ព័ត៌មានជាតិ

មានបេក្ខជនចំនួន១២០នាក់នៅខេត្តកំពង់ចាមមិនបានចូលរួមប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំនេះ

ដោយ៖ គង់ហេង

កំពង់ចាម៖ មានបេក្ខជនចំនួន ១២០ នាក់ ក្នុងចំណោមបេក្ខជនសរុបជិត មួយម៉ឺន នាក់ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសក្សាទុតិយភូមិដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងខេត្តកំពង់ចាម គឺមានអ្នកអវត្តមានមិនបានចូលរួមការប្រឡងនេះភាគច្រើន នៃអ្នកអវត្តមានជាបេក្ខជនស្វៃរិន។ នេះបើតាមការឱ្យដឹងពីលោក លី ម៉េងសាន ជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នៅថ្ងៃទី ៦ វិច្ឆិកានេះ។

លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹងថា សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេលពីរថ្ងៃចាប់ថ្ងៃទី ៦-៧ វិច្ឆិកា ខេត្តកំពង់ចាមមានបេក្ខជនសរុបចំនួន ៨.៨៩៦ នាក់ មានមណ្ឌលប្រឡងចំនួន ១៤ ស្មើនឹង ៣៥៨ បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួន ប្រាំ មណ្ឌល ស្មើនឹងចំនួន ១៣០ បន្ទប់ និងមានបេក្ខជនចំនួន ៣.២១៥ នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ប្រាំបួន មណ្ឌល ស្មើនឹងចំនួន ២២៨ បន្ទប់មានបេក្ខជនចំនួន ៥.៦៨១ នាក់។ ដោយដំណើរការប្រឡងបានប្រព្រឹត្តដោយរលូន មិនមានលេចចេញជាបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ តាមការប្រឡងចំនួនមួយព្រឹកថ្ងៃដំបូងនេះ។

លោកបានបន្តថា ដោយគ្រាន់តែ បានរកឃើញបេក្ខជនអវត្តមានមិនបានចូលរួមការប្រឡងនេះចំនួន ១២០ នាក់ ក្នុងនោះស្រីចំនួន ៦២ នាក់ ដោយភាគច្រើន នៃអ្នកមិនបានមកប្រឡងទាំងនោះជាបេក្ខជនស្វៃរិន ទំនងជាប់រវល់ការងារ ឬចេញទៅក្រៅប្រទេស៕