សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យសម្លាប់មនុស្សម្នាក់ពេលចេញពីមើលល្ខោនទៅតុលាការ

ដោយ៖វិចិត្រ

កំពង់ឆ្នាំង៖សមត្ថកិច្ចបានស្រាវជ្រាវចាប់ជនសង្ស័យ ហើយបានបញ្ជូនទៅតុលាការ ករណីប្រើកាំបិតផ្គាក់លបកាប់បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូឌុបគ្នាចេញពីមើលល្ខោន។អំពើឃាតកម្មនេះបានកើតឡើងនៅមុខវត្តថ្មកែវ ភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បន្ទាប់ពីមានការកាប់ប្រហារបណ្តាលឱ្យមានស្លាប់និងរបួស កាលពីថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២៣ ផ្នែកជំនាញបានស្រាវជ្រាវឈានទៅចាប់បានជនសង្ស័យម្នាក់ ឈ្មោះ វ៉ាន់ ដែន អាយុ១៨ឆ្នាំនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ ច្រឹក ខាត់ អាយុ១៨ឆ្នាំនៅភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាបៀរ រីឯអ្នករងរបួសមិនបានបញ្ជាក់ឈ្មោះ។

មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីមើលល្ខោន។ខណៈជនសង្ស័យលបកាប់ពីក្រោយ ធ្វើឱ្យស្លាប់និងរបួសតែម្តង។ករណីនេះជនដៃដល់បានប្រាប់សមត្ថកិច្ចថា មូលហេតុមកពីមានគំនុំពីពេលមុនមក៕