សន្ដិសុខសង្គម

សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ចាក់សាក់ពេញខ្លួនតែដើរលួចម៉ូតូ

ដោយ៖វិចិត្រ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានចាប់ជនសង្ស័យម្នាក់ចំណោម២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ។ករណីនេះនៅផ្លូវលេខ១០៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ម្ចាស់ម៉ូតូឈ្មោះ ព្រុំ រ៉ង អាយុ៦០ឆ្នាំ ស្នាក់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។រីឯជនសង្ស័យឈ្មោះ ហៀង រ៉ាស៊ីម អាយុ១៧ឆ្នាំនៅផ្ទះជួល ក្រុម៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ និងម្នាក់ទៀតបានរត់គេចខ្លួន។

ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង សោខ្សៀ១-ដែកសំប៉ែតចុងស្រួច១ដើម-ទូរសព្ទម៉ាក oppo A83 ១គ្រឿង និងម៉ូតូ១គ្រឿងម៉ាកឃ្លីក ផ្លាកលេខបន្ទាយមានជ័យ 1M-8163 បានប្រគល់ឱ្យម្ចាស់ដើមវិញ។ក្រោយមកកម្លាំងជំនាញបាននាំទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការតាមនីតិវិធី ហើយបន្តតាមចាប់បក្ខពួកបន្ថែមទៀត៕