អន្តរជាតិ

ប្រទេសចិនមានគេជំពាក់បំណុលលើគម្រោងខ្សែក្រវាត់និងផ្លូវជាង១ពាន់ពាន់លានដុល្លារធ្វើឲ្យចិនក្លាយជាអ្នកប្រមូលបំណុលធំបំផុតនៅលើពិភពលោក

ប្រែសម្រួល៖រតនា

ប៉េកាំង៖ នៅសប្តាហ៍នេះមានសេចក្តីរាយករណ៏មកថាប្រទេសក្នុងគម្រោងខ្សែក្រវាត់ និង​ផ្លូវ​នៅជំពាក់បំណុលចិនជាងមួយពាន់ពាន់លានដុល្លារសម្រាប់កម្ចីលើគម្រោងខ្សែក្រវាត់ និងផ្លូវ ធ្វើឲ្យចិនបានក្លាយទៅជាអ្នកប្រមូលបំណុលធំបំផុតនៅលើពិភពលោក ជាមួយនឹងប្រាក់កម្ចីប្រមាណ ៨០ ភាគរយនៃប្រាក់កម្ចីដែលគាំទ្រដល់ប្រទេសដែលមានបញ្ហាហិរញ្ញវត្ថុទន់ខ្សោយ។

ទីក្រុងប៉េកាំងបានថ្លែងឲ្យដឹងថាមានប្រទេសជាង ១៥០ លាតសន្ធឹងចាប់ពីអ៊ុយរូហ្គាយទៅស្រីលង្កាបានចុះហត្ថលេខាលើគម្រោងខ្សែក្រវាត់ និងផ្លូវ BRI ដែលជាការជំរុញហេដ្ឋារចនាសម្ព័ន្ធពិភពលោកដ៏ធំដែលបានផ្តួចផ្តើមឡើងដោយប្រធានាធិបតី Xi Jinping កាលពីមួយទសវត្សរ៍មុន។

នៅក្នុងទស្សវត្សរ៍ដំបូងក្នុងការចាប់ផ្តើមអនុវត្តនៃគំនិតផ្តួចផ្តើមសម្រាប់គម្រោងនេះឃើញថាប្រទេសចិនបានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនសម្រាប់ជាមូលនិធិក្នុងការសាងសង់ស្ពាន កំពង់ផែ និងផ្លូវហាយវេនៅក្នុងប្រទេសដែលមានប្រាក់ចំណូលកម្រឹតទាប និងកម្រឹតមធ្យម។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo ឈរ​ក្បែរ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន Jakarta-Bandung មុន​ពេល​ធ្វើ​តេស្ត​សាកល្បង​នៅ​ស្ថានីយ Halim ក្នុង​ទីក្រុង Jakarta ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៣។ (Akbar Nugroho Gumay/Pool Photo via AP)

កាលពីថ្ងៃចន្ទ ទី ៦ ខែវិច្ឆិកា AidData ដែលជាវិទ្យាស្ថានស្រាវជ្រាវតាមដានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅ Virginia’s College of William and Mary បានចេញផ្សាយរបាយការណ៍ថាច្រើនជាងពាក់កណ្តាលនៃប្រាក់កម្ចីទាំងនោះឥឡូវនេះបានចូលដល់ដំណាក់កាលសងប្រាក់ដើមរបស់ពួកគេ។

តួលេខ​នោះ​ត្រូវ​បាន​កំណត់​ឡើង​ដល់ទៅ ៧៥ ភាគរយ​នៅ​ចុង​ទសវត្សរ៍​នេះ។

AidData បាននិយាយថា ទីក្រុងប៉េកាំងបានសន្យាផ្តល់ជំនួយ និងឥណទាន “ប្រមាណ ៨០ ពាន់លានដុល្លារក្នុងមួយឆ្នាំ” ដល់ប្រទេសដែលមានចំណូលកម្រឹតទាប និងកម្រឹតមធ្យ។

ចំណែកសហរដ្ឋអាមេរិកក៏បានផ្តល់ប្រាក់ចំនួន ៦០ ពាន់លានដុល្លារដល់ប្រទេសបែបនេះក្នុងមួយឆ្នាំ។

របាយការណ៍បានសរសេរថា “ទីក្រុងប៉េកាំងកំពុងស្វែងរកតួនាទីជាអ្នកប្រមូលបំណុលផ្លូវការដ៏ធំបំផុតរបស់ពិភពលោក” ។

AidData បាននិយាយថា “បំណុលដែលនៅសេសសល់សរុបរួមទាំងប្រាក់ដើម ប៉ុន្តែមិនរាប់បញ្ចូលការប្រាក់ពីអ្នកខ្ចីក្នុងប្រទេសកំពុងអភិវឌ្ឍន៍គឺយ៉ាងហោចណាស់ ១.១ លានលានដុល្លារ” ។

AidData បានបន្ថែមថាបើតាមការ “ប៉ាន់ប្រមាណថា ៨០% នៃផលបត្រកម្ចីនៅបរទេសរបស់ប្រទេសចិនក្នុងប្រទេសកំពុងអភិវឌ្ឍន៍បច្ចុប្បន្នកំពុងជួយដល់ប្រទេសដែលមានបញ្ហាហិរញ្ញវត្ថុ”។

