវ​បាន​ដាក់​ពង្រាយ ហើយ​យោង​តាម​សហព័ន្ធ​អ្នក​វិទ្យាសាស្ត្រ​អាមេរិក ឃ្លាំង​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់រុស្សីមានចំនួន ៤.៤៨៩ គ្រាប់៕

ប្រភព៖ Reuters/fs