សន្ដិសុខសង្គម

ក្របួចក្រុមជើងកាងពីរក្រុមបន្ទាប់ពីប្រើដុំថ្មដេញគប់គ្នាផុងលលាដ៏ក្បាលនិងខ្វាក់ភ្នែក

ដោយ៖សហការី

បាត់ដំបង៖ សមត្ថកិច្ចខេត្តបាត់ដំបងចុះស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងដើរលេងយប់២ក្រុមក្រោយបើកឆាកដេញគប់គ្នាពេញដងផ្លូវប៉ះពាល់ដល់សន្តិសុខសង្គម។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់ឲ្យដឹងថា អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងនៅថ្ងៃទី០៨ ខែវិច្ឆកា ឆ្នាំ២០២៣នេះកម្លាំងអន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះស្រាវជ្រាវរហូតដល់បង្ក្រាបករណីប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ប្រើប្រាស់ដុំថ្ម និង មួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក )  មួយករណីដែលបានបង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ រួមទាំងភ្ញៀវទេសចរផងដែរបាត់បង់នូវភាពកក់ក្តៅយ៉ាងធ្ងន់ធ្ងរ។

នគរបាលជំនាញដដែលបញ្ជាក់បន្តថាការបង្ក្រាបនេះកម្លាំងមានសមត្ថកិច្ចបាននាំខ្លួនជនបង្កចំនួន២ក្រុម មានគ្នាចំនួន០៧នាក់មកសាកសួរ។ តាមចម្លើយសារភាពក្រុមក្មេងទាំង២ក្រុមបានអះអាងថា នៅវេលាម៉ោង១១និង៣០នាទីជិតរំលងអធ្រាត្រថ្ងៃទី ០៧ ខែវិច្ឆិកា ត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រុមទី១ដែលមានបក្ខពួកចំនួន៤នាក់បានជិះម៉ូតូទៅជេរក្រុមមួយទៀត ទើបធ្វើឲ្យក្រុមទី២ដែលមានគ្នាចំនួន៣នាក់ខឹងសម្បាហើយនាំគ្នាជិះម៉ូតូយកដុំថ្មគប់គ្នាទៅវិញ ទៅមក បណ្តាលអោយរងរបួសម្នាក់ឈ្មោះម៉ា ធឿន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ផុងលលាដ៏ក្បាល និងខ្វាក់ភ្នែកខាងឆ្វេងម្ខាងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តច្បាប់តាមនីតិវិធី៕