អ្នកគាំទ្រ BRI សរសើរថាគម្រោងនេះសម្រាប់ការនាំយកធនធាន និងកំណើនសេដ្ឋកិច្ចទៅកាន់សកលលោកនៅប៉ូលខាងត្បូង។

ផ្ទុយទៅវិញសម្រាប់អ្នកដែលមានជំហរប្រឆាំងនឹងគម្រោងនេះ​បាន​បង្ហាញ​ជា​យូរ​មក​ហើយ​ចំពោះ​ការ​កំណត់​តម្លៃ​ដ៏អាប់អួមួយខ្វះតម្លាភាពសម្រាប់​គម្រោង​ដែល​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​ចិនមានប្រទេសមួយចំនួន​រួម​ទាំង​ប្រទេស​ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ាក៏​បាន​ចរចា​ឡើងវិញ​នូវ​កិច្ចព្រមព្រៀងនេះផងដែ​រដើម្បី​កាត់បន្ថយ​ការចំណាយ។

AidData បានបន្ថែមថា ប្រទេសចិនបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍នេះបើយោងតាមអត្រានៃការយល់ព្រមលើគម្រោងរបស់ខ្លួនបានធ្លាក់ចុះពី ៥៦ ភាគរយក្នុងឆ្នាំ ២០១៩ មកនៅត្រឹម ៤០ ភាគរយនៅក្នុងឆ្នាំ ២០២១។

ការសិក្សានេះបាននិយាយថាប្រទេសចិនកំពុង “សិក្សារឡើងវិញពីចំណុចខ្វះខាតរបស់ខ្លួនដែលធ្វើឲ្យចិនក្លាយជាអ្នកគ្រប់គ្រងវិបត្តិបំណុលកាន់តែជំនាញថែមទៀត”។

ទីក្រុងប៉េកាំងកំពុងស្វែងរកការលុបបំបាត់ហានិភ័យសម្រាប់គម្រោង BRI ដោយអនុវត្តវិធីសាស្ត្រផ្តល់ប្រាក់កម្ចីរបស់ខ្លួនឲ្យស្របតាមស្តង់ដារអន្តរជាតិ។

វិធីសាស្រ្តទាំងនោះគឺ “វិធានការរឹតបន្តឹងដើម្បីការពារហានិភ័យក្នុងការមិនបានទទួលសំណង” ។

មានរាប់បញ្ចូលទាំងការអនុញ្ញាតឱ្យអ្នកទទួលប្រាក់កម្ចីសម្រាប់គម្រោង BRI សំខាន់ៗ ទូទាត់ប្រាក់ដើម និងការប្រាក់ដល់ខ្លួនតាមរយៈ “ការជម្រះបញ្ជីជាឯកតោភាគី” រក្សាទុកនូវទុនបម្រុងរូបិយប័ណ្ណបរទេសរបស់អ្នកខ្ចីដែលរក្សាទុកត្រូវតម្កល់ជាប្រាក់ធានាបំណុល។

AidData បានិយាយថា “ការរឹបអូសយកសាច់ប្រាក់ទាំងនេះភាគច្រើនត្រូវបានប្រតិបត្តិដោយសម្ងាត់ និងក្រៅប្រព័ន្ធគ្រប់គ្រងរបស់ស្ថាប័នត្រួតពិនិត្យក្នុងស្រុករបស់ប្រទេសដែលមានចំណូលទាប និងមធ្យម”។

“លទ្ធភាពទទួលបានវត្ថុតម្កល់ធានាបំណុលដោយមិនចាំបាច់មានការយល់ព្រមពីអ្នកកម្ចីបានក្លាយជាវិធានការដ៏សំខាន់សម្រាប់ការពារហានិភ័យជាពិសេសនៅក្នុងផលបត្រប្រាក់កម្ចីទ្វេភាគីរបស់ចិន” ។

នៅក្នុងកិច្ចប្រជុំកំពូលដ៏ធំមួយនៅទីក្រុងប៉េកាំងកាលពីខែមុនដែលជាការប្រារព្ធខួបលើកទីដប់នៃគម្រោងនេះ លោក Xi បាននិយាយថាប្រទេសចិននឹងបញ្ចូលមូលនិធិថ្មីជាង ១០០ ពាន់លានដុល្លារទៅក្នុងគម្រោង BRI ។

បើយោងតាមរបាយការណ៍រួមនៅក្នុងឆ្នាំនេះរៀបរៀងដោយធនាគារពិភពលោក និងស្ថាប័នផ្សេងទៀត រួមទាំង AidData បាននិយាយថា ទីក្រុងប៉េកាំងត្រូវបានរងសម្ពាធយ៉ាងខ្លាំងដែលចាំបាច់ត្រូវបង្ខំចិត្តផ្តល់ប្រាក់កម្ចីសម្រាប់សង្គ្រោះហានិភ័យអស់រាប់ពាន់លានដុល្លារថែមទៀតសម្រាប់ប្រទេស BRI នៅក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ។

សម្រាប់គម្រោងគំនិតផ្តួចផ្តើមនេះក៏បានផ្តោតទៅលើការត្រួតពិនិត្យនិងតាមដានវិសាលភាពដ៏ធំធេងគ្របតណ្តប់របស់កាបូននិងការរិចរិលបរិស្ថានដែលបណ្តាលមកពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយនេះផងដែរ៕

ប្រភព៖ AFP